អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍នៅថ្ងៃទី២៨ ខែកញ្ញា ថា ព្រះបរមរូបព្រះមហាវីរក្សត្រ នឹងត្រូវដង្ហែតម្កល់លើស្តូប ស្ថិតនៅសួនច្បារឆៀងខាងកើតវិមានឯករាជ្យ នៅថ្ងៃទី៥ ខែតុលា ខាងមុខ។ លោកបន្តថា មកដល់ពេលនេះ រូបសំណាកព្រះបរមរូប ព្រះមហាវីរក្សត្រ បានសាងសង់រួចរាល់ប្រមាណជាង ៩០%។ អ្នកសាងសង់កំពុងសម្រុកធ្វើឲ្យទាន់តាមកាលកំណត់ដែលតាមគម្រោង គណៈកម្មការសាងសង់ព្រះបរមរូបនេះ នឹងប្រារព្ធពិធីសម្ពោធឆ្លងជាផ្លូវការនៅថ្ងៃទី១១ ខែតុលា៖ «ដោយឡែកនៅសល់ការងារតែបន្តិចដែលសាលារាជធានីភ្នំពេញ កំពុងដុតដៃដុតជើង គឺការសាងសង់សួនច្បារ។ ថ្ងៃ១១ ខាងមុខ គឺជាថ្ងៃដែលគណៈកម្មការសម្ពោធដាក់ឆ្លង ហើយថ្ងៃទី១៥ គឺជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធ»។
ព្រះបរមរូបត្រូវសាងសង់ឡើងអំពីលង្ហិន មានកម្ពស់ជាង ៧ម៉ែត្រ នឹងត្រូវតម្កល់ក្នុងបុស្បុកកម្ពស់សរុប ២៧ម៉ែត្រ។
ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សាដោយព្រះរោគាពាធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
