កម្មករវៀតណាមកំពុងសម្ងំធ្វើការក្នុងក្រុមហ៊ុនចម្ការចេកខេត្តរតនគិរី

ដោយ សេក បណ្ឌិត
2024.09.07
កម្មករវៀតណាមកំពុងសម្ងំធ្វើការក្នុងក្រុមហ៊ុនចម្ការចេកខេត្តរតនគិរី ច្រកចូលក្រុមហ៊ុនវៀតណាម ថាកូ អាការី (Tha Co AGRi) ដែលមានសន្តិសុខយាមកាមយ៉ាងតឹងរឹង ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី ថតនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ពលរដ្ឋ

កម្មករ​ដែល​ជា​ជនជាតិ​វៀតណាម​រាប់ពាន់​នាក់  កំពុង​លាក់​ខ្លួន​សម្ងំ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ចម្ការ​ចេក​មួយ​នៃ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ដោយ​មិន​ឃើញ​មាន​ការ​ត្រួតពិនិត្យ​ឯកសារ និង​គ្រប់គ្រង​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន ក្រៅ​ពី​នោះ​ក្រុមហ៊ុន មួយ​នេះ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ចូល​លក់​ម្ហូបអាហារ​ដូច​មុន​ឡើយ។

ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ហ័ង អាញ លំផាត់ បាន​នាំ​យក​ពលរដ្ឋ​វៀតណាម រាប់​ពាន់​នាក់​មក​សម្ងំ​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន។ លើស​ពី​នោះ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ចេញ​ចូល​លក់​ម្ហូបអាហារ បន្លែ ត្រី​សាច់ ភេសជ្ជៈ ដូច​មុន​នោះ​ទេ ដោយ​ទុក​ឲ្យ​ជនជាតិ​វៀតណាម​ជា​អ្នក​លក់​ក្នុង​បរិវេណ​ក្រុមហ៊ុន​ជំនួស​វិញ។

មេការ​ក្រុមហ៊ុន​ជា​ជនជាតិ​ខ្មែរ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា​ថា បច្ចុប្បន្ន​ក្រុមហ៊ុន  ហ័ង អាញ លំផាត់ ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi)  ហើយ​ក្រុមហ៊ុន​មួយ​នេះ​បាន​នាំ​យក​ពលរដ្ឋ​វៀតណាម​រាប់ពាន់​នាក់ មក​ធ្វើ​ការ​ដាំដំណាំ​ដើម​ចេក​អំបូង​ពណ៌​លឿង ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ចម្ការ​ចេក ត្រូវ​មាន​ការ​អប់រំ​យ៉ាង​តិច​ត្រឹម​ថ្នាក់​ទី៩ ហើយ​ភាគ​ច្រើន​គឺ​ជា​កម្មករ​ធម្មតា​ប៉ុណ្ណោះ។

ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ហ័ង អាញ លំផាត់ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល លើ​ផ្ទៃ​ដី​ជិត​១​ម៉ឺន​ហិកតារ( ៩១៧៣) ដើម្បី​ដាំ​ដំណាំ​ដូងប្រេង កាល​ពី​ឆ្នាំ​២០១១ ស្ថិត​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) ហើយលោក​បន្ថែម​ថា លោក​មិន​បាន​ដឹង​ពលរដ្ឋ​វៀតណាម​ទាំង​នោះ​ចូល​មក​ដោយ​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់​ឡើង ប៉ុន្តែ​ក្នុង​បរិវេណ​ក្រុមហ៊ុន​មិន​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រង់​ឈ្មោះ​ជនជាតិ​វៀតណាម​ទាំង​នោះ​ឡើយ។

មេការ​ក្រុមហ៊ុន​ជា​ជនជាតិ​ខ្មែរ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «គ្រាន់​តែ​មួយ​ការដ្ឋាន​ស្រែ​ពក​ចូល​៣០០០​នាក់​អ្នក​យើង​អត់​ទាន់​និយាយ​ការដ្ឋាន​លំផាត់​ទេ ពីព្រោះ​ការដ្ឋាន​ពី​លំផាត់​រហូត​ដល់​ស្រែ​ពក គេ​មាន​គម្រោង​បង្កើត​ព្រលាន​យន្តហោះ​មួយ​ទី​ក្រុង​រណប​នៅ​ទី​នោះ​ផង ថៅកែ​ក្រុមហ៊ុន ជា​ថៅកែ​ផលិត​ឡាន​រក​បង្កើត​នៅ​តំបន់​នោះ​ទេ»

អ្នក​ភូមិ​នៅ​តំបន់​នោះ សង្កេត​ឃើញ​ថា រាល់​មួយ​សប្ដាហ៍​ម្ដង តែងតែ​ឃើញ​មាន​ឡាន​ក្រុង​របស់​វៀតណាម​ដឹក​ជញ្ជូន​ពលរដ្ឋ​វៀតណាម​ចូល​ទៅ​ក្នុង​​ក្រុមហ៊ុន ថាកូ អាការី ចាប់​ពី​៣​គ្រឿង​ទៅ​៥​គ្រឿង។  ក្រៅពី​បញ្ជូន​កម្មករ​ជា​ជនជាតិ​វៀតណាម​មក​ធ្វើ​ការ​ជំនួស​ពលរដ្ឋ​កម្ពុជា​ហើយ​នោះ នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ឃើញ​មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​លើ​ដង​ផ្លូវ​ជា​ភាសា​វៀតណាម​ពាសពេញ​ក្រុមហ៊ុន​​ថែម​ទៀត។

កម្មករ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​ឲ្យ​ដឹង​ថា  នៅ​ក្នុង​ក្រុមហ៊ុន ថាកូ អាការី មាន​ទាំង​កម្មករ​ជា​ជនជាតិ​ខ្មែរ និង​វៀតណាម ប៉ុន្តែ​ជនជាតិ​វៀតណាម​ជា​មេការ​គ្រប់គ្រង​កម្មករ​ខ្មែរ  ដោយ​តម្រូវ​កម្មករ​ខ្មែរ​ចំនួន​១២​នាក់​មាន​ជនជាតិ​វៀតណាម​ម្នាក់​ជា​គ្រប់គ្រង ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​លោក​ធ្វើ​ការ​ក្នុង​មួយ​ខែ​ទទួល​ប្រាក់​ខែ​៩២​ម៉ឺន​រៀល ហើយ​លោក​ត្រូវ​វេច​បាយ​ពី​ផ្ទះ​ទៅ​ហូប​ដើម្បី​សន្សំ​ប្រាក់។

កម្មករ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ដូច​ជា​១៣​ទៅ​១៤​នាក់​មាន​វៀតណាម​គ្រប់គ្រង​ម្នាក់ មាន​ខ្មែរ​ខ្លះ ខាង​ខ្ញុំ​ធ្វើ​ចល័ត វា​ធំ​ដែរ​តើ​បង​ខ្ញុំ​ធ្វើ​តែ​ប៉ុន្មាន​អូរ ព្រឹក​ឡើង​ខ្ញុំ​យក​បាយ​នៅ​នឹង ហូប​ហើយ​ខ្ញុំ​មិន​ដែល​ដើរ​ទេ»

កាល​ពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន  ហ័ង អាញ លំផាត់ បាន​ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) របស់​លោក ចឿង បាយឿង ដើម្បី​វិនិយោគ​ដាំដំណាំ​ចេក​អំបូង​ពណ៌​លឿង ក្រោយ​ពី​ក្រុមហ៊ុន ហ័ង អាញ លំផាត់  របស់​លោក ប៉ៅ ឌើក ក្ស័យធន​លែង​ដំណើរ​ក្នុង​ការ​ធ្វើអាជីវកម្ម​ដាំដំណាំ​ដូង​ប្រេង​រួច​មក។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​តំណាង​ក្រុមហ៊ុន ក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) របស់​លោក ចឿង បាយឿង បាន​ទេ​នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា។ ចំណែក​អភិបាល​ស្រុក​លំផាត់ លោក  នូ ថេ សុំ​មិន​អត្ថាធិប្បាយ​ជុំ​វិញ​រឿង​នេះ​នោះ​ទេ ដោយ​លោក​ឲ្យ​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​របស់​លោក។

ក្រុម​ហ៊ុន ថាកូ អាការី (Tha Co AGRi) ធ្វើការ​លើ​វិស័យ​កសិកម្ម គឺ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត នៅ​ក្នុង​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍(CLV-DTA) ដែល​មាន​ក្រុមហ៊ុន​វៀតណាម ជាង​៣០​ក្រុមហ៊ុន កំពុង​ដំណើរ​ការ​ចំនួន​៤​ខេត្ត គឺ​ខេត្ត​រតនៈគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង។ នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​វៀតណាម​ជាង៣០​នោះ មាន​ក្រុមហ៊ុន​ចំនួន​២ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​មុន​គេ ក្នុង​អំឡុង​ឆ្នាំ១៩៩៩  គឺ​ក្រុមហ៊ុន ផលិត​ម្សៅ​ដំឡូង​មី ចំកាត់ ដែល​មាន​ផ្ទៃ​ដី​ជាង​៧​ពាន់​ហិកតារ (៧៤០០) ដើម្បី​ធ្វើ​ការ​វិនិយោគ​ដាំ​ដំណាំ​ដូង​ប្រេង និង​ក្រុមហ៊ុន  រ៉ាម៉ា ខ្មែរ អន្តរជាតិ លើ​ផ្ទៃ​ដី​២​ម៉ឺន​ហិកតារ (២០០០០) ដើម្បី​ដាំដំណាំ​កៅស៊ូ។

កាល​ចុង​ខែ​កក្កដា ឆ្នាំ​២០២៤ របាយការណ៍ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា លីកាដូ បាន​បង្ហាញ​ទិន្នន័យ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ការ​វិនិយោគ មាន​ជាង​៣​រយ​កន្លែង នៅ​លើ​ផ្ទៃ​ដី​ជាង​២​លាន(២,២៤៧,៣៦១)ហិកតារ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ក្រុមហ៊ុន​វៀតណាម​៥៥​កន្លែង  មាន​ផ្ទៃ​ដី​ជិត​៤​សែន​(៣៦២,៥១៥)ហិកតារ ក្រុមហ៊ុន​ទាំង​នោះ​ភាគ​ច្រើន​វិនិយោគ​លើ​វិស័យ​កសិកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។