ពលរដ្ឋមួយចំនួននៅសង្កាត់ក្របី និងស្វាយដង្គំ ខេត្តសៀមរាប កែច្នៃផ្អាវធ្វើជាកន្ត្រក កន្ទេល និងសម្ភារៈប្រើប្រាស់ លក់ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ថា របស់នេះអាចរកចំណូលបានតិចតួចសម្រាប់ចំណាយលើការទិញស្បៀង និងការសិក្សារបស់កូន។ មន្ត្រីសង្គមស៊ីវិលថា អាជីពកែច្នៃដើមផ្អាវ របស់អ្នកស្រុកអង្គរនេះ គឺជាប្រពៃណីយូរមកហើយ ដែលក្រសួងពាក់ព័ន្ធគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជួយឱ្យពួកគាត់មានចំណូលចិញ្ចឹមគ្រួសារ បានទៀងទាត់។
អាជីពកែច្នៃដើមផ្អាវ ធ្វើជាកន្ត្រក និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ របស់អ្នកស្រុកអង្គរ ដែលចេះតៗគ្នាតាំងពីដូនពីតាមកម្ល៉េះ ពេលនេះពួកគាត់អាចរកចំណូលបានខ្លះដើម្បីផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីមុខរបរធ្វើស្រែចម្ការ។
ពលរដ្ឋរស់នៅសង្កាត់ក្របីលោក វ៉ាន់ សុភាព ប្រាប់វិទ្យុអាស៊ីសេរីថា លោកចាប់អាជីពជាអ្នកកែច្នៃដើមផ្អាវ ធ្វើជាកន្ត្រក តុ ទូ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជិត ២០ឆ្នាំ ហើយដើម្បីបាន ចំណូលផ្គត់ផ្គង់គ្រួសារ និងមួយចំណែកចំណាយលើការសិក្សារបស់កូន។ លោកថា អាជីពនេះពុំសូវបានចំណូលច្រើនទេ ប៉ុន្តែលោកចង់អភិរក្សវត្ថុប្រើប្រាស់ដែលជាប្រពៃណីរបស់ខ្មែរ មិនចង់ឱ្យបាត់បង់។
លោក វ៉ាន់ សុភាព៖«ខ្ញុំចាប់យករបរនេះ ខ្ញុំគិតថាវាជាផលិតផលមួយរបស់ខ្មែរយើង។ ចង់ឱ្យប្រជាជនយើង និងអ្នកក្រៅស្រុក ឃើញទៅជួយគាំទ្រ ផលិតផលរបស់ខ្មែរ។ ចង់សំណូមពរឱ្យផលិតនេះ មានទីផ្សាររលូនទៅមុខ ហើយតម្លៃរបស់វាឱ្យសមសមរម្យ»។
ក្នុងមួយថ្ងៃ លោក វ៉ាន់ សុភាព អាចផលិតតុ ទូ ធ្វើពីដើមផ្អាវទំហំ ១ម៉ែត្រ ៤ជ្រុង ក្នុង១ថ្ងៃ ៣គ្រឿង ដោយសារតែលោកមានប្រពន្ធ និងក្មួយប្រុស ២នាក់ ទៀតចាំជួយធ្វើ។ ចំណែកតុមួយ លោកលក់បានក្នុងតម្លៃ ចន្លោះពី ៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល។ រីឯ កន្ត្រកសម្រាប់ដាក់ផ្កា ផ្លែឈើ និងសម្ភារៈផ្ទះបាយវិញ មានតម្លៃពី៥ពាន់រៀល ទៅ ២ម៉ឺនរៀល។ លោកបន្តថា វត្ថុប្រើប្រាស់ទាំងនេះមានភាពធន់ និងប្រើបានយូរជាងរបស់ដែលធ្វើពីជ័រ ដែលនាំចូលពីក្រៅប្រទេស។
លោក វ៉ាន់ សុភាព៖«គុណភាពវិញ របស់គ្រឿងជ័រអត់អាចប្រៀបជាមួយផលិតផលផ្អាវ របស់ខ្មែរបានទេ ព្រោះថា របស់ជ័រវាឆាប់ពុកភុយ តែរបស់ផ្អាវនេះ យកទៅអត់ប៉ះទឹកប៉ះថ្ងៃ យកទៅទុកតែក្នុងម្លប់គុណភាពវាបានយូរអង្វែងអត់ងាយខូចទេ។ យើងយកមកធ្វើវាឱ្យបានស្អាត ជ្រលួសថ្នាំងវារួចហើយ ឈូសវាឱ្យស ហើយយកវាមកប្រើប្រាស់សម្រាប់កែច្នៃ ធ្វើជាកន្ទ្រួក»។
ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របី ក្រុងសៀមរាប មានប្រមាណជាង ១០គ្រួសារ ដែលប្រកបអាជីពសិប្បកម្មកែច្នៃដើមផ្អាវ ធ្វើជាតុ ទូ កន្ត្រក និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ចំណែក ដើមផ្អាវនេះ អ្នកភូមិទិញពីពលរដ្ឋនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយក្នុងមួយផ្លូន តម្លៃ ៥ម៉ឺនរៀល គឺស្មើ ៤០ដើម។
ដើមផ្អាវមានពីរប្រភេទ គឺដើមផ្អាវ គោក និងផ្អាវទឹក។ ផ្អាវគោកមានរូបរាងប៉ុនកដៃ និង ធំជាងមេដៃ ហើយភាគច្រើន គេយកវាសម្រាប់ធ្វើជើង តុ ទូ រនាប សម្រាប់ទ្រាប់ពីខាងក្រោម។ ចំណែកដើមផ្អាវទឹក មានទំហំតូចៗជាងម្រាមដៃ ឬមានទំហំប៉ុនដើមរពាក់ ហើយគេច្រៀកវាតូចៗ សម្រាប់ត្បាញធ្វើជាកន្ត្រក និងជាខ្សែក្រងជាមួយនឹងតុ ទូ ទាំងនោះ។
ក្រៅពីធ្វើជាកន្ត្រក តុ ទូ អ្នកស្រុកអង្គរ ក៏អាចកែច្នៃ ស្លឹកផ្អាវ ធ្វើជាកន្ទេលសម្រាប់គេងផងដែរ។ ជាក់ស្ដែង ពលរដ្ឋនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបភាគច្រើន ជាស្ត្រីវ័យ ចន្លោះ ៦០ទៅ៧០ឆ្នាំ ពួកគាត់ត្បាញកន្ទេល ធ្វើពីស្លឹកផ្អាវលក់។ ការត្បាញកន្ទេលផ្អាវ គឺដំបូងគេត្រូវយកធាងខ្ចីស្រស់មកសម្អាតបន្លា រួចច្រៀកយកខាងពោះមួយ ចម្រៀក និងចំហៀងពីរចម្រៀក ហើយបិតយកតែសំបកខាងក្រៅឱ្យស្ដើងល្មម និងមានទំហំច្រៀក ប៉ុនស្លឹកស្រូវ។ ក្រោយមកទៀត គេយកវាទៅហាលថ្ងៃ ឱ្យស្ងួតល្អ រហូតប្រែពណ៌ស បន្ទាប់មកយកវាទៅជ្រលក់ពណ៌ ហើយត្បាញចេញជាកន្ទេលផ្អាវ។
ពលរដ្ឋរស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោកស្រី ម៉ឺន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីថា សិប្បកម្មកែច្នៃដើមផ្អាវ ធ្វើជាកន្ទេល និងកន្ត្រកលក់អាចជួយដល់ស្ត្រីវ័យចំណាស់ ដែលគ្មានការងារ។ លោកស្រីថា សិប្បកម្ម កែច្នៃ ពឹងផ្អែកទាំងស្រុង ទៅលើក្រុមឈ្មួញ ហើយ ទាល់តែឈ្មួញកុម្ម៉ង់ទិញ បានអាចធ្វើបាន បើពុំដូច្នោះទេ ធ្វើហើយទុកចោល គ្មានបានចំណូលនោះឡើយ។
លោកស្រីបន្តថា កន្ត្រក កន្ទេល និងសម្ភារៈដែលត្បាញលក់ គឺមានតម្លៃទាប ចន្លោះពី ៥ម៉ឺន ទៅ១០ម៉ឺនរៀល ទៅតាមទំហំនៃសម្ភារៈនីមួយៗ។ ជាញឹកញាប់ក្រុមឈ្មួញបានយកទៅលក់បន្ត នៅតាមតំបន់ប្រាសាទនានា ដូចជា ប្រាសាទ អង្គរវត្ត និងតាមហាងលក់វត្ថុអនុស្សាវរីយ៍ជាដើម។
លោកស្រី ម៉ឺន ផល្លា៖«អត់ឈប់ទេ ខ្ញុំចាប់អាជីពនេះឯង។ ដំបូងយើងលំបាក យើងអត់សូវចេះ។ ប៉ុន្តែយើងព្យាយាមទៅចេះ ដល់ពេលចេះទៅឥឡូវស្រួល។ ពេលណាធ្វើបានលើកឱ្យម៉ូយទាំងអស់គ្នាទៅ ម៉ូយគេមកយកដឹកដល់ផ្ទះៗ»។
បើទោះ ជាពលរដ្ឋនៅស្រុកអង្គរ បានប្រឹងប្រែងប្រកបរបរកែច្នៃដើមផ្អាវអស់ជាច្រើនឆ្នាំមកហើយក្ដី អាជីពនេះគ្រាន់តែជារបរបន្ទាប់បន្សំរបស់ពួកគាត់ព្រោះថា របរនេះពុំសូវមានទីផ្សារនោះទេ ខណៈដែលឈ្មួញភាគច្រើនទិញពីពលរដ្ឋក្នុងតម្លៃទាប។
ពួកគាត់ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជួយរកទីផ្សារ និងបិទការនាំចូលសម្ភារៈប្រើប្រាស់ដែលធ្វើដោយដៃ ពីបណ្ដាប្រទេសជិតខាង ដូចជា ថៃ និង វៀតណាម ហើយងាកមកលើកកម្ពស់ផ្សព្វផ្សាយ វត្ថុធាតុដើមក្នុងស្រុកឡើងវិញ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី និង អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែតុលា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេតឃើញថា មុខរបរប្រពៃណី របស់អ្នកស្រុកអង្គរ ស្ទើរតែគ្មាន ទីផ្សារនោះទេ នៅពេលបច្ចុប្បន្ន។ លោកថា ករណីនេះ ក៏ដោយសារតែការនាំចូលវត្ថុប្រើប្រាស់ពីក្រៅប្រទេសមានច្រើន ហើយដាក់លក់នៅ តាមទីផ្សារ មានតម្លៃថោក ជាងវត្ថុធាតុដើមរបស់ខ្មែរ ជាហេតុធ្វើឱ្យរបស់ខ្មែរលក់មិនសូវដាច់ ព្រោះមានតម្លៃខ្ពស់ជាង។
លោកលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះក្រសួងពាណិជ្ជកម្ម ត្រូវកាត់បន្ថយការនាំចូល សម្ភារៈប្រើប្រាស់ ដែលខ្មែរអាចផលិតបាន។ រីឯ សម្ភារៈនាំចូលពីក្រៅត្រូវយកពន្ធខ្ពស់ ដែលធ្វើឱ្យតម្លៃឡើងថ្លៃជាងរបស់ខ្មែរ ពេលនោះ នឹងធ្វើឱ្យវត្ថុធាតុដើម ក្នុងស្រុកនឹងមានទីផ្សារជាងមុន អាចជួយឱ្យពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក អ៊ិន គង់ជិត៖«ប្រសិនយើងអនុញ្ញាតឱ្យមានការនាំចូល(ផលិតផលខាងក្រៅ)ប្រាកដជាផលិតផល របស់ពួកគាត់លក់អត់ដាច់។ កាលណាលក់អត់ដាច់ គឺពួកគាត់ អត់មានចំណូល ហើយកាលណាអត់មានចំណូលពួកគាត់នឹងជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ។ អ៊ីចឹង យើងស្នើសុំ ឱ្យខាងមន្ត្រី នៃក្រសួងពាណិជ្ជកម្ម ជួយរកទីផ្សារឱ្យគាត់ ហើយទប់ស្កាត់កុំឱ្យមានការនាំចូល សម្ភារៈទាំងអស់ដែលប្រជាពលរដ្ឋ របស់យើងក្នុងស្រុកអាចផលិតបាន»។
ប្រជាពលរដ្ឋ និងមន្ត្រីស៊ីវិលលើកឡើងថា បើសិនជាអាជ្ញាធរពាក់ព័ន្ធប្រឹងប្រែងរកដោះស្រាយជាប់គាំងទីផ្សារ ឱ្យបានទូលំទូលាយ ហើយអាចនាំចេញទៅលក់បានទាំងក្នុង និងក្រៅប្រទេស នោះគឺជារឿងដែលល្អ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ តាមរយៈការផ្ដល់ការងារឱ្យពួកគាត់ បានធ្វើដើម្បីរកប្រាក់ចំណូលថែមបន្ទាប់ពីធ្វើស្រែចម្ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
