ពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន EBC គ្រោង​លើកគ្នា​ទៅ​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2018-02-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ស្វែងរក​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited = EBC) សង​ប្រាក់​ដើម​មក​ពួក​គាត់​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ក្រុម​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ស្វែងរក​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited = EBC) សង​ប្រាក់​ដើម​មក​ពួក​គាត់​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ​រងគ្រោះ​ដោយ​អំពើ​ឆបោក​លុយ គ្រោង​លើកគ្នា​មក​តវ៉ា​ស្នើសុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ជុំវិញ​រឿង​ក្រុមហ៊ុន​អែម​ផាយអ៊ើ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) បោកប្រាស់​លុយ​ពួកគាត់​អស់​ម្នាក់ៗ​រាប់ពាន់​រាប់​ម៉ឺន​ដុល្លារ។

អ្នក​ជំនាញ​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ជូន​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំ​ឱ្យ​ពួកគាត់​ត្រូវ​ជំពាក់​បំណុល​គេ​វ័ណ្ឌក តាមរយៈ​ការ​វិនិយោគ​ក្លែងក្លាយ​មួយ​នេះ។

គម្រោង​លើកគ្នា​ទៅ​ស្នើសុំ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ពលរដ្ឋ​បាន​រង់ចាំ​ដំណោះស្រាយ និង​វិធានការណ៍​ជាក់លាក់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នានា មាន​ដូចជា រដ្ឋសភា ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​តុលាការ ទៅលើ​ក្រុមហ៊ុន​EBC អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក៏ប៉ុន្តែ​មិនទាន់​ឃើញ​មាន​លទ្ធផល​ជា​ដុំកំភួន​អ្វី​ពី​ស្ថាប័ន​ទាំងនោះ​ឡើយ។

ពលរដ្ឋ​រងគ្រោះ​មួយ​រូប គឺ​លោក រ័ត្ន យើង ថ្លែងប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី១៨ កុម្ភៈ ថា ពលរដ្ឋ​ដែល​គ្រោង​នឹង​ឡើង​មក​ស្នើសុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី រឿង​ឆបោក​លុយ​នេះ មាន​ប្រហែល​ពី ៣ រយ ទៅ ៤ រយ​នាក់ ឬក៏​អាច​លើស​ពី​នេះ អាស្រ័យ​ទៅតាម​ភាព​ជាក់ស្ដែង ព្រោះ​អ្នករងគ្រោះ​ដោយ​អំពើ​បោកប្រាស់​របស់​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) មាន​ចំនួន​រាប់ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា ពលរដ្ឋ​គ្រោង​ជួបជុំគ្នា​លើក​បដា​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី៖ «គោលបំណង​សំខាន់​នោះ គឺ​អ្នក​ដែល​រងគ្រោះ​ទាំងអស់​សុំ​ជួប​សម្ដេច​ដើម្បី​ឱ្យ​សម្ដេច​ជួយ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន (EBC) ដែល​បោកប្រាស់​ពលរដ្ឋ ព្រោះ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ច្រើន​កន្លែង តែ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​សោះ ដល់ពេល​អ៊ីចឹង​មានតែ​ផ្លូវ​ម្យ៉ាង​ចុងក្រោយ​ទេ គឺ​សុំ​ជួប​សម្ដេច​ឱ្យ​ជួយ​អន្តរាគមន៍​នេះ​ហើយ»

ក្រុមហ៊ុន EBC បាន​រង​ការចោទប្រកាន់ និង​ប្ដឹងផ្ដល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាង ៧​ពាន់​នាក់ ជុំវិញ​ការ​ឆបោក​លុយ ៦០លាន​ដុល្លារ​អាមេរិក។

ការ​ឆបោក​នេះ​ធ្វើឡើង​តាម​មធ្យោបាយ​ទិញ​ហ៊ុន​វិនិយោគ ដែល​មាន​តម្លៃ ២ពាន់​ដុល្លារ ក្នុង​មួយ​ហ៊ុន។ ក្រុមហ៊ុន​បាន​បញ្ចុះបញ្ចូល​ពលរដ្ឋ​ថា ពួកគេ​នឹង​ផ្ដល់​ភាគលាភ ១០​ភាគរយ​ក្នុង​មួយ​ខែ ហើយ​រយៈពេល ១៨​ខែ ក្រុមហ៊ុន​នឹង​សង​ប្រាក់​ដើម​ទាំងអស់​មក​ឲ្យ​អ្នក​វិនិយោគ​វិញ ក៏​ប៉ុន្តែ​ក្រោយ​ពេល​ពលរដ្ឋ​បាន​ដាក់​លុយ​ហើយ ក្រុមហ៊ុន​ស្រាប់តែ​បាន​បិទ​ការ​ធ្វើ​បណ្ដាញ​ទីផ្សារ និង​ឈប់​ទទួល​ទុន​វិនិយោគ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៥ មានន័យថា​ទាំង​ប្រាក់​ដើម និង​ទាំង​ភាគលាភ​នោះ ប្រជាពលរដ្ឋ​មិន​ទទួល​បាន​អ្វី​ទាំងអស់។

មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ ថា ទឹកប្រាក់​ដែល​ពលរដ្ឋ​ចាញ់បោក​ក្នុង​គម្រោង​វិនិយោគ​ក្លែងក្លាយ​នេះ​មាន​ចំនួន​ប្រមាណ ៤ រយ​លាន​ដុល្លារ​អាមេរិក ខណៈ​ពលរដ្ឋ​រងគ្រោះ​អាច​មាន​ដល់ ៥​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

ក្រសួងមហាផ្ទៃ​ចាត់​ទុក​ថា នេះ​ជា​គម្រោង​បោកប្រាស់​ដ៏​ធំ​មិន​ធ្លាប់​មាន និង​បង្ក​ជា​ហានិភ័យ​សម្រាប់​សង្គម និង​សេដ្ឋកិច្ច ហើយ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​មកពី​ក្រុមហ៊ុន EBC បញ្ជូន​ទៅ​តុលាការ​ក្រុងភ្នំពេញ ជុំវិញ​សំណុំរឿង​បោកប្រាស់​មួយ​នេះ។

ទោះបីជា​យ៉ាងណា សំណុំ​រឿង​នេះ​ហាក់​ដូចជា​ស្ងប់ស្ងាត់ បន្ទាប់ពី​មានការ​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​នោះ ហេតុ​ដូចនេះ​ហើយ​ទើប​ពលរដ្ឋ​គ្រោង​លើកគ្នា​ទៅ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​វិញ​ម្ដង ក្រែង​មាន​ដំណោះស្រាយ​ល្អ​ជាង​នេះ។

ទាក់ទង​រឿង​នេះ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​រដ្ឋាភិបាល​ជា​អ្នកទទួល​ស្គាល់​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​កាលពី​ដំបូង ដូច្នេះ​បើ​មាន​ភាព​មិន​ប្រក្រតី​កើតឡើង រដ្ឋាភិបាល​ក៏​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នេះ​ដែរ៖ «បើសិនជា​រដ្ឋាភិបាល​មិនបាន​លូកដៃ​ដោះស្រាយ​បញ្ហា​បាន​គត់មត់ តឹងរ៉ឹង​ទេ គឺ​វា​នឹង​ជះឥទ្ធិពល​ដល់​ជំនឿ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ព្រោះ​ក្រុមហ៊ុន​ដែល​គាត់​ប្រមូល​ប្រាក់​ដែល​សន្យា​ថា​ឱ្យ​ចំណេញ ១០ភាគរយ ក្នុង​មួយ​ខែ​ហ្នឹង ក៏​មាន​ការ​ដឹង​លឺ​ទទួលស្គាល់​ពី​រដ្ឋាភិបាល​ដែរ។ បន្ទាប់​មក​គឺ​បាត់​ទំនុក​ចិត្ត​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​គេ​ដំណើរការ​ដោយមាន​លក្ខណៈ​វិជ្ជាជីវៈ​សមស្រប ដូចជា ធនាគារ និង​មីក្រូហិរញ្ញវត្ថុ»

តាម​ការ​ប៉ាន់ស្មាន ជនរងគ្រោះ​ម្នាក់​ត្រូវ​ចាញ់បោក​ក្រុមហ៊ុន​អស់​ប្រាក់​ជា​មធ្យម ៨ពាន់​ដុល្លារ។ ក្រុម​ពលរដ្ឋ​អះអាង​ថា ភាគច្រើន​នៃ​លុយ​ទាំងនោះ​ពួកគាត់​បាន​មកពី​ការ​ខ្ចីបុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​យក​មក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ក្នុង​ក្ដី​ស្រមៃ​ថា នឹង​ជួយ​ឲ្យ​ជីវភាព​របស់​គាត់​មាន​ភាព​ប្រសើរ​ឡើង តែ​ផ្ទុយទៅវិញ ការ​វិនិយោគ​បែបនេះ​បែរជា​ធ្វើ​ឲ្យ​គាត់​បាត់បង់​ទ្រព្យសម្បត្តិ ដីធ្លី និង​ផ្ទះសម្បែង ព្រមទាំង​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Expect Hun Sen resolve, will be alooooong time because they bake the cake without dough and the Hun's are behind that !

Feb 18, 2018 11:44 AM

អ្នក​អាន​អនាមិក

សូមជំរាប នៅមានក្រុម ស្របច្បាប់ដែលបក្សពួក លោកហ៑ុនសែន សុីញេអោយសិទ្ធ ទៅ បោកប្រជាពលរដ្ឋ ជាច្រើនទៀត ដោយប្រជាពលរដ្ឋ មិនបានទៅប្តឹង ដោយគ្មានជំនឿតុលាការ កាត់ក្តីអោយបានលុយមកវិញ !

Feb 18, 2018 11:14 AM

យុវជន យុវនារី

រឿងនេះ តាចាស់ ហ៑ុន សែន ត្រូវតែចេញលុយសង ប្រជាពលរដ្ឋទាំងអស់ . ពីព្រោះរដ្ឋាភិបាលហ៑ុនសែន ជាអ្នកចេញច្បាប់អោយក្រុមហ៑ុន EBC នេះ !
( មិនមែនត្រឹមតែចាប់ដាក់គុកជនបោកប្រាស់រួច ធ្វើអោយបាត់លុយប្រជាពលរដ្ឋនោះទេ ត្រូវតែសងលុយប្រជាពលរដ្ឋវិញ !)

Feb 18, 2018 11:01 AM

គេហទំព័រ​ទាំងមូល