រដ្ឋាភិបាលវៀតណាមគ្រោងបង្កើតសាលាបណ្ដែតទឹកអប់រំកុមារខ្លួនរស់នៅតាមដងទន្លេសាប
2024.09.25
រដ្ឋាភិបាលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា គាំទ្រឱ្យបង្កើតសាលាបណ្តែតទឹក សម្រាប់អប់រំដល់កុមារវៀតណាម ដែលកំពុងរស់នៅតាមដងទន្លេសាបក្នុងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា។
សារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ថា តំណាងកុងស៊ុលវៀតណាមលោក ង្វៀន ថាញ់វ៉ាន់ និងប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា(VCBA) លោកឧកញ៉ា ឡេង ឫទ្ធី បានចុះទៅសិក្សាអំពីលទ្ធភាពបង្កើត និងជួសជុល សាលាអប់រំដល់កុមារវៀតណាម ដែលកំពុងរស់នៅលើទន្លេសាប នៅស្រុកកណ្តៀង និងស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ដល់២១ ខែកញ្ញា។
តំណាងកុងស៊ុលវៀតណាម លើកឡើងថា ការគាំទ្រវិស័យអប់រំដល់កុមារវៀតណាម ដែលរស់នៅប្រទេសកម្ពុជា គឺជាការងារអាទិភាព ក្នុងការជួយដល់ពលរដ្ឋវៀតណាមឱ្យរស់នៅកាន់តែប្រសើរឡើង។
លោកស្នើឱ្យពលរដ្ឋវៀតណាមបញ្ជូនកូនៗទៅរៀននៅសាលារដ្ឋរបស់ខ្មែរ ដើម្បី ឱ្យពួកគេអាចបញ្ចប់កម្មវិធីអប់រំទូទៅនៅកម្ពុជា ហើយមានការទទួលស្គាល់ និង អាចបម្រើការងារដែលពួកគេពេញចិត្តផងដែរ។
តំណាងកុងស៊ុលវៀតណាម លោក ង្វៀន ថាញ់វ៉ាន់ ក៏បានណែនាំទៅពលរដ្ឋរបស់ខ្លួនត្រូវខំសម្របខ្លួនចូលក្នុងសង្គមខ្មែរ ដើម្បីលើកកម្ពស់គុណភាពជីវិតផង និងជួយពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា-វៀតណាមឱ្យកាន់តែល្អប្រសើរផង។
កន្លងមក ប្រធានសមាគមវៀតណាម លោក ស៊ឹម ជី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ជនជាតិវៀតណាមទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ពីក្រសួងមហាផ្ទៃជាង ១ សែននាក់កំពុងបំពេញបែបបទ និងលក្ខខណ្ឌ ដើម្បីទទួលបានសញ្ជាតិខ្មែរ ស្របច្បាប់ជាបន្តបន្ទាប់។
ទាក់ទងនឹងរឿងនេះ អ្នកឃ្លាំមើលបារម្ភថា ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រយ៍ឱ្យជនបរទេស គឺជាការបើកផ្លូវឱ្យជនជាតិវៀតណាម ដែលឆ្លងដែនមកកម្ពុជាខុសច្បាប់ ឱ្យរស់នៅស្របច្បាប់បង្កហានិភ័យខ្ពស់ដល់អធិបតេយ្យជាតិថ្ងៃខាងមុខ ដែលទាមទារឱ្យរដ្ឋាភិបាលគិតគូរឱ្យល្អិតល្អន់ពីបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។