សហរដ្ឋអាមេរិកស្វាគមន៍ការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ
2023.03.17

សហរដ្ឋអាមេរិក សូមចូលរួមអបអរជាមួយប្រជាជនកម្ពុជា ក្នុងការទទួលបានវត្ថុបុរាណខ្មែរ ដែលត្រូវបានគេលួច និងដឹកត្រឡប់មកទុកនៅកម្ពុជាវិញ។
ក្នុងចំណោមវត្ថុបុរាណខ្មែរទាំងនោះ រួមមាន ព្រះពុទ្ធបដិមាប្រក់នាគ ព្រះឥសូរ ព្រះស្កន្ធ ព្រះគណេស និងចម្លាក់ជាច្រើនផ្សេងទៀត រួមទាំងគ្រឿងអលង្ការចំនួន ៧៧គ្រឿង ធ្វើពីមាស និងលោហៈ ដែលមានអាយុកាលប្រមាណជា ១ពាន់ឆ្នាំមុន។ វត្ថុបុរាណ និងគ្រឿងអលង្ការទាំងនេះ ត្រូវបានរក្សាទុកដោយក្រុមគ្រួសារលោក ដូហ្លាស់ ឡាចហ្វឌ (Douglas Latchford) ដែលធ្លាប់រងការចោទប្រកាន់ថា ជាអ្នករត់ពន្ធជួញដូរវត្ថុបុរាណដ៏ល្បីឈ្មោះម្នាក់ លើឆាកអន្តរជាតិ។
ក្នុងពិធីប្រារព្ធមាតុភូមិនិវត្តន៍តាមបែបវប្បធម៌ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ មីនា គឺមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ឯកអគ្គរាជទូតចក្រភពអង់គ្លេស និងប្រធានអង្គការយូណេស្កូប្រចាំកម្ពុជាជាដើម។ ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក មឺហ្វី (Patrick Murphy) គូសបញ្ជាក់ថា ការបញ្ជូនរូបចម្លាក់វត្ថុបុរាណដ៏មានតម្លៃទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិក ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌សាកលលោក។
អស់រយៈពេល ២០ ឆ្នាំ មកនេះ សហរដ្ឋអាមេរិក បានសម្របសម្រួលបញ្ជូនវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ដុំ ត្រឡប់មកកម្ពុជាវិញ និងបានជួយកសាងសមត្ថភាពរបស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ ថែមទៀតផង។ តាំងពីឆ្នាំ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ សម្រាប់ការងារជួសជុល និងអភិរក្សប្រាសាទបុរាណ ដូចជា ប្រាសាទភ្នំបាក់ខែង នៅឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។