សហជីព​បដិសេធ​គម្រោង​ផ្ដល់​ប្រាក់​ខែ​គោល​៧៥​ដុល្លារ​ដល់​កម្មករ

សហជីព​តំណាង​កម្មករ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ភាគី​សហជីព​តំណាង​កម្មករ ត្រៀម​ខ្លួន​បន្ត​ប្រជុំ​ជជែក​រឿង​ប្រាក់​ខែ​អប្បបរមា​ជាមួយ​តំណាង​ថៅកែ​រោងចក្រ​កាត់​ដេរ​ទៀត ប៉ុន្តែ​មិន​ព្រម​ទទួល​យក​ប្រាក់ខែ​គោល​តិច​ជាង ១០០​ដុល្លារ​ក្នុង​មួយ​ខែ​ទេ។
ដោយ កែវ និមល
2013.03.05
Share on WhatsApp
Share on WhatsApp
កម្មករ ៣០៥ ២៥-កក្កដា-២០១០: កម្មករ​កម្មការិនី​​​ជួប​​ជុំ​គ្នា​ធ្វើ​វេទិកា​សាធារណៈ​មួយ​នៅ​ខាង​មុខ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​បាន​ពី ៧៥ ទៅ ៩៣​ដុល្លារ​ក្នុង​មួយ​ខែ។
RFA/Tin Zakariya

មន្ត្រី​សហជីព​តំណាង​កម្មករ​បដិសេធ​មិន​ទទួល​យក​ប្រាក់ខែ​គោល​ចំនួន ៧៥​ដុល្លារ​ក្នុង​មួយ​ខែ ដែល​តំណាង​ថៅកែ​រោងចក្រ​កាត់​ដេរ​មាន​គម្រោង​ផ្ដល់​ឲ្យ​កម្មករ​នោះ​ឡើយ ដោយសារ​ទំនិញ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថ្ងៃ​ទី​៥ មីនា ថា ប្រាក់​ខែ​គោល​កម្មករ​កាត់​ដេរ​ចំនួន ៧៥​ដុល្លារ​ក្នុង​មួយ​ខែ​នោះ​មាន​កម្រិត​ទាប ហើយ​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​ការ​ទាមទារ​របស់​សហជីព​ដែល​សុំ​ប្រាក់​ខែ​គោល​ចំនួន​ពី ១០០ ទៅ ១២០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក ជា មុនី៖ «ប្រាក់​បៀវត្សរ៍​កម្មករ​មាន​ចំនួន ១២០​ដុល្លារ​ក្នុង​មួយ​ខែ។ ១២០ នោះ​គឺ​ឲ្យ​ទៅ​កម្មករ​ទៅ គាត់​ចាយ​យ៉ាង​ម៉េច​ស្រេច​តែ​គាត់ លើ​ធ្វើ​ដំណើរ​ប៉ុន្មាន? ស្នាក់​នៅ​ប៉ុន្មាន? លើ​អាហារ​ថ្ងៃត្រង់​ប៉ុន្មាន គឺ​ស្រេច​តែ​គាត់។ បៀវត្សរ៍​កម្មករ​បើ​ក្នុង​តម្លៃ​មួយ​សមរម្យ​មិន​មាន​ទំនាស់​ទេ។ អ្នក​វិនិយោគ​ក៏​អាច​បន្ត​វិនិយោគ​បាន កម្មករ​ក៏​នៅ​បន្ត​ធ្វើ​ការ​បាន»

អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ ហៅ​ជា​ភាសា​អង់គ្លេស​ថា ហ្សីម៉ាក់ (GMAC) លោក ខេន លូ (Ken Loo) ជាប់​រវល់​ប្រជុំ មិន​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​ការ​ផ្សាយ​របស់​ព្រឹត្តបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថ្ងៃ​ទី​៥ មីនា បាន​ដក​ស្រង់​សំដី​របស់​លោក ខេន លូ បាន​និយាយ​ថា សមាគម​ថៅកែ​រោងចក្រ​កាត់​ដេរ​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល ហើយ​ថា ថៅកែ​រោងចក្រ​យល់​ព្រម​ផ្ដល់​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន ៧៥​ដុល្លារ​ក្នុង​មួយ​ខែ។ ប្រាក់ខែ​គោល ៧៥​ដុល្លារ​ក្នុង​មួយ​ខែ​នោះ គិត​សរុប​បញ្ចូល​ប្រាក់​ថែរក្សា​សុខភាព​ចំនួន ៥​ដុល្លារ ក្នុង​នោះ​ដែរ។

លោក កែន លូ និយាយ​បន្ថែម​ថា ប្រាក់ខែ​គោល ៧៥​ដុល្លារ​នេះ អាច​ឡើង​ទៀត​បាន បើ​សិន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​បន្ថែម។

ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លោក សោម អូន ដែល​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ មាន​ប្រសាសន៍​ថ្ងៃ​ទី​៥ មីនា ថា មក​ទល់​ពេល​នេះ​ភាគី​សហជីព​តំណាង​កម្មករ​មិន​ទាន់​បាន​ទទួល​ដំណឹង​ជា​ផ្លូវការ​អំពី​ចំនួន​ទឹក​ប្រាក់​គោល​នោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ជំនួប​ចុង​ក្រោយ​ជាមួយ​តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ កន្លង​ទៅ ភាគី​សហជីព​តំណាង​កម្មករ​ទាមទារ​ប្រាក់ខែ​គោល​ចំនួន ១០០​ដុល្លារ​ក្នុង​មួយ​ខែ។ បច្ចុប្បន្ន​កម្មករ​កាត់​ដេរ​មាន​ប្រាក់​ខែ​គោល​ចំនួន ៦១​ដុល្លារ​ក្នុង​មួយ​ខែ។

លោក សោម អូន៖ «ការ​ប្រជុំ​នេះ​មិន​មាន​នោះ និយោជក​ក៏​មិន​បាន​ដំឡើង​អ្វី​លើស​ពី​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ កន្លង​ទៅ​ទេ ហើយ​ភាគី​សហជីព​បាន​ចុះ​មក​នៅ​ត្រឹម ១០០ ដើម្បី​ជជែក​គ្នា។ GMAC កាល​ជជែក​គ្នា តួលេខ​ផ្លូវការ​គាត់​យល់​ព្រម​ឲ្យ​តែ ៧២​ដុល្លារ​ទេ ហើយ ៧២​នោះ គាត់​ទារ​បញ្ចូល​ប្រាក់​ថែរក្សា​សុខភាព​នេះ​មក​ក្នុង​ប្រាក់ខែ​គោល​ដែរ។ ជា​គោលការណ៍​សហជីព​យើង​មិន​ព្រម​ឲ្យ​បញ្ចូល​ប្រាក់​សុខភាព​ក្នុង​ប្រាក់ខែ​គោល​ទេ ពីព្រោះ​យើង​និយាយ​តែ​អំពី Minimum Wage មិន​និយាយ​អំពី​លុយ​អត្ថប្រយោជន៍​ផ្សេងៗ​ទេ ប៉ុន្តែ​យើង​ចាំ​មើល​តើ​សមាគម​កាត់ដេរ​គាត់​ឡើង​ប៉ុន្មាន?»

ប្រភព​ឯកសារ​សហជីព​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​រោងចក្រ​កាត់ដេរ​ប្រហែល ៤០០​រោងចក្រ និង​មាន​កម្មករ​ធ្វើ​ការ​ចំនួន​ជាង ៦​សែន​នាក់។ ប្រាក់​ចំណូល​ពី​វិស័យ​កាត់ដេរ​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​ប្រហែល ៤.៦០០​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។