ប្រជាពលរដ្ឋរាយការណ៍ថា ម៉ូតូគេចពន្ធជាច្រើនគ្រឿង ត្រូវបានឈ្មួញលួចនាំខុសច្បាប់ចូលមកទឹកដីប្រទេសកម្ពុជាតាមច្រករបៀងព្រំដែនប្រទេសថៃ ជារៀងរាល់ថ្ងៃ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការនាំចូលរបស់គេចពន្ធតាមច្រកព្រំដែនអាចធ្វើទៅបាន ដោយសារមានការបើកដៃពីអាជ្ញាធរប្រចាំការនៅទីតាំងទាំងនោះ។
ករណីលួចនាំចូលម៉ូតូគេចពន្ធយកមកលក់នៅកម្ពុជា កំពុងកើតមានយ៉ាងសកម្មនៅតាមច្រករបៀងព្រំដែនប្រទេសថៃ ខណៈអាជ្ញាធរប្រទេសថៃបង្ក្រាបបានបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។
ពលរដ្ឋរស់នៅជិតព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ សុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ មិថុនា ថា ការលួចនាំចូលម៉ូតូខុសច្បាប់ទាំងនោះ កើតឡើងនៅតាមច្រករបៀងតូចៗ នៅតាមបណ្ដោយព្រំដែន មានដូចជាច្រកជាំស្រងាំ ស្ថិតក្នុងខេត្តឧត្ដរមានជ័យ ច្រកបឹងត្រកួន ជាពិសេសច្រកអូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រោះនៅតំបន់នោះមិនមានការត្រួតពិនិត្យតឹងរ៉ឹងនោះទេ។ លោកបន្ថែមថា ក្រៅពីម៉ូតូគេចពន្ធ ក៏មានការលួចនាំចូលទំនិញច្រើនប្រភេទទៀតដូចជាចំណីអាហារ សាច់សត្វគ្រប់ប្រភេទ បារី គ្រឿងស្រវឹង និងប្រេងសាំងជាដើម។
សម្រង់សម្ដី៖ «ល្បីចេញម៉ូតូខ្លាំងជាងគេច្រកអូរបីជាន់ តំបន់ប្រាំ ជាប់ព្រំប្រទល់យើងខាងបឹងត្រកួន ហ្នឹងឯង។ ច្រកដូចថា បន្ទាយទាហានការពារព្រំដែននៅចំណុចហ្នឹងមួយអ៊ីចឹង គឺគេមានច្រករបៀងក្បែរៗ ហ្នឹងបួនដប់ច្រក គេមិនឱ្យចូលចំច្រកគេនៅប្រចាំការហ្នឹងទេ។ មន្ត្រីរកស៊ីខូចៗ ច្រើនណាស់ វាមិនឱ្យចេញអីវ៉ាន់ចំកន្លែងវាទេ ដោយ៥០ម៉ែត្រ ៦០ម៉ែត្រ មានច្រករបៀងតូចរបស់វាមួយទៀតអ៊ីចឹងទៅ។ សូម្បីតែពងមាន់ក៏វានាំចេញខុសច្បាប់ដែរ»។
ប្រជាពលរដ្ឋដែលរស់នៅជិតព្រំដែន ឱ្យដឹងបន្ថែមថា ការរត់ពន្ធម៉ូតូខុសច្បាប់ពីទឹកដីថៃ ចូលមកទឹកដីខ្មែរភាគច្រើនមិនសូវមានឧបសគ្គនោះទេ ព្រោះអ្នករត់ពន្ធបានចំណាយប្រាក់ឱ្យទៅមន្ត្រីព្រំដែនដែលប្រចាំការនៅទីនោះ។
ម៉ូតូដែលលួចរត់ពន្ធឆ្លងដែនខុសច្បាប់ ភាគច្រើនជាប្រភេទម៉ូតូស៊េរីថ្មី និងម៉ូតូធំ ដែលមានតម្លៃចន្លោះពី២ពាន់ដុល្លារ (២.០០០) ទៅជាង១ម៉ឺនដុល្លារ នៅលើទីផ្សារកម្ពុជា ហើយម៉ូតូទាំងនោះ ភាគច្រើនបានមកពីផលចោរកម្ម។ ការនាំយកម៉ូតូឆ្លងដែនគេចពន្ធខុសច្បាប់ ធ្វើឡើងជាប្រព័ន្ធ ដោយមានកន្លែងលាក់ទុកនៅលើទឹកដីថៃ និងមានអ្នកបញ្ជូនមកព្រំដែន។ នៅពេលដឹកមកដល់ព្រំដែន មានអ្នកស៊ីឈ្នួលចាំទទួលយកម៉ូតូឆ្លងទៅទឹកដីកម្ពុជា ក្នុងថ្លៃឈ្នួលម៉ូតូ ១គ្រឿង ចន្លោះពី២ពាន់បាត ឬជាង៥០ដុល្លារ ទៅ៤ពាន់បាត ឬជាង ១រយដុល្លារ(១០០)។
អ្នកទិញម៉ូតូគ្មានពន្ធម្នាក់នៅខេត្តបាត់ដំបង សុំមិនបញ្ចេញឈ្មោះដោយសារបារម្ភពីបញ្ហាសុវត្ថិភាព បានបង្ហើបឱ្យដឹងថា ចំពោះម៉ូតូដែលគេចពន្ធ ដែលលោកទទួលទិញ លោកអាចលក់ចេញវិញក្នុងតម្លៃគុណនឹង២ ក្នុងមួយគ្រឿង។ លោកបន្តថា ម៉ូតូគ្មានពន្ធដែលនាំចូលមកពីប្រទេសថៃ មានតម្លៃថោកជាងម៉ូតូ ដែលនាំចូលមកស្របច្បាប់ពាក់កណ្ដាល។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា អ្នកដែលព្រមទិញម៉ូតូអត់ពន្ធត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការបង់ពន្ធ និងទទួលខុសត្រូវចំពោះមុខច្បាប់នៅពេលមានបញ្ហា។
កាលពីថ្ងៃទី៣០ ឧសភា ទាហានកម្ពុជា និងទាហានថៃប្រចាំការនៅខេត្តស្រះកែវ (Sa Kaeo) បានចាប់ម៉ូតូគេចពន្ធ ៦គ្រឿង នៅច្រករបៀងព្រំដែនខ្មែរ ថៃ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យបានបណ្ដើរចេញតាមផ្លូវក្នុងព្រៃនៅពេលយប់។ ទោះជាយ៉ាងនេះក្ដី ជនសង្ស័យបានទុកម៉ូតូចោល ហើយនាំគ្នារត់គេចខ្លួនទាំងអស់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ និងស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២ មិថុនា។
ម៉ូតូគេចពន្ធ និងទទួលទិញពីចោរ កំពុងមានទីផ្សារ និងចែកចាយលក់ទៅតាមបណ្ដាខេត្ត រហូតដល់រាជធានីភ្នំពេញ ដោយនៅពេលអាជ្ញាធរចេញប្រតិបត្តិការម្ដងៗ ចុះចាប់បានរាប់ពាន់គ្រឿង។ ជាក់ស្ដែង កាលពីខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបហាងបញ្ចាំ និងឃ្លាំងម៉ូតូ១៥ទីតាំង ដែលសង្ស័យថា ទទួលបញ្ចាំពីក្រុមចោរ និងលាក់ម៉ូតូគេចពន្ធ ដោយរកឃើញម៉ូតូគ្មានឯកសារច្បាស់លាស់ជាង ១ពាន់គ្រឿង។ ទន្ទឹមគ្នានេះ នៅខែតុលា ឆ្នាំ២០២២ កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗ ជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ។ ម៉ូតូធំដែលមានតម្លៃពីខ្ទង់ពាន់ រហូតដល់ម៉ឺនដុល្លារ ចំនួន៨០ភាគរយ ក្នុងចំណោមម៉ូតូជាង២០០គ្រឿង ជាម៉ូតូអត់ពន្ធ និងមួយចំនួនបង់ពន្ធទម្លាក់ឆ្នាំ។
ជុំវិញរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី សង្កេតឃើញនៅតាមហាងម៉ូតូមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ មានដាក់លក់ម៉ូតូគេចពន្ធដោយចំហ ដោយអាជ្ញាធរនៅតាមព្រំដែនបើកដៃឱ្យឈ្មួញនាំចូលដោយសេរី។ លោកយល់ឃើញថា ភាពធូររលុងនៃការអនុវត្តច្បាប់ អំពើពុករលួយតាមព្រំដែន និងការបើកដៃឱ្យលក់ម៉ូតូគេចពន្ធទាំងនោះយ៉ាងអនាធិបតេយ្យនឹងធ្វើឱ្យពលរដ្ឋដែលទិញយកទៅប្រើប្រាស់ខាតបង់ ព្រមទាំងត្រូវប្រឈមមុខជាមួយច្បាប់ ខណៈអ្នកទទួលផលចំណេញគឺឈ្មួញ និងមន្ត្រីពុករលួយ។
លោក ឌិន ពុទ្ធី៖ «អ៊ីចឹងរដ្ឋាភិបាលគួរតែបង្ក្រាបពាក់ព័ន្ធរឿងមន្ត្រីនៅតាមច្រកហ្នឹង។ ប្រសិនមន្ត្រីនៅតាមច្រកអន្តរជាតិ ក៏ដូចច្រករបៀងឬក៏មន្ត្រីគយដែលមានការឃុបឃិតពាក់ព័ន្ធនឹងរឿងហ្នឹងគឺវាមិនអាចនាំចូលបានទេ ប្រសិនបើគ្មានការឃុបឃិត។ ដោយសារតែពួកមន្ត្រីខិលខូចមានការឃុបឃិតជាមួយគ្នាហ្នឹងដើម្បីផលប្រយោជន៍ហ្នឹង បាននាំម៉ូតូអត់ពន្ធហ្នឹងមកយ៉ាងច្រើន»។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ លើកឡើងថា ការបណ្ដោយឱ្យមន្ត្រីព្រំដែនសហការរកស៊ីដោយខុសច្បាប់ជាមួយឈ្មួញបែបនេះនឹងធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធនាំចូលមួយផ្នែក និងធ្វើឱ្យពលរដ្ឋក្នុងប្រទេសរងគ្រោះចំពោះផ្លូវច្បាប់ដោយសារការប្រើប្រាស់ផលិតផលគេចពន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
