សិស្ស​វិទ្យាល័យ​មួយ​នា​ខេត្ត​ព្រៃវែង​ចោទ​គ្រូ​ថា​បង្រៀន​មិន​ទៀង​ទាត់

0:00 / 0:00

សិស្ស​វិទ្យាល័យ ព្រះបាទ​នរោត្ដម ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ត្អូញត្អែរ និង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ប្រឡង​ធ្លាក់ ដោយសារ​គ្រូ​មិន​បង្រៀន​សិស្ស​ឲ្យ​បាន​ទៀង​ទាត់។ ពួក​គេ​បញ្ជាក់​ថា គ្រូ​ខកខាន​មិន​បាន​បង្រៀន​សិស្ស​ទៀង​ទាត់​ចាប់​តាំង​តែ​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក​ម្ល៉េះ ពោល​គឺ​ក្រោយ​ពី​សិស្ស​ប្រឡង​ឆមាស​លើក​ទី​១​រួច។ ប៉ុន្តែ មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​បញ្ជាក់​ថា គ្រូ​មិន​បាន​បង្រៀន​សិស្ស​ទៀង​ទាត់​រយៈពេល​ខ្លី ដោយសារ​រវល់​ការងារ​ប្រឡង​ឆមាស​របស់​សិស្ស។

សិស្ស​នៃ​វិទ្យាល័យ ព្រះបាទ​នរោត្ដម បាន​ចាត់​ទុក​ការ​បង្រៀន​សិស្ស​មិន​ទៀង​ទាត់​របស់​ក្រុម​គ្រូបង្រៀន​នេះ​ថា ជា​សកម្មភាព​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ដែល​រៀន​នៅ​ក្នុង​វិទ្យាល័យ​នេះ។ សិស្ស​ទាំង​នោះ​បញ្ជាក់​ថា ថ្នាក់​រៀន​ខ្លះ​គ្រូ​មក​បង្រៀន​ដែរ តែ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស​ឲ្យ​បាន​ពេញ​ម៉ោង​បង្រៀន​នោះ​ទេ គឺ​ភាគ​ច្រើន​បង្រៀន​តែ​ម៉ោង​ដំបូង គឺ​ម៉ោង​ទី​១ និង​ម៉ោង​ទី​២ រីឯ​ពេល​បង្រៀន​ម៉ោង​ទី​៣ និង​ទី​៤ ទុក​សិស្ស​ចោល​ឲ្យ​សិក្សា​ដោយ​ខ្លួន​ឯង។ ហើយ​សិស្ស​ដែល​រង​ការ​ប៉ះពាល់ និង​មាន​ការ​ព្រួយ​បារម្ភ​ពី​សិក្សា​ជាង​គេ គឺ​សិស្ស​រៀន​ថ្នាក់​ទី​១២ ដែល​ត្រៀម​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដើម្បី​បន្ត​ការ​សិក្សា​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​តែ​ម្ដង។

សិស្ស​នៃ​វិទ្យាល័យ ព្រះបាទ​នរោត្ដម ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ បញ្ជាក់​ថា ក្រោយ​ពី​ពេល​ប្រឡង​ឆមាស​លើក​ទី​១​កាល​ពី​ដើម​ខែ​កុម្ភៈ រហូត​មក គ្រូបង្រៀន​មិន​បាន​យក​ចិត្ត​ដាក់​ក្នុង​ការ​បង្រៀន​សិស្ស​ឲ្យ​បាន​ទៀង​ទាត់​ដូច​ពេល​មុន​ប្រឡង​ឆមាស​នោះ​ទេ គឺ​គ្រូបង្រៀន​យក​ចិត្ត​ទុក​ដាក់​តែ​លើ​ម៉ោង​បង្រៀន​គួរ ដែល​តម្រូវ​ឲ្យ​សិស្ស​បង់​លុយ​ប៉ុណ្ណោះ រីឯ​ម៉ោង​បង្រៀន​ការងារ​រដ្ឋ​វិញ មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន​នោះ​ឡើយ គឺ​សិស្ស​ឋិត​នៅ​ក្នុង​ថ្នាក់​រៀន សិក្សា​ដោយ​ខ្លួន​ឯង។ ជាង​នេះ គ្រូបង្រៀន​ក៏​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ចេញ​ពី​សាលា​បាន​ដែរ បើ​ទោះ​ណា​ក្នុង​ថ្នាក់​រៀន​គ្មាន​គ្រូ​នៅ​បង្រៀន​សិស្ស​ក៏ដោយ​ចុះ គឺ​សិស្ស​ចេញ​ទៅ​ផ្ទះ​បាន លុះ​ណា​តែ​ផុត​ម៉ោង​បង្រៀន​របស់​សាលា​ប៉ុណ្ណោះ៖ «ពេល​បង្រៀន​គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​អ៊ីចឹង ហើយ​ដល់​ពេល​អ៊ីចឹង​ខ្លាច​ដល់​ពេល​ប្រឡង​បាក់ឌុប អ៊ីចឹង​ប៉ះពាល់​ដល់​សិស្ស​ខ្លះ​អត់​បាន​ត្រៀម​មេ​រៀន​ចំ​ម៉ោង​ប្រឡង​អ៊ីចឹង​ណាស់!។ ចា៎! ប៉ះពាល់​ដល់​ការ​ប្រឡង ជួន​កាល​មេ​រៀន​មិន​បាន​រៀន ប្រឡង​មក​ចេញ​អា​មេ​រៀន​ហ្នឹង។ ចា៎! សិស្ស​ទាំងអស់​គ្នា​ត្អូញត្អែរ ព្រោះ​អី​គ្រូ​មិន​សូវ​ដែល​បាន​បង្រៀន ជួន​កាល​មិន​សូវ​បាន​បង្រៀន ខ្ញុំ​សុំ​គ្រូ​មក​ផ្ទះ​អី ជួន​កាល​គ្រូ​បិទ​ទ្វារ​មិន​ឲ្យ​មក ជួន​កាល​បើក​ទ្វារ​ឲ្យ​មក ប៉ុន្តែ​មុន​នឹង​មក ពិបាក​ដែរ គាត់​ថា​មិន​ទាន់​ដល់​ម៉ោង​ផង​ចេញ​ធ្វើ​អី?»

ស្រដៀង​គ្នា​នេះ​ដែរ សិស្ស​វិទ្យាល័យ​ម្នាក់​បញ្ជាក់​ថា ក្នុង​កម្មវិធី​សិក្សា​ម៉ោង​រដ្ឋ​ដែល​មិន​តម្រូវ​ឲ្យ​សិស្ស​បង់​លុយ​នោះ គឺ​ចាប់​តាំង​ពី​ប្រឡង​ឆមាស​លើក​ទី​១​មក ពួក​គេ​បាន​សិក្សា​តិចតួច ក្នុង​នោះ​មាន​ថ្ងៃ​ខ្លះ​ពុំ​មាន​គ្រូ​មក​បង្រៀន​ឡើយ។ ហើយ​បញ្ហា​នេះ កើត​មាន​ឡើង​ជា​បន្តបន្ទាប់​រៀង​រាល់​ថ្ងៃ ស្ទើរ​តែ​គ្រប់​ថ្នាក់​រៀន​តែ​ម្ដង។ សិស្ស​ដដែល​បញ្ជាក់​បន្ថែម​ថា សិស្ស​រៀន​នៅ​វិទ្យាល័យ​គ្រប់​រូប​តែង​ត្អូញត្អែរ​តៗ​គ្នា​ពី​ផល​ប៉ះពាល់​នៃ​ការ​សិក្សា​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ។ បើ​ទោះ​ជា​ដឹង​ថា​ការ​សិក្សា​របស់​ពួក​គេ​ជួប​ការ​លំបាក ដោយសារ​គ្រូ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​បង្រៀន​យ៉ាង​នេះ​ក្ដី ក៏​គ្មាន​សិស្ស​ណា​ហ៊ាន​ចេញ​សួរ​ចំៗ រឿង​គ្រូបង្រៀន​សិស្ស​មិន​ទៀង​ទាត់​នេះ​ឡើយ។

យុវ​សិស្ស​ដដែល​អំពាវនាវ​សុំ​ឲ្យ​គ្រូ​នៃ​វិទ្យាល័យ ព្រះបាទ​នរោត្ដម ស្រុក​កញ្ជ្រៀច ជាពិសេស​គ្រូបង្រៀន​សិស្ស​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១២ តែ​ម្ដង ធ្វើ​យ៉ាង​ណា​យក​ចិត្ត​ទុក​ដាក់​បង្រៀន​សិស្ស​ឲ្យ​បាន​ទៀង​ទាត់​ឡើង​វិញ ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​សិក្សា​របស់​សិស្ស​ដែល​ត្រៀម​នឹង​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ពេល​ខាង​មុខ៖ «ជួន​កាល​ទៅ គាត់​នៅ​អង្គុយ​លេង គាត់​ពិភាក្សា​គ្នា ពេល​ខ្លះ​ទៅ​គ្រូ​គាត់​អត់​មក ពេល​បង្រៀន​គាត់​អត់​សូវ​យក​ចិត្ត​ទុក​ដាក់​អី​អ៊ីចឹង។ អាច​ខ្លាច​តែ​ពេល​ប្រឡង​បាក់ឌុប​អ៊ីចឹង​ប៉ះពាល់​ដល់​សិស្ស​ខ្លះ​អត់​បាន​រៀន​មេ​រៀន​ចំ​ម៉ោង​ប្រឡង​អ៊ីចឹង។ ភាគ​ច្រើន​សិស្ស​ឥឡូវ​សម្បូរ​ទៅ​រៀន​ច្រើន​អ៊ីចឹង​លោកគ្រូ! ដល់​ពេល​ទៅ​រៀន​ច្រើន​អ៊ីចឹង ម្នាក់ៗ​ត្រូវ​តែ​ពឹង​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន ដើម្បី​ប្រជែង​ទៅ​មុខ​ទៀត​នៅ​ពេល​ពេល​ខាង​អនាគត ដូច​ជា​ចូល​សមាគម​អាស៊ាន​ពិភពលោក​អ៊ីចឹង។ ខ្លាច​តែ​ប្រទេស​យើង​មិន​អាច​អភិវឌ្ឍ​ដូច​គេ ហើយ​យើង​មិន​សូវ​ពូកែ​អី​អ៊ីចឹង​លោកគ្រូ!»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​នាយក​វិទ្យាល័យ ព្រះបាទ​នរោត្តម នៅ​ស្រុក​កញ្ជ្រៀច ដើម្បី​មាន​ឱកាស​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ប៉ុន្តែ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កញ្ជ្រៀច លោក នាង ណារិន មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រូបង្រៀន​វិទ្យាល័យ ព្រះបាទ​នរោត្តម មិន​បាន​បង្រៀន​សិស្ស​ខ្លះ​មែន ប៉ុន្តែ​ការ​មិន​បាន​បង្រៀន​នេះ គឺ​មាន​រយៈពេល​ខ្លី ដោយសារ​លោកគ្រូ​អ្នកគ្រូ​ជាប់​រវល់​កិច្ចការ​ប្រឡង​ឆមាស​របស់​សិស្ស។ លោក នាង ណារិន បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​កិច្ចការ​ប្រឡង​មក គ្រូបង្រៀន​បាន​ចូល​បង្រៀន​សិស្ស​វិញ​ជា​ធម្មតា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ដូច​ការ​លើក​ឡើង​នោះ​ឡើយ៖ «គ្រូ​មក​បង្រៀន ប៉ុន្តែ​សិស្ស​ពេល​ដែល​វា​ប្រឡង​ឆមាស​ទេ ឈប់​តិចតួច​នៅ​ពេល​ប្រឡង​ឆមាស​ហើយ​ហ្នឹង។ អត់​ទេ! គ្រាន់​ប្រឡង​ឆមាស​ហើយ​មួយ​ថ្ងៃ​២​ថ្ងៃ ខ្ញុំ​ចាត់​វិធាន​ការ ខ្ញុំ​ឃើញ​សភាពការណ៍​ហ្នឹង​វា​ទៅ​មក​អ៊ីចឹង។ ហើយ​ខ្ញុំ​សួរ​ទៅ​លោក​នាយក លោក​នាយក​ថា​វា​ឈប់​ឆមាស​មួយ​ថ្ងៃ​២​ទេ គេ​ប្រឡង​ឆមាស​ហ្នឹង​ណាស់!។ តែ​ឥឡូវ​ខ្ញុំ​ថា ប្រជុំ​គ្រូ​ប្រជុំ​សិស្ស​ឡើង​វិញ ឲ្យ​អំពាវនាវ​ឲ្យ​វា​មក​រៀន​ធម្មតា​វិញ មិន​មែន​ឲ្យ​ឈប់​ពី​ឥឡូវ​បាន​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​បញ្ជាក់​ដោយ​ចាត់​ទុក​ការ​បង្រៀន​មិន​ទៀង​ទាត់​របស់​គ្រូបង្រៀន​ថា បញ្ហា​នេះ​មិន​មែន​កើត​មាន​តែ​នៅ​វិទ្យាល័យ ព្រះបាទ​នរោត្ដម នៅ​ស្រុក​កញ្ជ្រៀច មួយ​ប៉ុណ្ណោះ​ទេ គឺ​សកម្មភាព​បែប​នេះ​តែង​តែ​កើត​មាន​ស្ទើរ​គ្រប់​សាលា​ទូទាំង​ប្រទេស​ទៅ​ហើយ។ លោក​ថា ដោយសារ​អំឡុង​ពេល​ជា​រដូវ​កាល​ជិត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​ទាំង​សិស្ស​ទាំង​គ្រូ​តែង​តែ​ឆ្លៀត​ឱកាស​យក​ពេល​នេះ​ធ្វើ​លេស​ឈប់​រកេតរកូត ពុំ​មក​បង្រៀន និង​រៀន​ឲ្យ​បាន​ទៀង​ទាត់​នោះ​ទេ៖ «វា​ជា​ប្រពៃណី​ហើយ​នៅ​រដូវ​វ៉ាកង​តូច ពីព្រោះ​ដល់​ពេល​ប្រឡង​ឆមាស​ហើយ​ហ្នឹង សាលា​ហ្នឹង​វា​រកេតរកូត។ បាន​យើង​និយាយ​ពាក្យ​រកេតរកូត​អ៊ីចឹង យើង​ថា​ដល់​ពេល​វេលា​ត្រូវ​វិស្សមកាល​នៅ​ដើម​ខែ​៤​ណោះ! ថ្ងៃ​៥​ថ្ងៃ​៦ ខែ​បួន អា​ហ្នឹង​បាន​ថ្ងៃ​វិស្សមកាល​វ៉ាកង​តូច​ហ្នឹង​បាទ! ប៉ុន្តែ​ឥឡូវ​ហ្នឹង យើង​មើល​ឃើញ​សកម្មភាព​សាលា​នីមួយៗ​ហ្នឹង ភាគ​ច្រើន​ឃើញ​មាន​ការ​រៀន​ត​គ្នា​ការ​រៀន​ការ​បង្រៀន​ហ្នឹង​បាទ!»

ទោះ​ជា​យ៉ាង​នេះ​ក្ដី សិស្ស​នៃ​វិទ្យាល័យ ព្រះបាទ​នរោត្ដម បញ្ជាក់​ថា ការ​មិន​បង្រៀន​ទៀង​ទាត់​ពេល​នេះ គឺ​ជា​កំហុស​របស់​គ្រូបង្រៀន​ដែល​មិន​ខ្វល់ខ្វាយ​ពី​ការ​សិក្សា​របស់​សិស្ស​ឲ្យ​ដិត​ដល់ ដើម្បី​ត្រៀម​ប្រឡង​យក​សញ្ញាបត្រ​នា​ពេល​ខាង​មុខ​នោះ។

វិទ្យាល័យ ព្រះបាទ​នរោត្តម ឋិត​ក្នុង​ភូមិ​ជើងទឹក នៃ​ឃុំ​ថ្មពូន ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។ សព្វថ្ងៃ សាលា​នេះ​មាន​សិស្ស​កំពុង​សិក្សា​ប្រមាណ​ជាង ១.៣០០​នាក់ បែង​ចែក​ជា​ពីរ​កម្រិត គឺ​សិស្ស​អនុវិទ្យាល័យ និង​វិទ្យាល័យ។ ក្នុង​នោះ សិស្ស​ដែល​រៀន​កម្រិត​វិទ្យាល័យ​ថ្នាក់​ទី​១២ មាន​ប្រមាណ​ជាង ២០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។