សាច់ញាតិគ្រួសារក្រីក្រមួយចំនួនអះអាងថា មន្ទីរពេទ្យរដ្ឋមួយចំនួនបានទុកអ្នកជំងឺចោលឱ្យស្លាប់ក្នុងមន្ទីរពេទ្យដោយសារពួកគេមិនអាចរកអ្នកបរិច្ចាគឈាមបាន ឬពួកគេអស់លទ្ធភាពទិញឈាមសម្រាប់ព្យាបាល។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យក្រសួងសុខាភិបាលស៊ើបអង្កេតករណីទាំងនេះ។
ស្ថិតក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ លោកស្រី ធាង សំអាត វ័យ ៦២ឆ្នាំ ដែលទើបស្លាប់កូនរបស់លោកស្រីបានស្លាប់នៅមន្ទីរពេទ្យរុស្សី កាលពីខែឧសភាកន្លងទៅ បង្ហាញរូបភាព និងវីដេអូរបស់កូនស្រីច្បង។
លោកស្រី ធាង សំអាត៖ «ឈឺមុនចូលឆ្នាំហ្នឹង ឈឺយកទៅពេទ្យ បើព្យាយាមមើលមិនងាប់ទេ យើងអត់លុយ ខ្ញុំស្រណោះណាស់កូនខ្ញុំបានមួយហ្នឹងចំណាប់»។
លោកស្រី ធាង សំអាត ឱ្យដឹងថាកូនរបស់លោកស្រីឈ្មោះ ស្រៀន ចាន់ធឿន អាយុ៤២ ឆ្នាំជាអ្នកលក់ភេសជ្ជៈតាមម៉ូតូនៅក្នុងរាជធានីភ្នំពេញ។ លោកស្រីបន្តថា កូនលោកស្រីចាប់ផ្ដើមធ្លាក់ខ្លួនឈឺកាលពីខែមីនា ហើយគ្រួសារបាននាំ លោកស្រី ស្រៀន ចាន់ធឿន ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋព្រះកុសុមៈ ឬហៅពេទ្យលោកសង្ឃ។
លោកស្រី ធាង សំអាត ឱ្យដឹងទៀតថា កូនលោកស្រីមិនបានធូរស្រាលនោះទេ ចំណែកឯគ្រូពេទ្យនៅតែមិនអាចបញ្ជាក់ថា កូនលោកស្រីឈឺអ្វីឱ្យប្រាកដ ហើយគ្រូពេទ្យបានប្រាប់លោកស្រីខុសៗគ្នាដោយថា កូនលោកស្រីមានជំងឺរលាកស្រោមខួរ ជំងឺរលាកសួត ជំងឺអេដស៍ និងជំងឺរបេងជាដើម។ លោកស្រីថា ដោយសារតែមិនមានថវិកាឱ្យពេទ្យទើបគ្រួសារបានយក លោកស្រី ស្រៀន ចាន់ធឿន ត្រឡប់មកផ្ទះវិញ។
លោកស្រី ធាង សំអាត បន្តថាជំងឺកូននៅតែមិនធូរស្រាលទេ ក៏នាំគ្នាយកគាត់ទៅព្យាបាលនៅពេទ្យរុស្ស៊ី ជាពេទ្យរដ្ឋនៅដើមខែមេសា។ ទោះជាយ៉ាងណា លោកស្រីថា កូនលោកស្រីបានធ្លាក់ខ្លួនឈឺកាន់តែខ្លាំងរហូតស្លាប់នៅមន្ទីរពេទ្យនេះ។ លោកស្រីថា គ្រូពេទ្យខ្លះបានឱ្យគ្រួសារលោកស្រីទៅស្វែងរកអ្នកផ្ដល់ឈាមដោយលោកស្រី ស្រៀន ចាន់ធឿន មានជំងឺឈាមសស៊ីឈាមក្រហម និងមានជាតិពុលក្នុងឈាម។
លោកស្រី ធាង សំអាត ថា លោកស្រីជាអ្នកមើលថែកូនដោយផ្ទាល់ក្នុងរយៈពេលមួយខែនៅក្នុងអំឡុងពេលនោះ ហើយលោកស្រីបញ្ជាក់ទៀតថា មូលហេតុចម្បងដែលកូនលោកស្រីស្លាប់គឺដោយសារតែគ្រូពេទ្យមិនព្រមលាងឈាមដោយសារតែឈាមសម្រាប់ផ្ដល់ឱ្យតែអ្នកសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ប៉ុន្តែលោកស្រីសង្កេតឃើញថា សម្រាប់អ្នកជំងឺផ្សេងទៀតដែលមានលុយអាចទិញឈាមព្យាបាលបាន។
លោកស្រី ធាង សំអាត៖ «ពេលយើងរកអត់បានគេបណ្ដោយទុកឱ្យយើងជិតដាច់ខ្យល់បានគេយកឈាមទៅដាក់ឱ្យ គេមិនមែនថា អត់មានទេគេថា មានតែទុកសង្គ្រោះបន្ទាន់ សម្រាប់សង្គ្រោះបន្ទាន់ អ្នកបន្ទាន់ ហើយយើងឈឺល្មមៗ ហ្នឹងយើងអត់ដាក់ឱ្យទេ ទុកដល់ជីវិតយើងជិតស្លាប់ បានគេយកដាក់ឱ្យ បើដាក់ឱ្យពីដំបូងកូនខ្ញុំអត់ស្លាប់ទេ»។
ចំណែកពលរដ្ឋនៅខេត្តបន្ទាយមានជ័យលោក ប៊ី សុខ ដែលប្រពន្ធរបស់លោកបានស្លាប់កាលពីឆ្នាំមុន ដោយសារតែជំងឺខូចក្រលៀនឱ្យដឹងថា ការស្នើសុំឈាមមន្ទីរពេទ្យមកព្យាបាលគឺជារឿងពិបាកសម្រាប់អ្នកក្រីក្រ។ លោកថា ដើម្បីទទួលបានឈាមព្យាបាលប្រពន្ធលោកមួយសប្ដាហ៍ម្ដងបាន គឺលោកត្រូវបង្ហោះនៅតាមបណ្ដាញសង្គម និងដើរសុំបរិច្ចាគឈាមពីបងប្អូនរបស់លោក។

ទោះជាយ៉ាងណា លោក ប៊ី សុខ ថា សម្រាប់ពលរដ្ឋក្រីក្រផ្សេងទៀតដែលមិនអាចស្វែងរកឈាម និងមិនមានលទ្ធភាពទិញឈាមបាន គឺពួកគេសុខចិត្តទុកអ្នកជំងឺឱ្យស្លាប់ ព្រោះថា មន្ទីរពេទ្យរដ្ឋទាំងនោះមិនអាចផ្ដល់ឈាមព្យាបាលដោយឥតគិតថ្លៃនោះឡើយ។ លោកអះអាងថា ប្រពន្ធបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺដោយសារតែការមិនយកចិត្តទុកដាក់របស់ពេទ្យក្នុងមួយរយៈពេលចុងក្រោយមុនស្លាប់។
លោក ប៊ី សុខ៖ «មានអ្នកអត់ទៅលៀងសុខចិត្តស្លាប់ ព្រោះនៅក៏ស្លាប់ ទៅក៏ស្លាប់វាអស់លទ្ធភាព ស្លាប់អត់ទៅលៀងឈាម មានតើព្រោះខ្ញុំជួបផ្ទាល់ហើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក ងី ម៉េង និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានទេ នៅថ្ងៃទី១ ខែកក្កដា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ក្រុមគ្រូពេទ្យគួរតែគោរពនូវវិជ្ជាជីវៈរបស់ខ្លួនដោយព្យាបាលអ្នកជំងឺ ដោយមិនមានការរើសអើង ឬគិតលុយជាធំ។ លោកថា គ្រូពេទ្យគួរជូនដំណឹងជាប្រចាំលើស្ថានភាពអ្នកជំងឺដល់ក្រុមគ្រួសារពួកគេ ហើយប្រសិនបើមិនមានលទ្ធភាពព្យាបាលគួរបញ្ជូនទៅមន្ទីរផ្សេងទៀត ដែលធានាថា នឹងអាចព្យាបាលជំងឺបាន។
លោក យង់ គិមអេង លើកឡើងថា ក្រសួងសុខាភិបាលគួរតែចេញមុខធ្វើការស៊ើបអង្កេត និងត្រូវតែដាក់ទោសទណ្ឌទៅលើក្រុមគ្រូពេទ្យ ប្រសិនបើរកឃើញថា ការលើកឡើងរបស់ពលរដ្ឋនេះជាការពិត។
លោក យង់ គិមអេង៖«គ្រូពេទ្យ ឬអ្នកចាត់ចែងមន្ទីរពេទ្យ ត្រូវបានព្រងើយកន្តើយមិនអើពើ មិនយកចិត្តទុកដាក់ចំពោះគាត់ ហើយធ្វើការសម្លឹងមើលទឹកលុយជាធំហ្នឹង គួរតែមានការដាក់ទោសទណ្ឌដែរចំពោះគ្រូពេទ្យណាដែលមានអាកប្បកិរិយាបែបហ្នឹង ប្រសិនបើមានការរកឃើញបែបហ្នឹង»។
លោកស្រី ធាង សំអាត ស្នើដល់រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរុស្ស៊ីមួយចំនួនដែលលោកស្រីចោទថា បានធ្វើឱ្យកូនលោកស្រីស្លាប់ទាំងវ័យក្មេង និងបន្សល់ទុកកូនតូចៗ ដើម្បីផ្ដល់យុត្តិធម៌ឱ្យកូនលោកស្រី និងជាគំរូភាពដើម្បីកុំមានករណីបែបនេះកើតឡើងបន្តទៀត។
លោកស្រី ធាង សំអាត៖«ខ្ញុំសូមសំណូមពរឱ្យរាជរដ្ឋាភិបាលមើលកន្លែងមន្ទីរពេទ្យដែលធ្វើការខ្ចរខ្ចាយមិនយកចិត្តទុកដាក់អ្នកជំងឺ គ្នាមកពីណាពីណីលក់ស្រែ លក់ស្រូវរកលុយមកមើលពេទ្យ មកដល់ពេទ្យ ពេទ្យខ្លះមានលុយហើយក៏មិនយកចិត្តទុកដាក់គ្នាប៉ុន្មានទៀត»។
នេះមិនមែនជាលើកទីមួយនោះទេ ដែលពលរដ្ឋចោទប្រកាន់ទៅលើគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ីដែលជាមន្ទីរពេទ្យរដ្ឋថាមិនបានយកចិត្តទុកដាក់លើអ្នកជំងឺ។ ជាក់ស្ដែងគណនីហ្វេសប៊ុកឈ្មោះ ស្រីពេជ្រ ធូ ឱ្យដឹងកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅថា ឪពុករបស់កញ្ញាត្រូវបានស្លាប់ដោយសារតែក្រុមគ្រូពេទ្យតម្រូវឱ្យបង់លុយមុនដោយដំណើរការយូរដែលបានធ្វើឱ្យឪពុករបស់កញ្ញាបាត់បង់ជីវិតនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
