ល្បែងស៊ីសងតាមអនឡាញ ក្នុងមូលដ្ឋានមួយចំនួននៅតែបន្តដំណើរការ
2023.02.05
ការភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Online) នៅតែបន្តកើតមានច្រើន ដោយសារតែអាជ្ញាធរមូលដ្ឋានទទួលលុយសំណូកពីម្ចាស់អាជីវកម្មដែលបើកល្បែងភ្នាល់តាមអនឡាញ។ មន្ត្រីសង្គមស៊ីវិលជំរុញដល់រដ្ឋាភិបាលគួរបោសសម្អាតមន្ត្រីពុករលួយតាមមូលដ្ឋានជាមុនសិន ទើបអាចចាត់វិធានការលើល្បែងភ្នាល់តាមអនឡាញនេះមានប្រសិទ្ធភាព។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅដែលណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទនោះ អាចគ្រាន់ជាវិធានការភ្លើងចំបើង ដ្បិតមន្ត្រីអាជ្ញាធរតាមមូលដ្ឋានមួយចំនួននៅតែប្រព្រឹត្តអំពើពុករលួយទទួលលុយកាកពីឈ្មួញ ដើម្បីឱ្យបន្តអាជីវកម្មការភ្នាល់ល្បែងតាមអនឡាញ។
ទោះជាយ៉ាងណា មកទល់ពេលនេះ ការភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល កំពត កែប និងខេត្តបន្ទាយមានជ័យ ជាដើម នៅតែបន្តដំណើរការជាធម្មតាដោយគ្មានអាជ្ញាធរចុះបង្ក្រាបឡើយ។ ក្រៅពីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀតបើទោះជាពុំមានការចាក់ភ្នាល់ល្បែងតាមអេក្រង់ទូរទស្សន៍ដូចមុននោះ ក៏ក្រុមឈ្មួញងាកមកប្រើ (iPad) ជំនួសវិញ។
អ្នករត់ម៉ូតូឌុបម្នាក់ក្នុងខេត្តកំពត លោក មាស វាសនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែកុម្ភៈ ថា ល្បែងចាក់ភ្នាល់តាមអនឡាញនៅក្រុងកំពតនៅតែបន្តកើតមានច្រើន។ លោកបញ្ជាក់ថា នៅតាមតូបកាហ្វេគេមិនលេងបើកចំហដូចមុននោះទេ ដោយនៅតាមតូបខ្លះគេបិទបាំងវាំងននលេងខាងក្នុងផ្ទះ។ លោកអះអាងថា អាជ្ញាធរខេត្តកំពតមិនចាត់វិធានការលើអ្នកបើកល្បែងភ្នាល់តាមអនឡាញទាំងនោះទេ ដោយសារតែមន្ត្រីមួយចំនួនទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញទាំងនោះ៖
«សម្ដីលោកសម្ដេច លោក ហ៊ុន សែន និយាយឱ្យចំទៅសម្ដីបានមែន ប៉ុន្តែកូនចៅគាត់នៅខាងក្រោមអត់អនុវត្តតាម។ ចៅហ្វាយខេត្តក៏ដោយ លោក ម៉ៅ ធនិន គាត់បញ្ជាមែនក៏ប៉ុន្តែអ្នកក្រោមៗគាត់អត់មានធ្វើការ គាត់នៅរបៀបពុករលួយស៊ីលុយ ឱ្យលុយគាត់ [អាជ្ញាធរ]បានគាត់ឱ្យលេង ហើយលេងហ្នឹងយូរៗចាប់ម្ដង។ អានេះដូចបណ្ដោយជាភ្នាក់អ៊ីចឹងលេងហើយចាប់ម្ដងហើយរួច ឱ្យរួចហើយប្រហែលជាមួយខែ ឬពីរខែក្រោយបើកមកវិញដដែល»។
ចំណែក ពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងសុំមិនបញ្ចេញឈ្មោះថា នៅតាមតូបកាហ្វេ និងតាមផ្ទះពលរដ្ឋមួយចំនួនក្នុងក្រុងនៅតែបើកដំណើរល្បែងចាក់ភ្នាល់តាមប្រព័ន្ធអនឡាញក្រោមរូបភាពលក់អីវ៉ាន់ចាប់ហ៊ួយនៅខាងមុខផ្ទះ។ ប្រភពដដែលបញ្ជាក់ថា ចំណែកបញ្ហាចោរកម្មដូចជា ការឆក់ ប្លន់ គាស់ផ្ទះសម្បែងវិញនៅក្រុងប៉ោយប៉ែតក៏គ្មានការថមថយនោះដែរ។ លោករិះគន់ថា ការណ៍ដែលរដ្ឋាភិបាលគ្មានយន្តការលុបបំបាត់គ្រប់គ្រងល្បែងស៊ីសងឱ្យមានប្រសិទ្ធភាព គឺជាដើមចមសំខាន់បង្កឱ្យមានបទល្មើសឧក្រិដ្ឋនានាក្នុងសង្គម៖
«ភាគច្រើនបើគេលេង គេមានហាងដូចមានផ្ទះអាហ្នឹងគេសុទ្ធតែមានសែទើបទៅបាន បើដូចយើងគេមិនឱ្យចូលទេ។ ទោះបីជានាយករដ្ឋមន្ត្រីនិយាយម៉េច បើខាងក្រោមនៅតែលេង នៅតែបិទបាំងរហូត។ វាអាចឃុបឃិតគ្នា ប្រសិនជាមិនឃុបឃិតគ្នាទេ ក៏លេងមិនកើតដែរ។ អ៊ីចឹងមានឃុបឃិតគ្នាឱ្យលុយ ប្រសិនជាមិនឃុបឃិតគេបិទហើយបាទ។ យើងចេះតែភ័យទីមួយលេងល្បែងស៊ីសងកាលណាពេលចាញ់ពេលអ៊ីចឹងទៅរកឯណាមិនបាន ដើរលួចឆក់ប្លន់»។
ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តកំពត លោក ម៉ៅ ធនិន និងស្នងនគរបាលខេត្តនេះគឺ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេ។ ចំណែក អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃទី៥ ខែកុម្ភៈ។
រីឯ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ បានបញ្ចេញប្រតិកម្មទៅនឹងនៃការរាយការណ៍របស់ពលរដ្ឋទាំងនេះ។ លោកបន្តថា កម្ពុជាមានសុខសន្តិភាព ហើយក្នុងក្រុងប៉ោយប៉ែតពុំមានការបើកល្បែងសងភ្នាល់តាមអនឡាញទៀតនោះទេ៖
«ប្រជាពលរដ្ឋមួយណា? កុំចេះតែលើកប្រធានបទដែលអត់មានមូលដ្ឋាន គាត់ព្រួយបារម្ភអីអត់មានអីព្រួយបារម្ភទេគេមានសុខសន្តិភាពតើបងចេះតែព្រួយបារម្ភឯណា? បងៗឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យជួបគ្នាជាមួយខ្ញុំ។ ឥឡូវនេះបងនៅទីណា? បងមកជួបខ្ញុំផ្ទាល់ ខ្ញុំនឹងនាំបងជូនខ្ញុំទៅខ្ញុំធ្វើការជូន»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីចុងឆ្នាំ ២០២២ បានណែនាំឱ្យអាជ្ញាធរ បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងអាជ្ញាធរមូលដ្ឋានប្រសិនបើមន្ត្រីទាំងនោះគ្មានសមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។
ទោះបីយ៉ាងនេះក្ដី ក្រុមអ្នកឃ្លាំមើល និងប្រជាពលរដ្ឋរិះគន់ថា ការភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញក្នុងមូលដ្ឋាននៅតែបន្តកើតមានឡើងដោយសារតែមន្ត្រីអាជ្ញាធរតាមមូលដ្ឋានមួយចំនួនប្រព្រឹត្តអំពើពុករលួយ។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ រិះគន់ថា ការណ៍ដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះបាន គឺដោយសារអាជ្ញាធរតាំងពីថ្នាក់ក្រោមដល់ថ្នាក់ជាតិប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ និងគ្មានការអនុវត្តច្បាប់លើជនល្មើស៖
«ល្បែងស៊ីសងផ្សេងហ្នឹងទាំងអស់ហ្នឹងយូរៗទៅវាវិវត្តន៍ជាផលប្រយោជន៍របស់មន្ត្រីថ្នាក់មូលដ្ឋាន អ៊ីចឹងប្រសិនជាឱ្យគាត់បំបាត់អាហ្នឹងទាំងស្រុងផលប្រយោជន៍គាត់ធ្លាប់ទទួលបានគឺវាបាត់បង់ដែរ។ អ៊ីចឹងទាល់តែរដ្ឋាភិបាល និងសាមីក្រសួងមានឆន្ទៈពិតប្រាកដប្ដេជ្ញាចិត្តអាហ្នឹងទើបអាចធ្វើទៅបាន»។
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រៅពីមាន ល្បែងភ្នាល់អនឡាញ បៀ អាប៉ោង ឆ្នោតឡូតូបានរីកដូចផ្សិត ក៏មានល្បែងចាក់ភ្នាល់តាមប្រព័ន្ធអនឡាញដូចជា ល្បែងចាក់បាល និងល្បែងបាញ់ត្រី តាមវេបសាយ (Website) ដែលគេស្គាល់ថាក្រុមហ៊ុនភ្នាល់ល្បែងទាំងនោះភាគច្រើនជារបស់ក្រុមហ៊ុនចិន និងវៀតណាម។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល យល់ថា បើរដ្ឋាភិបាលមិនចាត់វិធានការលើមន្ត្រីមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយ នោះរដ្ឋាភិបាលនឹងមិនអាចលុបបំបាត់ល្បែងភ្នាល់តាមអនឡាញនេះឱ្យមានប្រសិទ្ធភាពនោះទេ។ លើសពីនេះទៀត កូនខ្មែរជំនាន់ក្រោយនឹងអាចនឹងឈ្លក់វង្វេងទៅនឹងល្បែងស៊ីសង ហើយភូមិឃុំ ក៏គ្មានសុវត្ថិភាពដែរ ប្រសិនបើវិស័យល្បែងស៊ីសងនៅតែបន្តបើកដំណើរដោយគ្មានអាជ្ញាធរចាត់វិធានការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។