មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន លើកឡើងថា អ្នកបើកបររថយន្តរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល មិនសូវយល់ដឹងពីច្បាប់ចរាចរណ៍ ដែលទាមទារឲ្យមានការអប់រំផ្សព្វផ្សាយបន្ថែម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ក្រៅពីការផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន ក្រុមការងារផ្សព្វផ្សាយច្បាប់នេះ ក៏ត្រូវតែរៀបចំសិក្ខាសាលាមួយទៀតឲ្យអ្នកបើកបររថយន្តរបស់ថ្នាក់ដឹកនាំ ដូចជាអ្នកបើកបររថយន្តឲ្យរដ្ឋមន្ត្រី និងអ្នកតំណាងរាស្ត្រ បានចូលក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការផ្សព្វផ្សាយនេះ នឹងចូលចែករំលែកដោយអ្នកជំនាញខាងផ្លូវ និងអ្នកបច្ចេកទេសច្បាប់៖ «ត្រូវមានធ្វើសិក្ខាសាលាអ្នកបើកឡានទាំងអស់ត្រូវរៀន ប្រធាននាយកដ្ឋានឡើងលើ ក៏ត្រូវរៀន ត្រូវពន្យល់គ្នាត ហើយអ្នកកាសែតទាំងអស់ ក៏ត្រូវយល់ ពីព្រោះមានរឿងច្រើនណាស់ដែលមិនយល់ ហើយចេះតែបង្ក»។
ការថ្លែងនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់អ្នកសារព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត ប្រមាណ ១០០នាក់នៅក្រសួងព័ត៌មាន ថ្ងៃទី២៦ មករា។
កាលពីថ្ងៃទី១០ ខែមករា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតក្រុមការងារវេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបង្រៀនច្បាប់នេះដល់សាធារណជន។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០១៥ បង្ហាញថា អ្នកទទួលរងគ្រោះថ្នាក់ចរាចរណ៍មានចំនួនជាង ២.២០០នាក់ គិតជាមធ្យមស្លាប់ក្នុងមួយថ្ងៃពី ៥នាក់ទៅ ៦នាក់។ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន កម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់ជាងគេ។ ក្នុងចំណោមគ្រោះថ្នាក់មាន ៩៤% នៃអ្នកបញ្ជាយានយន្ត ពុំគោរព និងពុំសូវយល់ដឹងពីច្បាប់ចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។