អាជ្ញាធរ​ថៃ​បង្ក្រាប​បាន​ឧក្រិដ្ឋជន​ឆបោក​​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ជា​ច្រើន​ករណី ទោះបី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​លុបបំបាត់

ដោយ ហ៊ុំ ចំរើន
2024.12.06

អាជ្ញាធរ​ថៃ​បាន​បង្ក្រាប និង​ចាប់ខ្លួន​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត​ជាបន្តបន្ទាប់ ដោយ​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា ឧក្រិដ្ឋជន​ខ្លះ បាន​ព្យាយាម​រត់​គេចខ្លួន​ចូល​មក​កម្ពុជា និង​ខ្លះ​ទៀត​ជា​ជនបរទេស ប៉ុន្តែ​មាន​សញ្ជាតិ​ខ្មែរ។ អាជ្ញាធរ​ថៃ​ដាក់​ការ​សង្ស័យ​ថា ឧក្រិដ្ឋជន​ឆបោក​ទាំង​នោះ អាច​មាន​ក្រុម​ខ្សែ​បណ្ដាញ​ធំ ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិលជំរុញ​អាជ្ញាធរ​កម្ពុជា ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត។

គិត​ត្រឹម​ដើម​ខែ​ធ្នូ នេះ អាជ្ញាធរ​ថៃ​បាន​បង្ក្រាប​ករណី​ឆបោក​តាម​អ៊ីនធឺណិត​ជា​បន្តបន្ទាប់ ដែល​គេ​សង្ស័យ​ថា ឧក្រិដ្ឋជន​ទាំងនេះ បាន​បំបែក​សាខា​ចេញពី​ខ្សែ​បណ្ដាញ​ធំ​នៅ​កម្ពុជា។

ក្នុង​នោះ កាលពី​ថ្ងៃទី៤ ខែ​ធ្នូ សមត្ថកិច្ច​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​របស់​ថៃ បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​មជ្ឈមណ្ឌល​ឆបោក​តាម​អ៊ីនធឺណិត ដែល​អាជ្ញាធរ​រក​ឃើញ​ថា ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ ដែល​បង្កប់​ខ្លួន​ក្នុង​រមណីយដ្ឋាន​មួយ​កន្លែង​ នៅ​ខេត្ត​ឈៀងម៉ៃ​ (Chiang Mai)។ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​រក​ឃើញ​ក្រុម​ជនជាតិ​ចិន​ចំនួន ៩នាក់ ជនជាតិ​ភូមា​ចំនួន ៤នាក់ និង​ឧបករណ៍​ទូរគមនាគមន៍ ប្រើ​សម្រាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់​ជាច្រើន​ទៀត។

ដោយឡែក​កាលពី​ថ្ងៃទី២ ខែ​ធ្នូ កម្លាំង​សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ស្ថិត​ក្នុង​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) ខេត្តស្រះកែវ (SaKeo) ជិត​ព្រំដែន​កម្ពុជា ដែល​គេ​សង្ស័យ​ថា បុរស​ចិន​រូប​នោះ គឺជា​មេខ្លោង​ឆបោក​តាម​អ៊ីនធឺណិត និង​ព្យាយាម​រត់​គេចខ្លួន​ចូល​ប្រទេស​កម្ពុជា។ អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​ថា ជនសង្ស័យ​ឈ្មោះ ទឺមីន វិន (Demin Wen) បាន​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ឆបោក​ជាច្រើន​កន្លែង​នៅ​តាម​ផ្ទះ​ជួល​ក្នុង​ខេត្ត​ឈៀងម៉ៃ (Chiang Mai) ដើម្បី​ជួយ​សម្រួល​ដល់​មជ្ឈមណ្ឌល​ឆបោក។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ឆ្មក់​ចូល ឆែកឆេរ​ទីតាំង​មួយ​កន្លែង​របស់​ជនសង្ស័យ ដោយ​ប៉ូលិស​បាន​រក​ឃើញ​ស៊ីមកាត​ចំនួន​ជិត ៦០ម៉ឺន (៥៩០.០០០) កុំព្យូទ័រ ៧២គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​ជាង ១ពាន់​គ្រឿង (.៤៥៥គ្រឿង)

នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ជួយសង្គ្រោះ​ជនជាតិ​ថៃ​ចំនួន ៤នាក់ ដែល​បាន​រត់​គេចខ្លួន​ពី​កន្លែង​ឃុំឃាំង និង​ឆបោក​តាម​អនឡាញ​របស់​ជនជាតិ​ចិន​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បញ្ជូន​ទៅ​ប្រទេស​កំណើត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ កត់សម្គាល់​ឃើញ​ថា ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ហាក់​មាន​ជំនាញ​កាន់តែ​ខ្លាំង និង​ពង្រីក​បណ្ដាញ​កាន់តែ​ច្រើន។ លោក​បន្ត​ថា ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ទាំងនេះ អាជ្ញាធរ​កម្ពុជា គួរតែ​សហការ​ជាមួយ​អាជ្ញាធរ​ប្រទេស​ជិតខាង ដោយ​បោសសម្អាត​បទល្មើស​នេះ​ចាប់ផ្ដើម​ចេញ​ពី​តំបន់​ព្រំដែន ជាពិសេស​គឺ​ការ​ប្រើប្រាស់​វិធាន​គ្រប់គ្រង​ច្រក​ចេញចូល នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ឱ្យ​ចំ​គោលដៅ​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ។

លោក សេក សុជាតិ៖ «អ៊ីចឹង​គួរតែ​ផ្ដោត​ប្រព័ន្ធ​សន្តិសុខ​ឌីជីថល ឬក៏​អ៊ីនធឺណិត​ហ្នឹង​ទៅ​លើ​ក្រុម​បរទេស ឬក៏​ទីតាំង​កន្លែង​ណា​ដែល​មាន​ការ​សង្ស័យ​ខ្ពស់ ជាជាង​ការ​យក​បញ្ហា​ទាំងអស់​ហ្នឹង ឬក៏​បច្ចេកវិទ្យា​ទាំងអស់​ហ្នឹង​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ក្រុម​សកម្មជន ឬក៏​អ្នក​ដែល​មិន​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស ហើយ​គ្រាន់តែ​ធ្វើ​ដើម្បី​កិច្ច​ការងារ​សង្គម​អី​ជា​ដើម»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និង​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ។

អ្នកស្រី ជូ ប៊ុនអេង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា កម្ពុជា ក៏​ជា​ប្រទេស​ដែល​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត និង​ចាប់ជំរិត​ដែរ ហើយ​ក្នុង​ករណី​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​សាមី គួរតែ​រួមគ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ជាជាង​ការ​ដាក់​បន្ទុក និង​ទម្លាក់កំហុស​ទៅលើ​ប្រទេស​ណាមួយ។

យ៉ាងណាមិញ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​រដ្ឋធានី​វៀងចន្ទន៍(Vientiane) ប្រទេស​ឡាវ(Laos) កាលពី​ថ្ងៃទី៩ ខែ​តុលា នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់​(Paetongtarn Shinawatra) បាន​លើក​យក​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ទៅ​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ។

ទោះជា​បែបនេះ​ក្ដី រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​ពី​ទំនួលខុសត្រូវ ចំពោះ​ករណី​ឆបោក​តាម​អ៊ីនធឺណិត​នេះ​នោះ​ទេ ដោយ​កន្លងមក​អាជ្ញាធរ​កម្ពុជា តែងតែ​ច្រានចោល​ចំពោះ​ការ​រក​ឃើញ និង​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ពីក្រៅ​ប្រទេស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ការ​ធ្វើទារុណកម្ម​លើ​ពលករ​បរទេស ឱ្យ​ធ្វើ​ការ​ឆបោក ថា​ជា​ការ​មួលបង្កាច់ និង​លាប​ពណ៌​មក​លើ​កម្ពុជា​ទៅវិញ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់​ឃើញ​ថា ការ​បង្ក្រាប​ករណី​ឆបោក​តាម​អ៊ីនធឺណិត​នេះ ហាក់​មាន​ភាព​ស្មុគស្មាញ​ជាង​បទល្មើស​ធម្មតា ដែល​ទាមទារ​ឱ្យ​មាន​ការ​សហការ​គ្នា រវាង​រដ្ឋ​នឹង​រដ្ឋ ដោយ​កំណត់​ទិសដៅ​រក​មេខ្លោង ដែល​បង្កើត​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​នេះ​ឡើង។

លោក នី សុខា៖ «រឿង​អស់​នេះ មិនមែន​ជា​រឿង​មួយ​ដែល​យើង​បង្ក្រាប​ធម្មតា​បាន​ទេ។ បើ​ថា​មាន​រនុកក្នុង មាន​អ្នក​ឱ្យ​ការណ៍​អី​ទាំងអស់​ហ្នឹង គឺថា​យើង​ពិបាក​ណាស់​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​រដ្ឋាភិបាល ឬក៏​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហ្នឹង​ទាល់តែ​មាន​ឆន្ទៈ​មោះមុត​ណាស់​នៅ​ក្នុង​រឿង​អស់​នេះ ហើយ​កុំ​លើកលែង​នៅ​ពេល​ណា​ដែល​យើង​រក​ឃើញ​បណ្ដាញ​ខ្សែរយៈ​ហើយ ទោះបី​អ្នក​នោះ​ធំ​ប៉ុណ្ណា​ក៏ដោយ យើង​ត្រូវតែ​វែកមុខ​ឱ្យ​ដល់​ឫសគល់ បាន​យើង​អាច​បង្ក្រាប​បាន។ បើ​មិន​អ៊ីចឹង​ទេ យើង​ចាប់​បាន​តែ​ល្អិតល្អោច​ៗ ដូច​យើង​វៀច​ចក​អ៊ីចឹង»

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង (Beijing) កាលពី​ថ្ងៃទី៣ ខែ​ធ្នូ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ឆបោក ការ​បង្ក្រាប​បទល្មើស​ល្បែង​អនឡាញ។

យោង​តាម​ព័ត៌មាន​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ថា ​ក្នុង​រយៈពេល ៦ខែ ​ដើមឆ្នាំ២០២៤ នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ជាង ១.២០០នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។