គ្រូបង្រៀន​មួយ​ចំនួន​នៅ​វិទ្យាល័យ​ក្រឡាញ់​ខេត្ត​សៀមរាប​បន្ត​ទាមទារ​ឲ្យ​ផ្លាស់​ប្ដូរ​នាយក

0:00 / 0:00

ទំនាស់​រវាង​គ្រូបង្រៀន​មួយ​ក្រុម​ជាមួយ​នឹង​នាយក​សាលា ដែល​ទើប​តែ​ឡើង​គ្រប់គ្រង​ថ្មី​នៅ​វិទ្យាល័យ​ស្រុក​ក្រឡាញ់ ឋិត​នៅ​ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ​ភាគ​ត្បូង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប គឺ​បាន​អូស​បន្លាយ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។

ក្រុម​គ្រូបង្រៀន​ប្រមាណ ១៦​នាក់ បាន​រួម​គ្នា​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​លើក​ច្រើន​សា ព្រម​ទាំង​បាន​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស​ផង ដើម្បី​តវ៉ា​ឲ្យ​ដក​នាយក​ថ្មី​នោះ​ចេញ​ពី​តំណែង​វិញ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ទេ។

គ្រូបង្រៀន​ប្រមាណ ១៦​នាក់​នៅ​វិទ្យាល័យ​ក្រឡាញ់ ទើប​តែ​សុខ​ចិត្ត​នាំ​គ្នា​ចូល​បង្រៀន​សិស្ស​នៅ​តាម​ថ្នាក់​ជា​ធម្មជាតិ​វិញ​ក្នុង​រយៈពេល ៤​ថ្ងៃ​មក​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​កូដកម្ម​តវ៉ា​ប្រឆាំង​នឹង​នាយក​សាលា ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី ហើយ​ផ្អាក​មិន​បង្រៀន​សិស្ស​រយៈពេល​ជាង ២​សប្ដាហ៍​កន្លង​មក​ហើយ។

ក្រុម​គ្រូបង្រៀន​ទាំង​នោះ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ពួក​គេ​សុខ​ចិត្ត​វិល​ចូល​មក​បង្រៀន​សិស្ស​ជា​ធម្មតា​វិញ​ក៏ដោយ ក៏​មិន​មែន​មាន​ន័យ​ថា ពួក​គេ​បោះបង់​ចោល​ការ​តវ៉ា​ប្រឆាំង​នឹង​នាយក​វិទ្យាល័យ​ក្រឡាញ់ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​នោះ​ទេ។

គ្រូបង្រៀន​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នាយក​សាលា​ថ្មី គឺ​លោក ឌិន ចាន្ថា។ លោក​មាន​ប្រសាសន៍​ថា រូប​លោក និង​គ្រូបង្រៀន ១៥​នាក់​ផ្សេង​ទៀត ទើប​តែ​សុខ​ចិត្ត​ចូល​បង្រៀន​សិស្ស​ជា​ធម្មតា​វិញ​បាន​រយៈពេល ៤​ថ្ងៃ​ប៉ុណ្ណោះ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា។ គ្រូបង្រៀន​ដដែល​បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា គឺ​រូប​លោក និង​គ្រូបង្រៀន​ចំនួន ១៦​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​ទេ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នាយក​វិទ្យាល័យ​ក្រឡាញ់ ឈ្មោះ ស៊ាន ផល្លា ចេញ​ពី​តួនាទី ប៉ុន្តែ​ទាំង​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា រួម​នឹង​អាជ្ញាធរ​ខេត្ត​សៀមរាប បែរ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទេ។ លោក ឌិន ចាន្ថា បញ្ជាក់​ថា ថ្វីត្បិតតែ​ពេល​នេះ​រូប​លោក និង​គ្រូបង្រៀន​ជាច្រើន​ទៀត សុខ​ចិត្ត​ចូល​បង្រៀន​វិញ​ក៏ដោយ ក៏ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា បញ្ចប់​ការ​ទាមទារ​ឡើយ៖ «យើង​រៀបចំ​របាយការណ៍​ដើម្បី​ដាក់​ទៅ​អភិបាល​ខេត្ត​បន្ត​ទៀត ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ ព្រោះ​អី​មន្ត្រី​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា មក​ហើយ​ទៅ​វិញ សរសេរ​តែ​របាយការណ៍​អត់​ពិត​មួលបង្កាច់​បំភ្លៃ​ខុស​ពី​ការ​ពិត»

គ្រូ​ម្នាក់​ទៀត​ឈ្មោះ ឡាប សុផន អះអាង​ថា នាយក​វិទ្យាល័យ​ក្រឡាញ់ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​ឈ្មោះ ស៊ាន ផល្លា នោះ គឺ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​លើ​ការ​ចាយ​វាយ​ថវិកា​ទ្រទ្រង់​សាលា ដែល​ហៅ​កាត់​ថា ភីប៊ី (PB) ព្រម​ទាំង​បង្កើត​ឲ្យ​មាន​បក្ខពួក​និយម​នៅ​ក្នុង​ចំណោម​គ្រូបង្រៀន និង​សិស្ស​ទៀត​ផង៖ «លោក ស៊ាន ផល្លា ហ្នឹង​គាត់​មិន​មាន​ចរិត​កែប្រែ​ទាំងអស់ និយាយ​ទៅ​ការ​ចាយ​វាយ (PB) ក៏​នៅ​តែ​មិន​មាន​តម្លាភាព។ អត់​មាន​ការ​រីក​ចម្រើន​ទៅ​មុខ អត្តចរិត​នៃ​ការ​គ្រប់គ្រង​នៅ​តែ​បែង​ចែក​ឲ្យ​គ្រូៗ​មាន​បក្ស​គាំទ្រ និង​បក្ស​មិន​គាំទ្រ​ជាដើម»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​នាយក​វិទ្យាល័យ​ក្រឡាញ់ លោក ស៊ាន ផល្លា ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ក្រុម​គ្រូបង្រៀន​ទាំង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចាប់​តាំង​តែ​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៤ មក ក្រុម​គ្រូបង្រៀន​ខ្លះ​បាន​ប្ដឹង​នាយក​វិទ្យាល័យ​ក្រឡាញ់ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​មន្ត្រី​ណា​រក​យុត្តិធម៌​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ ចាប់​តាំង​ពី​មាន​បណ្ដឹង​ប្រឆាំង​នឹង​នាយក​វិទ្យាល័យ​នោះ​មក គឺ​មាន​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប ព្រម​ទាំង​មន្ត្រី​សាលា​ខេត្ត​ផង បាន​ចេញ​ចូល​ទៅ​ប្រជុំ និង​សម្រប​សម្រួល​ជា​ញឹកញាប់ ក៏ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ឲ្យ​គ្រូបង្រៀន​មួយ​ក្រុម ដែល​តវ៉ា​នោះ​អាច​ទទួល​យក​បាន​ទេ។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​សៀមរាប លោក អ៊ុង សេរីឌី បាន​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​ជុំវិញ​ដំណោះស្រាយ​យ៉ាង​ណា​ទៀត​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា កន្លង​ទៅ លោក អ៊ុង សេរីឌី ធ្លាប់​មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​រវាង​គ្រូបង្រៀន ១​ក្រុម​ជាមួយ​នាយក​វិទ្យាល័យ​ក្រឡាញ់ នោះ មិន​មែន​តែ​មន្ទីរ​អប់រំ យុវជន និង​កីឡា ប៉ុណ្ណោះ​ទេ ដែល​តែង​ចុះ​ទៅ​ដោះស្រាយ​ជា​ញឹកញាប់ សូម្បី​តែ​អភិបាល​រង​ខេត្ត​សៀមរាប លោក ម៉ៅ វុឌ្ឍី ក៏​ធ្លាប់​ចុះ​ទៅ​ដោះស្រាយ​ដែរ។ លោក អ៊ុង សេរីឌី បញ្ជាក់​ថា មន្ទីរ​អប់រំ យុវជន និង​កីឡា បាន​ស្រាវជ្រាវ​រួច​ហើយ គឺ​នាយក​វិទ្យាល័យ​ក្រឡាញ់ ដែល​ទើប​តែ​មក​គ្រប់គ្រង​ថ្មី​នោះ​មិន​មាន​កំហុស ដូច​ដែល​គ្រូបង្រៀន​ខ្លះ​ចោទ​ប្រកាន់​នោះ​ទេ។ លោក អ៊ុង សេរីឌី បាន​ចាត់​ទុក​ថា មាន​តែ​គ្រូបង្រៀន ៥-៦​នាក់​ទេ​ដែល​រឹងរូស​មិន​ទទួល​ស្គាល់​ការ​គ្រប់គ្រង​របស់​នាយក​ថ្មី៖ «ការ​ប្ដឹង​ផ្ដល់​នោះ​វា​គ្រាន់​តែ​ជា​បញ្ហា​បុគ្គល ១​ក្រុម​ទេ ឯ​គ្រូ​ភាគ​ច្រើន គឺ​គេ​គាំទ្រ​ការ​ដឹក​នាំ ឬ​ក៏​ការ​បំពេញ​ការងារ​របស់​នាយក​ហ្នឹង»

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ លោក ស៊ឹម សោភ័ណ មាន​ប្រសាសន៍​ថា លោក​ហាក់​ដូចជា​មិន​យល់​ចំពោះ​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​អភិបាល​រង​ខេត្ត​សៀមរាប ដែល​ចុះ​មក​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង​គ្រូបង្រៀន ជាមួយ​នាយក​វិទ្យាល័យ​ក្រឡាញ់ ជា​ញឹកញាប់ ក៏ប៉ុន្តែ​នៅ​តែ​មិន​អាច​ផ្ដល់​យុត្តិធម៌​បាន​នោះ។ លោក ស៊ឹម សោភ័ណ បញ្ជាក់​ថា ទាំង​ប្រធាន​ក្រុមប្រឹក្សា និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ ភាគ​ច្រើន​សុទ្ធតែ​គាំទ្រ​ឲ្យ​មាន​ការ​ដក​ហូត​តួនាទី​នាយក​សាលា​នោះ ហើយ​កាល​ពី​ពេល​ថ្មីៗ ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ សម្រេច​វិសាលភាព​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នាយក​វិទ្យាល័យ​នោះ​ទៀត​ផង៖ «គេ​បាន​រក​ឃើញ​ច្រើន ដូចជា​ការ​ចាយ​វាយ​ប្រាក់ (PB) ខុស​ខ្ទង់ បន្លំ​ហត្ថលេខា​អី​ផង​ទៅ​ធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន គាត់​មិន​ពេញ​ចិត្ត មិន​សប្បាយ​ចិត្ត»

ក្រុម​គ្រូបង្រៀន ១៦​នាក់​ដែល​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នាយក​វិទ្យាល័យ​ក្រឡាញ់ ទាំង​នោះ ឲ្យ​ដឹង​ថា ពួក​គេ​នឹង​មិន​បោះបង់​ចោល​ការ​តវ៉ា​ដោយ​ងាយៗ​ឡើយ ហើយ​ពួក​គេ​កំពុង​រក​ច្រក​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ស្រាវជ្រាវ​រឿង​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។