ព្រះតេជព្រះគុណ សំ គឹមសាធ ចាប់ផ្ដើម​ធ្វើ​ធម្មយាត្រា ចេញពី​ទីលាន​ប្រជាធិបតេយ្យ ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប

ដោយ ទីន ហ្សាការីយ៉ា
2024.02.02
ព្រះតេជព្រះគុណ សំ គឹមសាធ ចាប់ផ្ដើម​ធ្វើ​ធម្មយាត្រា ចេញពី​ទីលាន​ប្រជាធិបតេយ្យ ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប ព្រះតេជព្រះគុណ សំ គឹមសាធ (សយ សាធ) និង​លោក អ៊ុក ពេជ្រសំណាង សកម្មជន​សង្គម កំពុង​ធ្វើធម្មយាត្រា ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅខេត្តសៀមរាប ថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

បន្ទាប់ពី​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ ពី​អាជ្ញាធរ និង​បាត់​ព្រះ​ភក្ត្រ​មួយ​រយៈ ពេល​នេះ ព្រះតេជព្រះគុណ សំ គឹមសាធ ដេឡ​គេ​ធ្លាប់​ស្គាល់​ព្រះនាម​ថា សយ សាធ បាន​ចាប់ផ្ដើម​ដំណើរ​ធម្មយាត្រា​ជា​លើក​ទី​៣ ហើយ ដោយ​ព្រះអង្គ​គ្រោង​និមន្ត​ថ្មើរជើង​ឆ្លងកាត់​ខេត្ត​ចំនួន៨ ដែល​មាន​ចម្ងាយ​ដល់​ទៅ​ជិត ៧រយគីឡូម៉ែត្រ។ មន្ត្រី​សង្គម​ស៊ីវិលស្នើ​ដល់​អាជ្ញាធរ​ឱ្យ​ជួយ​សម្របសម្រួល​សុវត្ថិភាព​នៃ​ការ​ធ្វើ​ធម្មយាត្រា​របស់​ព្រះតេជព្រះគុណ ដោយ​មិន​ត្រូវ​ធ្វើទុក្ខបុកម្នេញ​លោក​ទៀត​ឡើយ។

ធម្មយាត្រា របស់​ព្រះតេជព្រះគុណ សំ គឹមសាធ បាន​ចាប់ផ្ដើម​ចេញ​ដំណើរ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២ កុម្ភៈ នេះ ដោយ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប និង​បញ្ចប់​នៅ​ភ្នំ​អដ្ឋរស្ស ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត ៧រយគីឡូម៉ែត្រ នឹង​ឆ្លងកាត់​ខេត្ត​ចំនួន៨ រួមមាន ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ស្ពឺ។ ធម្មយាត្រា​នេះ មាន​អ្នកចូលរួម​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង។

ព្រះតេជព្រះគុណ សំ គឹមសាធ មាន​ថេរ​ដីកា ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ធម្មយាត្រា​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម ដែល​ព្រះអង្គ​សង្កេតឃើញ​ថា ធ្លាក់​ចុះ​ដោយសារ​សកម្មភាព​ពលរដ្ឋ និង​អ្នកនយោបាយ។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​នឹង​យក​ធម្មយាត្រា​ធ្វើ​ជា​ការ​ផ្សព្វផ្សាយ​ធម៌ និង​ដំបូន្មាន​ព្រះពុទ្ធ អប់រំ​ទៅ​ពលរដ្ឋ និង​អ្នកនយោបាយ​ទាំងអស់​ឱ្យ​រួបរួម​សាមគ្គី​គ្នា និង​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​ទៅវិញទៅមក និង​ស្នើ​ឱ្យ​រដ្ឋាភិបាល ​ដោះលែង​សកម្មជន​សង្គម អ្នកនយោបាយ អ្នកទោស​មនសិការ ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ព្រះតេជព្រះគុណ សំ គឹមសាធ៖ «សេចក្ដី​ទុក្ខ​កើតឡើង​ដោយសារ​ភាព​បៀតបៀន​គ្នា ដោយសារ​ប្រើ​អំណាច​ហ្នឹង​ឯង ដែល​ធ្វើ​ឱ្យ​សង្គម​មាន​កលិយុគ កើត​នូវ​ហានិភ័យ​នៅ​ក្នុង​កម្ពុជា។ ពរ! មិន​ខ្លាច​សេចក្ដី​ស្លាប់​ទេ ស្លាប់​ក៏​ស្លាប់​ចុះ។ ស្លាប់​បាន​និយាយ​ការពិត ស្លាប់​បាន​យក​ធម៌​ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ ឱ្យ​អ្នក​ទាំងអស់​ដែល​ជា​អ្នកដឹកនាំ​ហ្នឹង យល់ដឹង​ថា សេចក្ដីប្រមាថ សេចក្ដី​ប៉ុនប៉ង​ជីវិត សេចក្ដី​បិទ​សិទ្ធិ​ដែល​ជា​សេចក្ដី​ល្អ​នេះ ឱ្យ​ពលរដ្ឋ​ពិចារណា​ដោយ​ការគួរ»

នេះគឺជាធម្មយាត្រាលើកទី៣ របស់​ព្រះតេជព្រះគុណ សំ គឹមសាធ ឬ សយ សាធ ដោយ​កាលពី​ឆ្នាំ២០២៣ ព្រះអង្គ​បាន​ធ្វើ​ធម្មយាត្រា​ចំនួន​ពីរ​លើក។ លើក​ទី​មួយ ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់ និង​លើក​ទី​ពីរ ឆ្ពោះ​ទៅ​ព្រំដែន​ថៃ(Thai) ដោយ​មាន​អ្នកចូលរួម​ដង្ហែ​ពី​សកម្មជន​សង្គម​ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន។ យ៉ាងណា ការ​ធ្វើ​ធម្មយាត្រា​ពីរ​លើក​កន្លងមក ព្រះតេជព្រះគុណ សំ គឹមសាធ តែង​រង​ការ​រារាំង ធ្វើទុក្ខបុកម្នេញ ចាប់​ផ្សឹក ពីសំណាក់​អាជ្ញាធរ និង​ការ​បណ្ដេញ​ចេញ​ពី​វត្ត​ជាដើម។

សកម្មជន​សង្គម លោក អ៊ុក ពេជ្រសំណាង ដែល​ធ្វើ​ធម្មយាត្រា​ជាមួយ​ព្រះអង្គ សំ គឹមសាធ កំពុង​ដើរ​កាន់​ផ្លាក ដែល​មាន​ខ្លឹមសារ​ថា “ធម្មយាត្រា​លើកកម្ពស់​សីលធម៌​សង្គម” លោក​បញ្ជាក់​ថា ធម្មយាត្រា​ដើរ​ថ្មើរជើង​នេះ អាច​ប្រើ​រយៈពេល​ជាង ១ខែ​កន្លះ ដោយសារ​លោក និង​ព្រះអង្គ សំ គឹមសាធ មាន​វ័យ​ចំណាស់ ដែលអាចនិមន្តថ្មើរជើងបានត្រឹមជាង២០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយ​ធម្មយាត្រា​នេះ អាច​ជួប​ឧបសគ្គ​ដោយសារ​ការ​រំខាន​ពីសំណាក់​អាជ្ញាធរ​នៅ​តាម​តំបន់​មួយចំ​នួន។

លោក អ៊ុក ពេជ្រសំណាង៖ «អ៊ីចឹង​ខ្ញុំ​បាទ​សរសេរ​សារ​នេះ ក្នុង​ដំណោះស្រាយ​មួយ​គឺ​ផ្ញើ​ទៅ​ដល់​អាជ្ញាប័ណ្ណ​នៃ​អាជ្ញាធរ​រដ្ឋ សមត្ថកិច្ច​និង​តុលាការ និង​លោក ហ៊ុន ម៉ាណែត ផ្ទាល់​ហ្នឹង ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន ជន​ដែល​សកម្ម​ក្នុង​ការ​តស៊ូ​ទាមទារ​ក្នុង​ហេតុផល​នយោបាយ ក៏​ដូច​ហេតុផល​សង្គម»

លោក អ៊ុក ពេជ្រសំណាង គឺជា​អតីត​អ្នកទោស​នយោបាយ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​បី​លើក រួច​មក​ហើយ គឺ​នៅ​ចន្លោះ​ឆ្នាំ១៩៨០ ហើយ​កាលពី​ឆ្នាំ២០១៤ លោក​ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត ក្រោម​ហេតុផល​បាន​ចូលរួម​ការ​តវ៉ា​ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព ហើយ​លើក​ចុងក្រោយ លោក​ត្រូវ តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៧ ទៅ ២០ឆ្នាំ ពី​បទ​ដឹកនាំ​កុប្បកម្ម និង​ចូលរួម​ធ្វើ​កុប្បកម្ម។

ទោះជា​យ៉ាងណា មិន​ខុស​ពី​ធម្មយាត្រា​កាលពី​លើក​មុន​ឡើយ ការ​ចាប់ផ្ដើម​ធម្មយាត្រា​លើក​នេះ គឺ​មាន​អាជ្ញាធរ​ស៊ីវិល ដើរ​ឃ្លាំមើល​ផង​ដែរ។ ព្រះតេជព្រះគុណ សំ គឹមសាធ ពេលនេះ បាន​ឈប់សម្រាក​នៅ​ផ្ទះ​ពលរដ្ឋ ស្ថិត​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ ជាមួយ​គ្នា​នេះ ព្រះ​អង្គ ក៏​ទទួល​បាន​សារ​តាម​បណ្ដាញ​សង្គម គំរាម​ចាប់ខ្លួន​ព្រះអង្គ​នៅ​ពេល​និមន្ត​ដល់​ខេត្ត​កំពង់ធំ ផង​ដែរ។ ពេលនោះ ព្រះអង្គ​ឆ្លើយតប​វិញ​ថា បើ​ចាប់ខ្លួន​ព្រះអង្គ​ស្រួល​ទេ គឺ​ខល​មក​លេខ​ព្រះអង្គ​ហើយ ព្រះអង្គ​នឹង​ឱ្យ​ជួប​ផ្ទាល់។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អភិបាល​ខេត្ត​កំពង់ធំ លោក ងូន រតនៈ និង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ។

ព្រះតេជព្រះគុណ សំ គឹមសាធ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ឱ្យ​ពិចារណា និង​បើក​សិទ្ធិ​សេរីភាព​ឱ្យ​ព្រះអង្គ និង​លោក អ៊ុក ពេជ្រសំណាង បាន​ធ្វើ​ធម្មយាត្រា​ដោយ​សន្តិភាព ជាជាង​ការ​ធ្វើទុក្ខបុកម្នេញ​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​លះបង់​កម្លាំង​កាយ​ចិត្ត​ដើម្បី​ប្រយោជន៍​សង្គម និង​ក្ដី​មេត្តា​ចំពោះ​មនុស្ស​ទាំងឡាយ មិនមែន​ដើម្បី​អំណាច ឬ​លាភសក្ការៈ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។