ក្រុមយុវជនលើកឡើងថា ពួកគាត់ចាត់ទុកថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ឬ វ៉ាលែនថាញស្ដេ (Valentine's day) ១៤ កុម្ភៈ គឺជាថ្ងៃបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះក្រុមគ្រួសារ មិត្តភ័ក្ដិ ហើយយុវជនខ្លះនាំគ្នាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះអ្នកជំងឺ មិនមែនជាថ្ងៃបុណ្យសង្សារឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា គឺជារឿងល្អប្រសើរដែលយុវជនកម្ពុជាមួយចំនួនយល់ដឹងច្រើនពីទិវាក្ដីស្រឡាញ់ថ្ងៃ ១៤ កុម្ភៈ និងឈប់ពុះកញ្ជ្រោលយល់ខុសទិញផ្កាជូនសង្សារទៀត។
ក្រុមយុវជនសង្កេតឃើញថា នៅតាមដងផ្លូវ ក្នុងទីប្រជុំជន ពុំសូវមានការដាក់តាំងលក់ផ្កាច្រើនស្អេកស្កះដូចពេលមុនៗនោះទេ។ ដោយឡែក កន្លែងកម្សាន្តមួយចំនួនក៏មានស្ថានភាពស្ងប់ស្ងាត់ដែរ បើទោះជាផ្ទះសំណាក់ខ្លះ មានការបញ្ចុះតម្លៃពិសេសក្នុងថ្ងៃនេះក្ដី។
និស្សិតសិក្សាផ្នែកសង្គមវិទ្យានៅរាជធានីភ្នំពេញ លោក គឹម ជីលីន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ កុម្ភៈ ថា សកម្មភាពលក់ដូរផ្កា នៅតាមដងផ្លូវក្នុងឆ្នាំនេះហាក់ស្ងប់ស្ងាត់ជាងរាល់ឆ្នាំ ហើយអ្នកទិញផ្កាភាគច្រើនគឺទិញសម្រាប់ជូន ឪពុកម្ដាយ ឬទិញជូនប្ដីប្រពន្ធ។ លោកកត់សំគាល់ឃើញថា យុវជនមានការយល់ដឹងច្រើនជាងឆ្នាំកន្លងទៅ ដោយពួកគាត់លែងចាត់ទុកថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ហើយងាកមកចែករំលែកសេចក្ដីស្រឡាញ់តាមរយៈជួយការងារសង្គមជាតិវិញ។
លោក គឹម ជីលីន៖ «ចង់ឬមិនចង់ទោះមានតិចក្ដីច្រើនក្ដីក៏នៅតែមានការយល់ច្រឡំ ជុំវិញរឿងទិវាក្ដីស្រឡាញ់នេះដែរ អ៊ីចឹងអ្នកពាក់ព័ន្ធដ៏សំខាន់ហ្នឹងរួមមានរដ្ឋផងដែរ ក្រសួងអប់រំ ហើយអ្នកពាក់ព័ន្ធផ្សេងទៀតរួមមានអ្នកគ្រូ លោកគ្រូ ដែលជាមន្ត្រី មានឪពុកម្ដាយដែលក្រុមគ្រួសារ មិត្តភ័ក្ដិ ជាដើមហ្នឹងជាការក្រើនរំលឹកគ្នាទៅវិញទៅមកឱ្យត្រឡប់មកស្វែងយល់នៃខ្លឹមសារក្ដីស្រឡាញ់ពិតប្រាកដ»។
ចំណែក អ្នកសិក្សាផ្នែកច្បាប់ និងអភិបាលកិច្ចល្អ លោក ពុធ កុលកា ថ្លែងថា នៅក្នុងទិវាក្ដីស្រឡាញ់ថ្ងៃ ១៤ កុម្ភៈ នេះ លោកបានចូលរួមបរិច្ចាគឈាមនៅមណ្ឌលបរិច្ចាគឈាមជិតមន្ទីរពេទ្យរុស្សី ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការឈាម។ លោកថា យុវជនមួយចំនួនយល់ខុសពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដោយចាត់ទុកថាថ្ងៃនេះធ្វើឡើងសម្រាប់គូសង្សារបង្ហាញពីក្ដីស្រឡាញ់ដោយលះបង់ខ្លួនប្រាណ។
លោក ពុធ កុលកា៖ «ក្រៅពីយើងស្រឡាញ់មនុស្សហ្នឹងគឺយើងអាចស្រឡាញ់សហគមន៍ ឬក៏សង្គមជាតិរបស់យើងពីព្រោះមានអ្នកជំងឺ ជនរងគ្រោះពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អីផ្សេងៗនៅតាមមន្ទីរពេទ្យហ្នឹងគឺថា គាត់ខ្វះឈាមអ៊ីចឹងមានន័យថាយើងគប្បីស្រឡាញ់ពួកគាត់ដែលពីព្រោះពួកគាត់ថ្វីត្បិតតែយើងមិនបានប្រើត្រកូលជាមួយគ្នា មិនបានរស់នៅដំបូលផ្ទះជាមួយគ្នា ប៉ុន្តែយើងមានដំបូលផ្ទះធំមួយជាមួយគ្នា គឺយើងជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា យើងមានសញ្ជាតិតែមួយគឺសញ្ជាតិខ្មែរ»។
នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពលរដ្ឋក៏បានបង្ហោះសារជូនពរគ្នា និងចែករំលែកក្ដីស្រឡាញ់ លែងសូវមានការបង្កប់អត្ថន័យនៃការរួមភេទ ដូចមុនទៀតឡើយ។ កន្លងទៅ ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវវ័យ និងសិស្សានុសិស្សយល់ច្រឡំថា ទិវាក្ដីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ឬថ្ងៃសម្រាប់ការរួមភេទជាមួយដៃគូស្នេហ៍។
ចំណែកឯកូដករណាហ្គាវើល៍វិញឆ្លៀតនាំគ្នាបត់ផ្កាលក់ដើម្បីរកប្រាក់ផ្គត់ផ្គង់ ជីវភាព និងចែកផ្កាដោយឥតគិតថ្លៃនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។
ជារៀងរាល់ឆ្នាំ ទាំងក្រសួងវប្បធម៌ ក្រសួងអប់រំ ក្រសួងកិច្ចការនារី និងអាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសផ្សព្វផ្សាយពីទិវានៃក្ដីស្រឡាញ់ (Valentine’s Day) ១៤ កុម្ភៈ ឱ្យយល់ដឹងពីខ្លឹមសារ និងឈប់យល់ច្រឡំអត្ថន័យនៃថ្ងៃ១៤ កុម្ភៈ រហូតដល់មានសកម្មភាពរួមភេទដែលធ្វើប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសុខភាព។ ទិវានៃក្ដីស្រឡាញ់ (Valentine’s Day) ជាវប្បធម៌របស់ប្រទេសលោកខាងលិច ហើយដែលថ្ងៃនេះបង្កើតឡើងសម្រាប់បង្ហាញពីការស្រឡាញ់គ្នារវាងឪពុក ម្ដាយ កូន ឬអ្នកមានទំនាក់ទំនងរាប់អានគ្នា ដោយមិនបានសំដៅលើការរួមរ័កស្នេហាឡើយ។
ទន្ទឹមគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កាលពីថ្ងៃទី១៣ កុម្ភៈ ក៏បានចេញលិខិតអំពាវនាវឱ្យយុវជនបញ្ឈប់នូវសកម្មភាពយកថ្ងៃ១៤ កុម្ភៈជាថ្ងៃរួមភេទ ដែលប៉ះពាល់ដល់សុខភាព និងបង្កឱ្យឆ្លងមេរោគអេដស៍។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បីសុំការបញ្ជាក់បន្ថែមបានទេ នៅថ្ងៃទី១៤ កុម្ភៈ។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវឯករាជ្យផ្នែកសុខភាពសាធារណៈ លោក តុង សុប្រាជ្ញ សង្កេតឃើញថា ឆ្នាំនេះយុវវ័យយល់ដឹងច្រើនពីថ្ងៃ១៤ កុម្ភៈ ដែលធ្វើឱ្យចំនួនយុវវ័យយកថ្ងៃនេះជាការរួមភេទ ចុះមកសល់ត្រឹមតែ ជាង២ភាគរយ (២.២%) ប៉ុណ្ណោះបើធៀបទៅនឹងកាលពីឆ្នាំ២០០៩ មានចំនួនជាង១២ភាគរយ (១២.៤%)។
លោក តុង សុប្រាជ្ញ៖ «ប្រសិនបើយើងផ្អាកមានន័យថា ការផ្អាកហ្នឹងមានន័យថា យើងបង្ហាញជាសាធារណៈ ឬមួយជាគោលការណ៍កុំឱ្យបរទេសគេមើលមកថា ស្រុកយើងហាក់បីដូចជាយើងជ្រួលជ្រើមនៅថ្ងៃនៃសេចក្ដីស្រឡាញ់ វាលែងចាប់អារម្មណ៍ទៅទៀតយើងព្យាយាមទម្លាក់បិទទិវានៃសេចក្ដីស្រឡាញ់តែម្ដងក៏បានដែរ ប៉ុន្តែសកម្មភាពរបស់អ្នកគ្រូ លោកគ្រូ មាតាបិតាសិស្សក៏ដូចជា លោកនាយកគាត់ធ្វើតាមការងារគាត់ធម្មតាទៅ»។
លោក តុង សុប្រាជ្ញ ក៏បានចេញ របាយការណ៍មួយកាលពីថ្ងៃទី១២ កុម្ភៈ ដែលមានចំណងជើងថា «បញ្ចប់ការសិក្សាបែបបរិមាណវិស័យមួយដើម្បីពិនិត្យឡើងវិញ នូវបទពិសោធន៍ និងការរៀបចំផែនការ របស់យុវវ័យដែលមានទ្រព្យសម្បត្តិបង្គួររស់នៅរាជធានីភ្នំពេញសម្រាប់ថ្ងៃនៃក្ដីស្រឡាញ់»។ ការសិក្សាស្រាវជ្រាវនេះធ្វើឡើង ដើម្បីស្វែងរកពីផែនការជាក់លាក់របស់យុវវ័យមានទ្រព្យសម្បត្តិបង្គួរនៅរាជធានីភ្នំពេញដែលគ្រោងរួមភេទនៅថ្ងៃនៃក្ដីស្រឡាញ់ ។ តាមរយៈការសម្ភាសន៍ជាមួយយុវជន ចំនួនជិត១ពាន់ ៥រយនាក់ (១.៤៦៩) បានបង្ហាញថាការចាប់អារម្មណ៍រួមភេទរបស់យុវវ័យ ចុះពាក់កណ្ដាលបើធៀបទៅកាលពីឆ្នាំ២០០៩ ដែលមានជាង១២ ភាគរយ (១២.៤) មកនៅត្រឹមតែជាង២ ភាគរយ (២.២) ប៉ុណ្ណោះ។ ទោះជាបែបនេះក្ដី លោក តុង សុប្រាជ្ញ រកឃើញថា ក្នុង២០២៤ យុវវ័យ២៤ភាគរយ (២៤%) បានបង្ខំឱ្យមិត្តស្រីរួមភេទនៅថ្ងៃ១៤ កុម្ភៈ និង៣២ភាគរយ (៣២%) បង្ហាញថា ពួកគេនឹងរួមភេទប្រសិនបើមិត្តស្រីរបស់ពួកគេយល់ព្រម។
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិលស្នើឱ្យក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ ពីអត្ថន័យទិវាក្ដីស្រឡាញ់ថ្ងៃ ១៤ កុម្ភៈ ឱ្យកាន់តែទូលំទូលាយជាពិសេសនៅតាមសាលារៀន ផ្ទះសំណាក់ និងសណ្ឋាគារ ចៀសវាងមានយុវវ័យមិនទាន់គ្រប់អាយុយកទិវាក្ដីស្រឡាញ់ ជាថ្ងៃលះបង់ខ្លួនប្រាណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។