កសិករ​មួយ​ចំនួន​ងាក​មក​ដាំ​ចក​អាសូឡា​លក់​ធ្វើ​ជា​ចំណី​សត្វ

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រកបរបរ​កសិកម្ម បាន​ងាក​មក​ចាប់​របរ​ដាំ​ចក​អាសូឡា(Azolla)លក់​ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​រុក្ខជាតិ​ប្រភេទ​នេះ​មាន​ទី​ផ្សារ​ក្នុង​វិស័យ​កសិកម្ម​ដោយ​យក​ធ្វើជា​ចំណី​សត្វ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ក្រសួងកសិកម្ម និង​ពលរដ្ឋ​ពង្រីក​មុខរបរ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ចំណី​សត្វ​ក្នុងស្រុក ដោយ​កាត់បន្ថយ​ការនាំចូល​ពី​បរទេស។ក្រៅពី​ការ​ធ្វើស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ ការ​ដាំ​ចក​អាសូឡា(Azolla) កំពុង​ក្លាយ​ជា​របរ​ពេញ​និយម​មួយ​សម្រាប់​ពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​ចំនួន ដោយ​ពួកគេ​បាន​ដាំ​រុក្ខជាតិ​នេះ ធ្វើជា​ចំណី​សត្វ និង​លក់​ប្រចាំថ្ងៃ។

ម្ចាស់​កសិដ្ឋាន​ដាំ​ចក​អាសូឡា(Azolla)​នៅ​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោកស្រី ភាន ឆេងមុំ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោកស្រី​បាន​ផ្លាស់ប្ដូរ​មុខរបរ​ពី​ការ​ចិញ្ចឹម​ត្រី មក​ដាំ​ចក​លក់​ជាង​៣ឆ្នាំ​មក​ហើយ បន្ទាប់ពី​សង្កេតឃើញ​រុក្ខជាតិ​នេះ​មាន​ទីផ្សារ​សម្រាប់​យក​ធ្វើជា​ចំណី​សត្វ​គ្រប់​ប្រភេទ។ លោកស្រី​បន្ត​ថា របរ​នេះ​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​លោក​ស្រីប្រសើរ​ជាង​មុន ព្រោះ​ការ​ដាំដុះ​ចំណាយ​ដើមទុន​តិច ទទួល​បាន​ទិន្នផល​ខ្ពស់ និង​មាន​អតិថិជន​ចាំ​ទិញ​រៀងរាល់ថ្ងៃ។ លោកស្រី​បន្ថែម​ថា ក្នុងមួយថ្ងៃ​លោកស្រី​អាច​លក់​ចក​បាន​ប្រាក់​ពី ១០ ទៅ​២០ម៉ឺន​រៀល ដោយ​ចក​មួយ​គីឡូ​មាន​តម្លៃ​៥ពាន់​រៀល។

លោកស្រី ភាន ឆេងមុំ៖«ដំបូង​ខ្ញុំ​ជា​អ្នក​ចិញ្ចឹម​ត្រី​ទេ។ ពេល​ដែល​ខ្ញុំ​ចិញ្ចឹម​ត្រី គេ​ថា(ចក)អាសូឡា​នេះ​ត្រី​ស៊ី​ទៅ​វា​លក្ខណៈ​ធម្មជាតិ វា​សុខភាព​ល្អ អ៊ីចឹង​ខ្ញុំ​ក៏​ចាប់ផ្ដើម​ដាក់​មួយ​អាង ហើយ​ខ្ញុំ​ក៏​ថត​វីដេអូ​ចូល​ទៅ​ក្នុង​យូធូប បង្ហោះ​ចូល​យូរៗ​ទៅ​ស្រាប់តែ​វា​ផ្ទុះ​រឿង​ចិញ្ចឹម​ត្រី​ឱ្យ​ស៊ី​អាសូឡា​ហ្នឹង។ ក្រោយ​មក​ក៏​មាន​បងប្អូន​យើង​សុំ​ទិញ​ពូជ​ខាង​ខ្ញុំ។ អា​ហ្នឹងឯង​ដែល​ជំរុញ​ខ្ញុំ​ឱ្យ​ក្លាយ​ជា​អ្នក​លក់​ចក​អាសូឡា​ដល់​ឥឡូវ»។

លោកស្រី ភាន ឆេងមុំ បាន​ទិញ​ពូជ​ចក​នេះ​ពី​ខេត្ត​តាកែវ យក​មក​ដាំ​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​កសិដ្ឋាន​ចក​អាសូឡា របស់​លោកស្រី​មាន​អាង​ដាំ​ចក​ជាង​៤០ ដោយ​ក្នុង​អាង​មួយ​លោកស្រី​អាច​ប្រមូល​ផល​ចក​បាន​ទម្ងន់​ជាង​៣រយ(៣០០)គីឡូក្រាម ក្នុង​មួយ​ខែ។ ក្រៅពី​កា​រលក់​ចក លោកស្រី​ក៏បាន​ចែករំលែក​ចំណេះ​ដឹង ទាក់ទង​នឹង​បច្ចេកទេស​ដាំ​ចក​ដោយ​ផ្ទាល់ និង​តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក(Face​book) និង​យូធូប(You tube)ផង​ដែរ។

កសិករ​ចិញ្ចឹម​សត្វ​នៅ​ស្រុក​តាំងគោក លោក ជុំ វែង ដែល​ជា​អតិថិជន​របស់​លោកស្រី ភាន ឆេង​មុំ​ ឱ្យ​ដឹង​ថា លោក​ទិញ​ចក​នេះ​ឱ្យ​មាន់ទា​ស៊ី ដោយសារ​វា​អាច​កាត់បន្ថយ​ការ​ចំណាយ​លើ​ចំណី​ដែល​ទិញ​ស្រាប់ បាន​ជាង៦០ភាគរយ និង​ថែមទាំង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ជួយ​ដល់​ការលូតលាស់​ទៀត​ផង។ លោក​បន្ថែម​ថា ការ​យក​ចក​ធ្វើជា​ចំណី​សត្វ មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​ជាង​កា​រដាក់​ចំណី​ផលិត​ដោយ​រោងចក្រ ដែល​អាច​មាន​ជាតិគីមី​ផ្សេងៗ និង​បង្ក​ជា​ជំងឺ។

លោក ជុំ វែង៖«សត្វ​យើង​វា​ធំធាត់​លឿន សុខភាព​ក៏​វា​ល្អ​ដែរ ព្រោះ​ស៊ី​បន្លែ។ យើង​យក​ទៅ​ដាំ អ៊ីចឹង​យើង​ចំណេញ​នឹង​ដាំ ទុក​ឱ្យ​វា​ស៊ី​បន្ត​រាល់ថ្ងៃ​ទៅ ណាមួយ​យើង​អត់​សូវ​ចុះ​ចំណី​ផង»។

មិន​ត្រឹមតែ​កសិករ​នៅ​ខេត្ត​កំពង់ធំ តែមួយ​ប៉ុណ្ណោះ​ទេ ដែល​ដាំ​ចក​អាសូឡា សម្រាប់​លក់ និង​ប្រើប្រាស់​ធ្វើជា​ចំណី​សត្វ កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត បាន​សាកល្បង​រុក្ខជាតិ​ប្រភេទ នេះ ដើម្បី​ចែកចាយ​ទៅ​ឱ្យ​កសិករ​ក្នុង​សហ​គម​របស់​ពួកគាត់។

កសិករ​ម្នាក់ទៀត​នៅ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោក នី អ៊ុង ឱ្យ​ដឹង​ថា លោក​បាន​ដាំ​ចក​អាសូឡា សម្រាប់​ធ្វើជា​ចំណី​ឱ្យ​មាន់ និង​ទា ជាង​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ទទួល​បាន​ការណែនាំ​ពី​របៀប​ដាំ និង​អត្ថប្រយោជន៍ ដែល​លោកស្រី ភាន ឆេងមុំ បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​រៀបរាប់​ថា លោក​ដាំ​ចក​អាសូឡា តែ​៣អាង​តែប៉ុណ្ណោះ អាច​​​យក​ធ្វើជា​ចំណី​មាន់ និង​ទា បាន​រហូតដល់​ជាង​២រយ​ក្បាល​(២០០) និង​កាត់បន្ថយ​ការប្រើប្រាស់​ចំណី​សត្វ​ដែល​ទិញ​ពី​ខាងក្រៅ រហូត​ដល់​ទៅ​៨០ភាគរយ។ លោក នី អ៊ុង ណែនាំ​ឱ្យ​កសិករ​ចិញ្ចឹម​មាន់ និង​ទា ដទៃ​ទៀត គួរតែ​សាកល្បង​ដាំ​ចក​អាសូឡា សម្រាប់​ធ្វើជា​ចំណី​សត្វ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ចំណី​សត្វ ដែល​នាំចូល​មក​ពីក្រៅ​ប្រទេស។

លោក នី អ៊ុង៖«កាលពីឆ្នាំមុន ខ្ញុំ​ប្រើ​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​អត់មាន​បច្ចេកទេស រលួយ​ងាប់​អស់​ទៅ ខ្ញុំ​លែង​ប្រើ​មួយ​រយៈ​មក ដល់ពេល​ខ្ញុំ​ឃើញ​តាម​ហ្វេសប៊ុក និង​យូធូប មួយ​សារ​ទៀត​ខ្ញុំ​ក៏​សម្រេច​ចិត្ត។ ឃើញ​គាត់​ណែនាំ​ពី​របៀប​ដាំ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាំ​មួយ​សារ​ទៀត ដល់ពេល​ប្រើ​ជី​ទៅ​បាន​ដាំ​កើត។ បើ​កាលពីមុន​ខ្ញុំ​ដាក់​អាចម៍គោ និង​អាចម៍មាន់»។

ចក​អាសូឡា ជា​ប្រភេទ​វារីជាតិ​ជាតិ​ម្យ៉ាង​ដែល​ដែល​ដុះ​ក្នុង​ទឹក និង​សម្បូរ​ដុះ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា ឥណ្ឌា(India) ​កូរ៉េ(Korea) ​ចិន(China) ​ជប៉ុន(Japan) ​និង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្រ្វិក​(Africa)។ អាសូឡា​មាន​ស្លឹក​ពណ៌បៃតង​ល្អិតៗ​នៅ​ជាប់គ្នា ដូច​ពងត្រី ហើយ​ការ​ដាំដុះ​រុក្ខជាតិ​ប្រភេទ នេះ មិន​ធ្វើ​ឱ្យ​ស្អុយ​ទឹក​ដូច​ចក​អាចម៍​ទា​នោះ​ទេ។

កសិករ​អាច​ដាំ​ចក​អាសូឡា ក្នុង​អាង​ធ្វើ​ពី​សំពត់កៅស៊ូ មាន​ជម្រៅ​ពី ១០​សង់ទីម៉ែត្រ ទៅ ២០​សង់ទីម៉ែត្រ និង​ទំហំ ៥​ម៉ែត្រ គុណ​នឹង ១៥​ម៉ែត្រ ឬ​ទំហំ ៣ម៉ែត្រ គុណ​នឹង ២០ម៉ែត្រ ដោយមាន​ប្រក់​សំណាញ់​ការពារ​កម្ដៅ​ថ្ងៃ។ បន្ទាប់ពី​បញ្ចូល​ទឹក​ដែល​គ្មាន​ជាតិកំបោរ​ទៅ​ក្នុង​អាង ដោយ​ដាក់ជី។ ក្នុងរយៈពេល​ពី​១០ ទៅ​១៥ថ្ងៃ គេ​អាច​ប្រមូល​ផល​ចក​អាសូឡា នេះ​បាន និង​ទុក​ពូជ​វា​នៅ​ក្នុង​អាង​ឱ្យ​ដុះ​បន្ត ដោយ​ត្រូវ​ជី និង​បញ្ចូល​ទឹក​បន្ថែម។

ចក​អាសូឡា មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ដែល​អាច​​​យក​ធ្វើជា​ចំណី​សត្វ​គ្រប់​ប្រភេទ​ដូចជា ត្រី ជ្រូក មាន់ ទា គោ អណ្ដើក និង​ក្រួច​ជាដើម។ គេ​អាច​​​យក​វា​ទៅ​ដាក់​ឱ្យ​សត្វ​ស៊ី​ទាំងស្រស់ ឬ​កិន​លាយ​ជាមួយ​ចំណី​ផ្សេងទៀត។ ភាគច្រើន​កសិករ​ទិញ​ចក​នេះ​ទៅ​ដាំ​ខ្លួនឯង​បន្ត​ក្នុង​អាង​ទឹក ដើម្បី​ឱ្យ​វា​ដុះ​បំបែក​ខ្លួន​បាន​កាន់តែ​ច្រើន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃ​ទី១២ មិថុនា។
ជុំវិញ​រឿង​នេះ នាយក​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញ​ថា ការ​ដាំ​ចក​ធ្វើជា​ចំណី​សត្វ គឺជា​ការចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ស្បៀងអាហារ និង​ការ​ទិញ​ចំណី​ស្រាប់​ពី​រោងចក្រ​ដែល​មាន​តម្លៃ​ថ្លៃ។ លោក​បន្ត​ថា ក្រៅពី​នេះ​វា​នឹង​ក្លាយ​ជា​មុខរបរ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ដែល​អាច​រកចំណូល​សមរម្យ​ផ្គត់​ផ្គត់​គ្រួសារ​បាន​ផង​ដែរ។ លោក​ជំរុញ​ឱ្យ​ក្រសួង និង​មន្ទីរ​កសិកម្ម​ពង្រីក​ទីផ្សារ​ និង​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​នេះ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឈាន​ទៅដល់​ការ​ផ្គត់ផ្គង់​ចំណី​សត្វ​ទូទាំង​ប្រទេស​ដោយ​ប្រើ​ចក​ប្រភេទ​នេះ។

លោក ប៉ឹក សោភ័ណ៖ «អ៊ីចឹង​ប្រសិនបើ​សហគមន៍​គាត់​មានគំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​កែច្នៃ​របស់​ដែល​មាន​នៅ​ក្នុង​សហគមន៍​ហ្នឹង​ឱ្យ​ទៅជា​របស់​មានប្រយោជន៍​ក្នុង​ការ​ប្រើប្រាស់ ហ្នឹងហើយ​គឺជា​និរន្តរភាព​ទៅដល់​ការ​លើក​កម្ពស់​ជីវភាព​របស់​គាត់ ហើយ​វា​កាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ។ ដូច្នេះ​ការ​ពង្រឹង​ឱ្យ​សហគមន៍​ដាំ​ចក ឬ​ដាំ​ដំណាំ​ផ្សេងៗ​ដែល​វា​អាច​ឆ្លើយតប​តម្រូវ​ការ​នៅ​មូលដ្ឋាន វា​ជា​រឿង​មួយ​ល្អ​ប្រសើរ»។

កសិករ​ចិញ្ចឹម​សត្វ​ភាគច្រើន​តែងតែ​ទិញ​ចំណី​ពី​រោងចក្រ​ឱ្យ​សត្វ​ស៊ី ដោយ​ក្នុង​មួយ​ការុង​មាន​តម្លៃ​ជាង​៤ម៉ឺន (៤០.០០០)ទៅ​៦ម៉ឺន​រៀល(៦០.០០០) ឬ​ធ្វើ​ចំណី​ឱ្យ​ខ្លួនឯង ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ដូចជា​កន្ទក់ ដើម​ចេក ពោត ឬ​បន្លែ​ផ្សេងៗ។ ថ្វីត្បិត​ការ​ផ្ដល់​ចំណី​បែប​នេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ ប៉ុន្តែ​ការ​ចំណាយ​ក៏​ច្រើន​ដូចគ្នា ដែល​ធ្វើ​ឱ្យ​កសិករ​ខ្លះ មិនសូវ​ទទួល​បាន​ប្រាក់ចំណេញ ឬ​ខាតទុន​ជាដើម។

កសិករ និង​មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ការ​ដាំ​ចក​អាសូឡា នៅ​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ ដោយសារ​កសិករ​នៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ពី​អត្ថប្រយោជន៍​រុក្ខជាតិ​នេះ។ ពួកគាត់​លើកឡើង​ថា ប្រសិនបើ​មានការ​ជំរុញ​ពី​ក្រសួង​កសិកម្ម ឬ​អង្គការ ក្នុង​ការ​ផ្សព្វផ្សាយ ​ផ្ដល់​បច្ចេកទេស​តាម​ស្តង់ដារ និង​ពង្រីក​ទីផ្សារ រុក្ខជាតិ​មួយ​នេះ​អាច​បំពេញ​តម្រូវ​ការ ឬ​កែច្នៃ​ធ្វើជា​ចំណី​សត្វ​ដែល​អាច​ផ្គត់ផ្គង់​ទូទាំង​ប្រទេស​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។