បច្ចុប្បន្នការផ្សព្វផ្សាយគ្រឿងស្រវឹងមានគ្រប់រូបភាព ហើយធ្វើឡើង ជាប្រចាំពិសេសនៅអំឡុងពេលបុណ្យជាតិធំៗ មានទាំងបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកជាដើមនោះ សកម្មភាពផ្សព្វផ្សាយកាន់តែកើនឡើងខ្លាំងដោយមើលឃើញពីផលប៉ះពាល់ច្រើនពីការទទួលទានគ្រឿងស្រវឹងនេះយុវជនមួយចំនួនអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធមានវិធានការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង។
យុវជនមួយចំនួនអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការបង្កើតជាច្បាប់ ឬគោលការណ៍ផ្សេងៗ ដើម្បីបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងដោយពួកគេយល់ឃើញថា បច្ចុប្បន្នកំពុងតែមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដែលធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនចាត់ទុកការទទួលទានគ្រឿងស្រវឹងជាការសំខាន់សម្រាប់ជីវិត។
បុគ្គលិកក្រុមហ៊ុនមួយនៅក្នុងរាជធានីភ្នំពេញ កញ្ញា ហ៊ុំ ផល្លី សង្កេតឃើញថា ការផ្សព្វផ្សាយគ្រឿងស្រវឹងទាំងការដាក់បដាតាមដងផ្លូវ ផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម និងការប្រគំតន្ត្រីជាដើមមានការកើនឡើង។ កញ្ញាសង្កេតឃើញថា ឥទ្ធិពលនៃការផ្សព្វផ្សាយគ្រឿងស្រវឹងបានធ្វើឱ្យប្រជាពលរដ្ឋទូទៅ រួមទាំងមនុស្សវ័យជំទង់អាយុក្រោម ១៨ឆ្នាំ ក៏ចាប់ផ្ដើមទទួលទានគ្រឿងស្រវឹងដែរ។
កញ្ញា ហ៊ុំ ផល្លី៖ «និយាយទៅប្រព័ន្ធផ្សព្វផ្សាយហ្នឹង ពិតជាជះឥទ្ធិពលខ្លាំងមែនទែន ទៅលើបុគ្គលគ្រប់រូបដូចថា ឃើញរាល់ថ្ងៃៗ ក្នុងជីវភាពរាល់ថ្ងៃៗ អ៊ីចឹងទៅ។ មិនមែនជះឥទ្ធិពលតែលើមនុស្សចាស់ទេ សូម្បីតែក្មេងៗ គាត់ឃើញគាត់ចង់ដឹងចង់ឃើញថា វាយ៉ាងម៉េចវិញអ៊ីចឹងទៅ»។
ពេលនិយាយដល់ឥទ្ធិពលគ្រឿងស្រវឹង កញ្ញា ផល្លី នឹកឃើញកាលដែលកញ្ញានៅក្មេងមនុស្សចាស់តែងតែប្រើកញ្ញាឱ្យទៅទិញគ្រឿងស្រវឹង ដែលគាត់យល់ថា នេះជាសកម្មភាពមិនត្រឹមត្រូវក្នុងការរុញកុមារឱ្យទៅស្និទ្ធជាមួយគ្រឿងស្រវឹង។
យុវជនម្នាក់ទៀត នៅក្នុងខេត្តកំពង់ធំ លោក ជ្រី បូរ៉ា លើកឡើងថា ការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព ពេលបច្ចុប្បន្ន គឺសង្គមទាំងមូលកំពុងតែជំរុញ លើកទឹកចិត្តឱ្យសាធារណជនទទួលទានគ្រឿងស្រវឹង។
លោក ជ្រី បូរ៉ា៖ « ការផ្សព្វផ្សាយនេះ វាពិតជាមានឥទ្ធិពល បើយើងសង្កេតមើលទៅ បច្ចុប្បន្ននេះ មានការផ្សព្វផ្សាយការលើកទឹកចិត្តហ្នឹងច្រើនណាស់ ដូចជា រឿងរង្វាន់នេះមួយ ផឹក ១កំប៉ុង ត្រូវមួយកំប៉ុង ផឹកត្រូវឡាន ត្រូវម៉ូតូ ត្រូវអីផ្សេង។ អាហ្នឹងវាជាការលើកទឹកចិត្តឱ្យយុវជនហ្នឹង សប្បាយនឹងការត្រូវ ១កំប៉ុង ២កំប៉ុងហ្នឹង » ។
យុវជនម្នាក់ទៀតនៅក្នុងខេត្តពោធិ៍សាត់ លោក គ្រី គ្រឿន រំឭកដល់អតីតកាល ដែលរូបគាត់ និងយុវជនផ្សេងទៀត បានយកគំរូជាការស្លៀកពាក់ ឬ ម៉ូតសក់តាមតារាដែលពួកគេចូលចិត្ត។ ចំពោះការផ្សព្វផ្សាយគ្រឿងស្រវឹង យុវជនរូបនេះ បញ្ជាក់ថា ឱ្យតែតារា ដែលពួកគេចូលចិត្តផ្សព្វផ្សាយហើយពួកគេតែងតែជ្រើសរើសយកមកទទួលទានក្នុងពេលជួបជុំគ្នាមិនថា រសជាតិស្រានោះពួកគេចូលចិត្ត ឬអត់ទេ។
បច្ចុប្បន្ន យុវជន គ្រី គ្រឿន មានកូន២នាក់អាយុជាង១០ឆ្នាំកំពុងសិក្សានៅកម្រិតចំណេះដឹងទូទៅ។ គ្រឿនបារម្ភខ្លាំងខ្លាចឥទ្ធិពលនៃការផ្សព្វផ្សាយគ្រឿងស្រវឹង នៅពេលបច្ចុប្បន្ននេះ ទាក់ទាញឱ្យកូនៗ របស់លោកឱ្យធ្លាក់ក្នុងការវក់សេពគ្រឿងស្រវឹង។
លោក គ្រី គ្រឿន៖ « ទាំងនៅកញ្ចក់ទូរទស្សន៍នៅបណ្ដាញសង្គមអី សុទ្ធតែតារាល្បីៗ ផ្សព្វផ្សាយ ហើយកូនយើងមើលទូរស័ព្ទ មើលទូរទស្សន៍ឃើញតែគ្រឿងស្រវឹង។ ដល់ពេលឃើញគ្រឿងស្រវឹងច្រើនជាងការផ្សព្វផ្សាយពីការអប់រំ ខ្ញុំបារម្ភណាស់កូនខ្ញុំ ព្រោះវានៅក្មេងជាវ័យ ដែលទទួលបាននូវទិដ្ឋភាពផ្សេងៗ ដល់ពេលគ្រឿងស្រវឹងផ្សព្វផ្សាយអ៊ីចឹងទៅខ្ញុំជាឪពុកហ្នឹង ខ្ញុំមានការបារម្ភខ្លាំង » ។
ក្រុមយុវជនទាំងនេះ បង្ហាញគោលបំណងដូចគ្នា គឺចង់ឱ្យមានច្បាប់ហាមការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព ឬផ្សព្វផ្សាយស្ថិតនៅក្នុងដែនកំណត់មួយ ដែលមិនអូសទាញខ្លាំងឱ្យមហាជនធ្លាក់ក្នុងសភាពវក់វង្វេងក្នុងការទទួលទានគ្រឿងស្រវឹង។
នៅគ្រប់ដងផ្លូវមិនថា នៅក្នុងរាជធានីភ្នំពេញ នៅតាមទីក្រុងនានា ឬ នៅតាមជនបទទេ គឺមានការដាក់បដាផ្សព្វផ្សាយជំរុញលើកទឹកចិត្តឱ្យមានការរំភើបក្នុងការទទួលទានគ្រឿងស្រវឹង។ ក្រៅពីផ្សាយតាមដងផ្លូវ នៅតាមវិទ្យុ ទូរទស្សន៍ បណ្ដាញទំនាក់ទំនងសង្គម កម្មវិធីកីឡា និងការប្រគំតន្ត្រីសុទ្ធតែមានការផ្សព្វផ្សាយគ្រឿងស្រវឹង។ ជាលទ្ធផលការទទួលទានគ្រឿងស្រវឹងក្លាយជាផ្នត់គំនិតគិតថា មិនអាចខ្វះបានឬ ហៅថា ការមិនចេះផឹកស៊ី ចូលចំណោមជាមួយគេមិនចុះ។
អ្នកជំនាញផ្នែកសុខភាព និងការអប់រំលោកវេជ្ជបណ្ឌិត គួច ម៉េងលី សង្កេតឃើញថា ការផ្សព្វផ្សាយគ្រឿងស្រវឹងបច្ចុប្បន្នមានគ្រប់បែបគ្រប់ទម្រង់ ហើយមានផ្សាយទាំងនៅជិតរបងសាលារៀនទៅទៀត ដែលអាចទាក់ទាញចិត្តដល់កូនសិស្សក្នុងវ័យសិក្សា។ លោក គួច ម៉េងលី ក៏សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធមួយចំនួន បានផ្សព្វផ្សាយអប់រំខ្លះហើយអំពីផលប៉ះពាល់គ្រឿងស្រវឹងនេះ ប៉ុន្តែលោកថា នៅមានកម្រិតទាប ដែលចាំបាច់ត្រូវបង្កើនថែមទៀត។
លោក គួច ម៉េងលី៖ « យើងគួរតែមានច្បាប់គេហៅថា ច្បាប់ទំនើបនិយម ដែលជួយលើកស្ទួយសុខភាពប្រជាពលរដ្ឋ ជួយអប់រំប្រជាពលរដ្ឋ ហើយក៏គួរតែកាត់បន្ថយរឿងរ៉ាវដែលប៉ះទង្គិចដល់សង្គមឱ្យប្រជាពលរដ្ឋត្រជាក់ចិត្តខ្លះទាក់ទងទៅនឹងហិង្សាផឹកស្រវឹងវាយប្រពន្ធកូន ហិង្សាស្រវឹងស្រាពេលបើកបរ បុកស្លាប់គេគ្រោះថ្នាក់ហ្នឹងវាសាហាវពេក » ។
កម្ពុជាជាប្រទេសមានការផ្សព្វផ្សាយជំរុញពលរដ្ឋទទួលទានគ្រឿងស្រវឹងខ្លាំង បើប្រៀបធៀបជាមួយប្រទេសជិតខាង។ នៅប្រទេសថៃមានច្បាប់ហាមផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាពទាំងអស់។
ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងរបស់ថៃបង្កើតឡើង នៅឆ្នាំ២០០៨ បានហាមផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព រួមទាំងការបង្ហាញនិមិត្តសញ្ញា ឬសារអូសទាញឱ្យមានការទទួលទានគ្រឿងស្រវឹង។ នៅក្នុងច្បាប់នោះ ក៏មានពន្យល់ពីមូលហេតុថា គ្រឿងស្រវឹងធ្វើឱ្យប្រជាជនខូចសុខភាពផ្លូវកាយ ឬចុះខ្សោយខួរក្បាល ខូចសុខភាពផ្លូវចិត្ត កើតអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ និងបង្កឱ្យមានភាពក្រីក្រ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការពន្យល់អំពីការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ពីអ្នកនាំពាក្យក្រសួងព័ត៌មាន ២រូប គឺលោក អ៊ុក គឹមសេង និងលោក មាស សោភ័ណ្ឌ បានទេ ដោយសារទូរស័ព្ទលោកទាំង២ មិនមានអ្នកទទួល។
របាយការណ៍សិក្សារួមគ្នារបស់អ្នកជំនាញនៅសកលវិទ្យាល័យ Oxford របស់អង់គ្លេស និង សកលវិទ្យាល័យប៉េកាំង (Peking) របស់ចិន ចេញផ្សាយកាលពីឆ្នាំ២០១៩ បង្ហាញថា ការទទួលទានគ្រឿងស្រវឹងច្រើនជ្រុល ប្រឈមខ្ពស់នឹងការកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺជាង ២០០ប្រភេទផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។