ពលរដ្ឋ​រងគ្រោះ​ដោយសារ​វារីអគ្គិសនី​ក្នុង​ខេត្ត​ស្ទឹងត្រែង​ថា អាជ្ញាធរ​មិន​ធ្វើ​ស្ពាន​ដូច​ការសន្យា

ដោយ ជាតិ ចំណាន
2020.11.11
ពលរដ្ឋ​ សេសាន ៩២២ ក្រុម​ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែស្រណុក ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង តវ៉ា​នៅ​សាលា​ឃុំ​ក្បាលរមាស កាល​ពី​ខែ​មេសា ឆ្នាំ​២០២០។
Photo Adhoc

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ដែល​ឯកភាព​ទទួល​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា អាជ្ញាធរ​ជាតិ និង​ក្រុមហ៊ុន មិន​បាន​សង់​ស្ពាន​ឆ្លង​ទន្លេ​សេសាន ដូច​ការសន្យា មុន​ពេល​ដែល​ជម្លៀស​ពួកគេ​ចេញពី​ភូមិកំណើត។ អ្នកភូមិ​ថា ការ​អូស​បន្លាយ​ពេល​សង់​ស្ពាន នឹង​ធ្វើ​ឱ្យ​ពួកគេ ជួប​លំបាក​ជាច្រើន ជាពិសេស​ត្រូវ​ចំណាយ​ពេល​ធ្វើដំណើរ តាម​ផ្លូវ​វាង​ជា​ច្រើន​គីឡូម៉ែត្រ លើ​ខ្នង​ទំនប់។

ពលរដ្ឋ​ជាង ៥​រយ​គ្រួសារ រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន បាន​មក​តាំងទី​លំនៅ ក្នុង​ឃុំ​ស្រែគរ​ថ្មី ជា​បន្តបន្ទាប់​ជាង ៤​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ពួកគេ​អះអាង​ថា ការរស់នៅ​ទីនេះ ខ្វះ​ភាព​កក់ក្តៅ និង​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ចេញ​ក្រៅ។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ( ឬឃុំ​ស្រែគរ​ថ្មី ) លោក ប៊ុន សៀ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១០ វិច្ឆិកា​ថា កាលពី​មិន​ទាន់​សង់​ទំនប់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ លោក អ៊ិត ប្រាំង និង​តំណាង​ក្រុមហ៊ុន​បាន​សន្យា​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ថា នឹង​សង់​ស្ពាន​សេសាន​ចាប់ពី​ចំណុច ហាងស្វាត ដល់​សាមឃួយ ដើម្បី​ងាយស្រួល​ពលរដ្ឋ​ធ្វើដំណើរ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ បែរជា​ស្ងាត់ឈឹង​។ លោក​ថា អ្នកភូមិ​ហាក់​អស់​សង្ឃឹម ចំពោះ​ការសន្យា​ខ្យល់ របស់​អាជ្ញាធរ និង​ក្រុមហ៊ុន ខណៈ​ដែល​ពួកគេ បាន​ទន្ទឹង​រង់ចាំ ជាច្រើន​ឆ្នាំ​មក​ហើយ៖ «មិន​ត្រឹមតែ​មិន​ធ្វើ​ស្ពាន​ឱ្យ​គ្នា​ហើយ ខ្ញុំ​ឆ្ងល់​ត្រង់​ហ្នឹង ឆ្ងល់ៗ​យូរយារ​ណាស់​មក​ហើយ បិទ​ផ្លូវ​ចេញចូល​ទៀត ចេញចូល រក​អត្តសញ្ញាណប័ណ្ណ ហើយ​ធ្វើ​កាត​ចេញ​រញ៉េរញ៉ៃ។ នៅ​ភូមិ​ក្រៅ គ្នា​ត្រូវការ​ចូល​មក ស៊ីការ (​មង្គលការ​) មក​ក្នុង​ហ្នឹង​ត្រូវ​ធ្វើ​ម៉េច​? ដូច​ខ្ញុំ​ចុះ អត់​មាន​អត្តសញ្ញាណប័ណ្ណ ចេញ​ទៅ​ណា​មិន​រួច ធ្វើ​អី​ក៏​ធ្វើ​មិនកើត»

ចំណែក មេឃុំ​ស្រែគរ​ចាប់ឆ្នោត មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​រងគ្រោះ​លិច​ភូមិកំណើត បាន​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ មក​រស់នៅ​ទីតាំង​ថ្មី បែរជា​ជួប​ទុក្ខវេទនា ម្តង​ហើយ​ម្តង​ទៀត ព្រោះ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់ សង់​ស្ពាន​ដូច​ការសន្យា​នោះ​ទេ​។ លោក​ថា ការ​ធ្វើ​ដំណើរ​លើ​ខ្នង​ទំនប់ ត្រូវ​ចំណាយ​ពេល​ច្រើន ហើយ​មាន​ពេល​ខ្លះ បាន​ប៉ះទង្គិច​ជាមួយ សន្តិសុខ​របស់​ក្រុមហ៊ុន​ទៀត​ផង​។ លោក​បញ្ជាក់ សន្តិសុខ​ក្រុមហ៊ុន បាន​រឹតត្បិត​មិន​ឱ្យ​អ្នក​ខាងក្រៅ​ចេញចូល​តំបន់​នោះ ដោយ​សេរី ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ដឹកជញ្ជូន​កសិផល​ជាដើម៖ «ពួក​ខ្ញុំ​រង់​គ្រោះ​ហើយ ឱ្យ​វេទនា​ម្ដង​ទៀត ហើយ​យើង​ខំ​លះបង់ ពលរដ្ឋ​លះបង់​ទ្រព្យសម្បត្តិ ដីស្រែ​ចម្ការ រហូតដល់​ភូមិ​ថ្មី ទម្រាំ​បាន​ទទួល​ផល​។ វេទនា ចង់​ងាប់ បាន​ទទួល​ចន្ទី និង​ដំណាំ​ចន្ទី វេទនា​ណាស់ អស់លោក​នៅតែ​គាបសង្កត់»

ឆ្លើយ​តប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​ថា អាជ្ញាធរ​ជាតិ​មាន​ផែនការ សាងសង់​ស្ពាន​នេះ​ជា​អាទិភាព​ដែរ ក៏ប៉ុន្តែ​មិនទាន់​កំណត់ពេល​ជាក់លាក់​នៅឡើយ​ទេ អាស្រ័យ​លើ​ធនធាន​ហិរញ្ញវត្ថុ និង​ដៃគូ​ពាក់ព័ន្ធ​នានា​។ លោក​បញ្ជាក់ អាជ្ញាធរ​ខេត្ត និង​អន្តរក្រសួង បាន​រក​ឃើញ​ថា គម្រោង​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​បម្រើការ​ប្រកប​រប​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ និង​សន្តិសុខ​សណ្ដាប់ធ្នាប់៖ «បច្ចុប្បន្ន​ពលរដ្ឋ​ធ្វើដំណើរ តាម​ខ្នង​ទំនប់​សិន ហើយ​ជា​គោលការណ៍ យើង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ខ្នង​ទំនប់ សម្រាប់​ការ​ប្រកប​ការងារ និង​មុខ​របប​របស់​គាត់ រហូតដល់​លទ្ធភាព​មាន​ធនធាន គ្រប់គ្រាន់​ក្នុង​ការ​ស្ថាបនា​ស្ពាន​មួយទៀត នៅ​ខាងក្រោម​ហ្នឹង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់​ថា ការ​ពន្យារ​ពេល​មិន​សង់​ស្ពាន របស់​អាជ្ញាធរ​ជាតិ និង​ក្រុមហ៊ុន ឆ្លុះបញ្ចាំង​ថា រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់ ដោះស្រាយ​ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ​ដូច​ការសន្យា​នោះ​ទេ​។ លោក​ថា បញ្ហា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ក្លាយ​ជា​ជនរងគ្រោះ​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជំរុញ​ឱ្យ​ក្រុមហ៊ុន ពន្លៀន​សង់​ស្ពាន​ជូន​ពលរដ្ឋ ដើម្បី​សម្រាល​ការ​លំបាក​៖ «បញ្ហា​នេះ ពុំ​មែន​ជា​បញ្ហា​ថ្មី​ទេ សម្រាប់​ពលរដ្ឋ​រងគ្រោះ​ដោយសារតែ​គម្រោង​អភិវឌ្ឍន៍ ដែល​ទទួល​ផល​ប៉ះពាល់ ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ក៏​មិន​ងាយ​នឹង​ទទួល​បាន​ដំណោះស្រាយ តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែរ»

អ្នកភូមិ​ថា ថ្មីៗ​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ទាំងមូល បង្ហាញ​អត្តសញ្ញាណប័ណ្ណ ជូន​សន្តិសុខ​ក្រុមហ៊ុន ទើប​អាច​ចេញចូល​តំបន់​នោះ ឬ​ផ្ទះសម្បែង​របស់​ពួកគេ​បាន​។ ពួកគេ​ចាត់​ទុក​ទង្វើ​នេះ​ថា បង្ក​ភាព​ស្មុគស្មាញ និង​រឹតត្បិត​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ជាពិសេស បង្ក​ការ​លំបាក នៅ​ពេល​ដែល​អ្នកភូមិ មាន​ពិធី​មង្គលការ​កូន និង​ធ្វើ​ពិធី​បុណ្យទាន​ផ្សេងៗ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​លោក មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី១០ វិច្ឆិកា។

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ពី​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំងទី​លំនៅ​ថ្មី​នៅ​តំបន់​នោះ​មាន​ចំនួន​ជាង ៥២០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ ៤៥​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ពលរដ្ឋ​ជាង ៥៣​គ្រួសារ​នៅ​ឃុំ​ក្បាល​រមាស បូក​បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ ដែល​ក្រាញននៀល​មិន​ទទួល​គោល​នយោបាយ​សំណង ខណៈ​ដែល​ផ្ទះ និង​ភូមិកំណើត​របស់​ពួកគេ​ត្រូវ​ទឹក​លិចលង់​ទាំងស្រុង​កាលពី​ចុង​ឆ្នាំ​២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។