ក្រុម​យុវជន​នៅ​ខ្វះ​ថវិកា​ជាង​៨​ពាន់​ដុល្លារ​ទៀត​ដើម្បី​បោះពុម្ព​សៀវភៅ​ទស្សនទាន​បណ្ឌិត កែម ឡី

ដោយ ថា កិត្យា
2016.10.08
មួង​ សូនី ៨៥៥ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី លោក មួង សូនី ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។
RFA

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ប្ដេជ្ញា​ថា នឹង​បោះ​ពុម្ព​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី ដែល​ពួកគេ​ខំ​ចងក្រង​នោះ ឲ្យ​ទាន់​ពិធី​បុណ្យខួប​គម្រប់ ១០០​ថ្ងៃ។ ទោះ​យ៉ាង​ណា ក្រុម​អ្នក​ចងក្រង​សៀវភៅ​នេះ កំពុង​ខ្វះ​ថវិកា​ជាង ៨​ពាន់​ដុល្លារ​ទៀត ដើម្បី​ដំណើរ​ការ​បោះពុម្ព​សៀវភៅ។ ពួកគេ​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​ជួយ​ជា​បន្ទាន់។

ពាក្យ​សម្ដី និង​ស្នាដៃ​សរសេរ​និពន្ធ​របស់​លោក កែម ឡី ដែល​កន្លង​មក​នៅ​រប៉ាត់រប៉ាយ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ត្រូវ​បាន​អតីត​កូន​សិស្ស និង​មិត្តភ័ក្ដិ​របស់​លោក​បាន​រួម​កម្លាំង​គ្នា​ប្រមូល​ចងក្រង​ជា​សៀវភៅ​រួចរាល់​ហើយ នៅ​ឡើយ​ខ្វះ​ថវិកា​បន្ថែម​ទៀត ដើម្បី​បោះ​ពុម្ព​សៀវភៅ​ឲ្យ​ចេញ​ជា​រូបរាង​ឲ្យ​ទាន់​ពិធី​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី។

​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គ្រោង​បោះពុម្ព​សៀវភៅ​កម្រង​ទស្សនៈ​បណ្ឌិត កែម ឡី ចំនួន ១​ម៉ឺន​ក្បាល ហើយ​មក​ដល់​ពេល​នេះ​បោះ​ពុម្ព​បាន ៥​ពាន់​ក្បាល​ហើយ នៅ​សល់ ៥​ពាន់​ក្បាល​ទៀត។ក្នុង​មួយ​ក្បាល​ត្រូវ​ចំណាយ​អស់​ថវិកា ៣​ដុល្លារ សរុប​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ៣​ម៉ឺន​ដុល្លារ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង លោក មួង សូនី អំពាវនាវ​ដល់​សប្បុរសជន​នានា ឲ្យ​ជួយ​ឧបត្ថម្ភ​ថវិកា​បន្ថែម​ដើម្បី​បោះពុម្ព​ផ្សាយ​ស្នាដៃ​គតិបណ្ឌិត​របស់​លោក កែម ឡី ក្នុង​គោលបំណង​រក្សាទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៖ «ឥឡូវ​នេះ​ឧបសគ្គ​របស់​យើង គឺ​ខ្វះ​ថវិកា​សម្រាប់​បោះ​ពុម្ព។ យើង​ប្រមូល​បាន ២១.៩០០​ដុល្លារ​ហើយ អ៊ីចឹង​នៅ​ខ្វះ ៨.១០០​ដុល្លារ​ទៀត»

លោក មួង សូនី បញ្ជាក់​ថា សៀវភៅ​នេះ​កត់ត្រា​ទុក​អំពី​ទស្សនទាន​របស់​បណ្ឌិត កែម ឡី ជុំវិញ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​ដែល​បណ្ឌិត កែម ឡី បាន​ថ្លែង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ចុះ​បង្រៀន​ផ្ទាល់​ដល់​យុវជន និង​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ សៀវភៅ​ទស្សនទាន​បណ្ឌិត កែម ឡី បាន​បែង​ចែក​ជា ២​ភាគ​ដោយ​មួយ​ភាគៗ មាន​កម្រាស់​ជាង ២០០​ទំព័រ។

សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ទស្សនទាន​លោក​បណ្ឌិត កែម ឡី នេះ បញ្ជាក់​ថា សៀវភៅ​នេះ អាច​នឹង​លក់​ក្នុង​តម្លៃ ៥​ដុល្លារ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង ២០​ដុល្លារ​សម្រាប់​ទីផ្សារ​ក្រៅ​ប្រទេស៖ «ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​លក់​សៀវភៅ​នេះ គឺ ៤០​ភាគរយ នឹង​យក​ទៅ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​កុមារ​ដែល​រង​ទុក្ខ​លំបាក និង​ឧទ្ទិស​បុណ្យ​ជូន​បណ្ឌិត កែម ឡី។ សម្រាប់​ថវិកា ៤០​ភាគរយ​ទៀត គឺ​នឹង​ជួយ​ដល់​សិស្ស​របស់​គាត់​ដែល​នឹង​បន្ត​គម្រោង ១០០​រាត្រី និង​រឿង​កោះ​ទាំង ៦៤។ ចំណែក ២០​ភាគ​ទៀត​សម្រាប់​ជូន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី»

ការ​ចងក្រង និង​បោះពុម្ព​ផ្សាយ​សៀវភៅ​កម្រង​ទស្សនទាន​បណ្ឌិត កែម ឡី គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​ប្រមូល​ផ្តុំ​ស្នាដៃ​របស់​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត។ ក្រុម​អ្នក​ចងក្រង​បញ្ជាក់​ថា ជំហាន​បន្ទាប់​របស់​ពួកគេ គឺ​ការ​ប្រមូល​ផ្ដុំ​ការ​សិក្សា​ស្រាវជ្រាវ​ទាំង​ឡាយ​របស់​បណ្ឌិត កែម ឡី ដែល​លោក​ធ្លាប់​បាន​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ ព្រមទាំង​ស្ថាប័នរដ្ឋ​ដើម្បី​ទុកជា​ឯកសារ​រឹងមាំ​សម្រាប់​អ្នក​ចង់​សិក្សា​ស្វែង​យល់​អំពី​បញ្ហា​នានា ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា និង​ដឹង​អំពី​ដំណោះស្រាយ​បញ្ហា​ទាំង​អស់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។