សហជីពស្នើដល់ក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរថាអោយរិះរកមធ្យោបាយសមស្របមួយជាមុនសិន ជាជាងការសម្រេចពន្យារ ពេលចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១។
សហជីពថា ការស្នើពន្យារពេលចរចាប្រាក់ឈ្នួលផ្ដើមដោយនិយោជកនេះគឺ និយោជកគិតតែពីផលប៉ះពាល់ក្នុងផ្នែករបស់ខ្លួន ដោយមិនបានគិតពីផលប៉ះពាល់ដល់កម្មករ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យ មានប្រសាសន៍ថា សមាគមរោងចក្រកាត់ដេរគួរតែផ្ដល់ដំណោះស្រាយណាមួយ ដែលប្រសើរជាងការពន្យារពេលចរចាប្រាក់ឈ្នួលគោល។
លោកថាហេតុផលដែលលើកឡើងដោយសមាគមរោងចក្រកាត់ដេរ ដើម្បីពន្យារពេលចរចានោះគ្រាន់តែជាការអះអាងរបស់ភាគីតែម្ខាង ដែលអាចនិយាយបានថាពុំមានតម្លាភាពសម្រាប់គ្រប់ភាគីអាចទទួលយកបានឡើយ៖ « ការបញ្ជាទិញ (order) ដែលដាក់ដោយក្រុមហ៊ុនម៉ាក យីហោ (Brand) តើវាមានកម្រិតយ៉ាងម៉េច ? តើវាប្រាកដជាអត់ការងារធ្វើមែនអត់ ? ខាងរដ្ឋាភិបាលក៏ត្រូវមានអធិការកិច្ចត្រួតពិនិត្យទៅលើរឿងហ្នឹងដែរ ដើម្បីបង្កើតប្រព័ន្ធតម្លាភាពមួយ។ យើងដឹងថាផលប៉ះពាល់របស់កូវីដ - ១៩ វាមានការបិទទីផ្សារនៅអាមេរិក នៅអឺរ៉ុប អ៊ីចឹងការប៉ះពាល់ជារួមវាមានមែន។ ចំណុចកណ្ដាលគឺយើងត្រូវមានក្រុមការងារ ឬគណៈកម្មការ ឬអីពិសេសមួយ ដែលបញ្ចូលសហជីពទាំងអស់ តំណាងនិយោជក ហើយមានអ្នកជំនាញពីអាយឡូ (ILO) ពីអីមក ដើម្បីត្រួតពិនិត្យមិនមែនចេះតែនិយោជកគាត់ចេះតែថាបានទេ»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ ខែមិថុនា ដោយលើកឡើងពីផលប៉ះពាល់ទៅលើវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះមានរោងចក្រសហគ្រាសជាច្រើនបានផ្អាកសកម្មភាព ព្រោះតែអ្នកបញ្ជាទិញជាច្រើនបានលុបចោលការបញ្ជាទិញ មិនទទួលយកទំនិញ ថែមទាំងមានករណីមិនទូទាត់ប្រាក់ ដែលបានព្រមព្រៀងថែមទៀត។ GMAC ថា ស្ថានភាពនេះមិនដឹងថាអាចវិលទៅរកភាពធម្មតាវិញនៅពេលណាឡើយ ហេតុនេះគួរតែពន្យារការចរចាប្រាក់ឈ្នួលហើយប្រាក់ឈ្នួលអប្បរមា ដែលមានស្រាប់ក្នុងផ្នែកនេះគួរតែរក្សាដដែល រហូតដល់ពេល ដែលស្ថានភាពវិលមកសភាពដើមវិញ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរ លោក ខេន លូ ប្រាប់វិទ្យុក្នុងស្រុកថា វិបត្តិជំងឺកូវីដ-១៩ ធ្វើអោយផលប៉ះពាល់ទាំងអស់គ្នា ពោលគឺទៅលើសេដ្ឋកិច្ចទាំងមូល។ លោកអះអាងថា ចំពោះរោងចក្រសហគ្រាស ដែលកំពុងមានដំណើរការក៏ពិបាកទទួលបានប្រាក់ទូទាត់មកវិញ ដោយអ្នកបញ្ជាទិញបានពន្យារការទូទាត់ប្រាក់ចន្លោះពី ១២០ ទៅ ១៦០ថ្ងៃនៅក្រោយពេលទទួលបានទំនិញពីបណ្ដារោងចក្រ សហគ្រាសអ្នកផលិត។
បើទោះជាយ៉ាងណា លោក គង់ អាទិត្យ បន្តថា ចាំបាច់ណាស់ ដែលគ្រប់ភាគីត្រូវរិះរកមធ្យោបាយមួយ ដែលអាចផ្ដល់អត្ថប្រយោជន៍ទាំងសង្ខាង គឺទាំងនិយោជក និងកម្មករ៖ « ក្នុងពេលកូវីដហ្នឹងមិនមែនលំបាកតែ និយោជកឯណា រដ្ឋាភិបាលក៏លំបាក កម្មករក៏លំបាក ហើយម៉េចក៏ត្រូវឱ្យទៅដល់ឆ្នាំ២០២១ ហ្នឹង ត្រូវអោយកម្មករលំបាកមួយជាន់ទៀត ? ជាទស្សនរបស់ខ្ញុំគិតថា វាអត់ត្រូវព្រោះក្នុងពេលនេះ គឺកម្មករគាត់បានតែ ៧០ដុល្លារទេ ( ព្យួរការងារ ) ព្រោះបើប្រាក់ខែធម្មតាវា ១៩០ដុល្លារ មានថែមម៉ោងថែមអីគាត់អាចដល់ជាង ២០០ដុល្លារ ២១៥ ឬ ២២០អីដែរ»។
មិនខុសគ្នានេះដែរ ប្រធានសម្ព័ន្ធចលនាសហជីពកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថា ក្នុងករណីមានការពន្យារពេលចរចាទៅតាមការស្នើរបស់និយោជកមែននោះ កម្មករជាអ្នកខាតបង់កាន់តែខ្លាំង គឺមានផលប៉ះពាល់កាន់តែធ្ងធ្ងរចំពោះពួកគាត់។ លោកថាគួរតែរកមធ្យោបាយសមស្របណាមួយសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដែលទទួលផលប្រយោជន៍ពីការចរចាប្រាក់ឈ្នួលនៅថ្ងៃខាងមុខនេះ៖ « ខ្ញុំគិតថាឱកាសនេះយើងគួរតែចូលតុជជែកគ្នាសិនថា តើយើងមានដំណោះស្រាយអី ដែលអាចល្អទាំងសង្ខាងបានចំពោះស្ថានភាពម៉ោងនេះ ? ពីព្រោះថា យើងយល់ទាំងអស់គ្នា។ ភាគីកម្មករពួកយើងយល់ពីការលំបាករបស់និយោជកដូចគ្នា ប៉ុន្តែ អ្វីដែលសំខាន់យើងអត់ទាន់ឃើញនិយោជកយល់ពីផលលំបាករបស់បងប្អូនកម្មករនៅឡើយទេ»។
បើទោះជាយ៉ាងណាក្ដី ចំពោះGMAC ការបង្អង់ការចរចាប្រាក់ឈ្នួលនឹងជួយអោយវិស័យវាយនភណ្ឌកាត់ដេរអាចបន្តនៅមានជីវិត ឬអាចនិយាយថាអាចរក្សាការងារសម្រាប់កម្មករនិយោជិត។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានប្រាប់សារព័ត៌មានក្នុងស្រុកថា នឹងពុំមានការព្យារពេលកិច្ចប្រជុំចរចាប្រាក់ឈ្នួលទេ។ លោកថាប្រសិនបើភាគីមានការលំបាកអាចលើកឡើងនៅក្នុងកិច្ចប្រជុំស្របទៅតាមលក្ខខណ្ឌនានា ដែលមានចែងនៅក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ឈ្នួលគោល។
ទាក់ទងដល់ច្បាប់នេះសេចក្ដីថ្លែងការណ៍របស់GMACបានលើកហេតុផលច្បាប់មកសំអាងដែរថា ក្នុងកថាខណ្ឌទី៣ នៃមាត្រា១០៧ នៃច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាបានកំណត់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាតម្រូវឱ្យផ្ដោតលើធាតុផ្សំជាលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច។ នៅក្នុងនោះក៏មានកត្តាប្រាក់ចំណេញរបស់វិស័យដែរ។
ត្រង់ចំណុចនេះ លោក គង់ អាទិត្យ ឆ្លើយតបថា ជាទូទៅនិយោជកតែងតែរកហេតុផលជានិច្ច ដើម្បីគេចវេះមិនដំឡើងប្រាក់ឈ្នួលអោយកម្មករ និយោជិត។ លោកថាកន្លងទៅនៅពេលដែលនិយោជកបានផលចំណេញក៏មិនបានយកចិត្តទុកដាក់ដល់កម្មករជាស្រេចទៅហើយ ឯការតម្លើងប្រាក់ឈ្នួលកន្លងទៅក៏មិនបានឆ្លើយតបនឹងតម្រូវការរស់នៅសមរម្យ និងថ្លៃថ្នូររបស់កម្មករដូចដែលមានចែងក្នុងច្បាប់សោះឡើយ៖ « បើតាមតថភាពជាក់ស្ដែងផ្អែកលើការស្រាវជ្រាវខ្លះ សម្ភាសកម្មករខ្លះ និងផ្អែកតាមការស្រាវជ្រាវការប្រកួតប្រជែងខ្លះខ្ញុំគិតថាប្រាក់ឈ្នួលគោលទៅថ្ងៃមុខអាចក្នុងចន្លោះកម្រិត២៥០ដុល្លាអ៊ីចឹងគឺអាចថាក្នុងរង្វង់ប្រកួតប្រជែងក៏បាន កិត្តិយសក៏បាន ហើយកម្មករគាត់ក៏អាចដំឡើងផលិតភាពបានទៅមុខទៀតអាចប៉ុណ្ណឹងបានពីព្រោះ ក្នុងការស្រាវជ្រាវខ្លះបើគេនិយាយពីកញ្ចប់ចំណីអាហារ មានបូកផ្នែកផ្សេងៗ ទៀតថ្នាំពេទ្យអីទៀតអ្នកដែលគេស្រាវជ្រាវនៅបរទេសគេរកឃើញរហូតទៅដល់ ៣០០ដុល្លារឯណោះ»។
ប្រាក់ឈ្នួលអប្បបរមានៅក្នុងឆ្នាំ២០២០នេះគឺ ១៩០ដុល្លារ ក្នុងមួយខែ ប៉ុន្តែក្នុងស្ថានភាពរោងចក្រព្យួរការងារក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ កម្មករទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៧០ដុល្លារ គឺ ៣០ដុល្លារពីភាគីរោងចក្រ និង ៤០ដុល្លារពីភាគីរដ្ឋាភិបាល។
ក្រសួងការងារបានជូនដំណឹងកាលពីថ្ងៃទី១០ មិថុនាថា ការចរចាប្រាក់ឈ្នួលគោលឆ្នាំ២០២១ នឹងចាប់ផ្តើមដំណើរការនៅខែកក្កដា រហូតដល់ខែកញ្ញាខាងមុខនេះ។
ក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដែលចែងពីលក្ខណវិនិច្ឆ័យកំណត់ប្រាក់ឈ្នួលនោះបញ្ជាក់ថា ក្នុងលក្ខណវិនិច្ឆ័យបែបសង្គម គឺគេផ្ដោតទៅលើ ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ ចំណែកលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចគឺផ្ដោតទៅលើ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ ច្បាប់ដដែលនេះបានចែងទៀតថាក្នុងករណីប្រធានសក្ដិ ឬករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងការងារអាចចេញប្រកាសផ្អាក ឬកែសម្រួលកាលវិភាគនៃការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាបាន។ ករណីបែបនេះប្រាក់ឈ្នួលអប្បបរមា ដែលបានកំណត់ចុងក្រោយនឹងមានសុពលភាពអនុវត្តបន្តរហូតមានការកំណត់ប្រាក់ឈ្នួលថ្មីមកជំនួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។