ព្រះតេជព្រះគុណ សំ គឹមសាធ សម្រាក​នៅ​ស្រុក​មោងឫស្សី​មួយ​យប់ ​ជា​ទី​អាជ្ញាធរ​ធ្លាប់​ចាប់​​ព្រះអង្គ​ផ្សឹក

ព្រះតេជព្រះគុណ សំ គឹមសាធ នឹង​សិង​សម្រាក​នៅ​ស្រុក​មោងឫស្សី នៅ​យប់​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ ជា​ទី ដែល​ព្រះអង្គ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តបាត់ដំបង​ចាប់​ផ្សឹក កាល​ពី​មីនា ឆ្នាំ២០២៣ កន្លងទៅ។

ព្រះតេជព្រះគុណ សំ គឹមសាធ មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ថា ធម្មយាត្រា ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម បាន​មក​ដល់​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

សំឡេង ព្រះតេជព្រះគុណ សំ គឹមសាធ។

ព្រះតេជព្រះគុណ សំ គឹមសាធ៖«ការ​បាន​ផ្សឹក​អាត្មា បាន​ចាប់​វៃ​ខ្នោះ​អាត្មា​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​សួរ​ដដែលៗ អីចឹង​ហើយ​បាន​អាត្មា​ថា ឈប់​ទៅ​ជាពិសេស​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង តុលាការ​ក្ដី ព្រះរាជអាជ្ញា​ក្ដី ឈប់​យក​គំនិត គិត​ការ​ចោទ​ប្រកាន់ វា​គ្មាន​អ្វី​ចោទ​ប្រកាន់​ចំពោះ​អាត្មា​កើត​នោះ​ទេ។ អាត្មា​ធ្វើ​នេះ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម កូន​សម្លាប់​ម្ដាយ ម្ដាយ​យក​កូន​បោះបង់​ចោល គ្រឿងញៀន អំពើ​ហិង្សា អយុត្តិធម៌ ទោស​មនសិការ​ជាតិ ដែល​ស្រឡាញ់​ជាតិ​មាតុភូមិ​ចាប់​ដាក់​ពន្ធនាគារ ឲ្យ​មាន​ការ​ដោះលែង​ទៅ រៀបចំ​ប្រព័ន្ធ​ដឹកនាំ មាន​ផ្នែក​សន្តិសុខ​សង្គម​ឲ្យ​បាន​ល្អ​ទៅ អាត្មា​ទៅ​ខ្វល់​អ្វី​រឿង បញ្ហា​ហ្នឹង»។

ព្រះតេជព្រះគុណ សំ គឹមសាធ រួម​ជាមួយ​សកម្មជន​សង្គម​លោក អ៊ុក ពេជ្រ​សំណាង បាន​ចាប់​ផ្ដើម​ដំណើរ​ធម្មយាត្រា​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី២ កុម្ភៈ ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន៨ គ្រោង​នឹង​បញ្ចប់​នៅ​ភ្នំ​អដ្ឋរស្ស ស្ថិត​ក្នុង​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត ៧រយ​គីឡូ​ម៉ែត្រ។

កាល​ពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ កន្លង​ទៅ ព្រះតេជព្រះគុណ សំ គឹមសាធ ដែល​គេ​ធ្លាប់​ស្គាល់​ព្រះ​នាម​ថា សយ សាធ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ឃាត់​ព្រះ​កាយ និង​ចាប់​ផ្សឹក​ព្រះអង្គ នៅ​ស្រុក​មោងឫស្សី នៅ​ពេល​ព្រះ​អង្គ​និមន្ត​ធ្វើ​ធម្មយាត្រា​ផ្សាយ​មេត្តា​ធម៌​ទៅ​ដល់​ខេត្ត​បាត់ដំបង​នេះ។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដោះលែង​ព្រះអង្គ​វិញ ក្រោយ​ពី​រក​មិន​ឃើញ​ធាតុផ្សំ នៃ​បទល្មើស។

ព្រះតេជព្រះគុណ សំ គឹមសាធ ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង នៅ​តែ​បន្ត​តាម​ឃ្លាំ​មើល​ព្រះអង្គ​មិន​ដាច់។

ព្រះតេជព្រះគុណ សំ គឹមសាធ មាន​ថេរ​ដីកា​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ព្រះអង្គ​បែប​ណា​ក៏​ដោយ ក៏​ព្រះអង្គ​នៅ​តែ​បន្ត​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ពី​សីលធម៌​សង្គម និង​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​នយោបាយ ការ​រំលោភ​សិទ្ធិ​មនុស្ស រហូត​ដល់​សង្គម​មាន​សន្តិភាព ស្ថិរភាព និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។