អ្នកលក់កសិផលបារម្ភរឿងវៀតណាមចាប់យកលុយ
2013.03.06

ប្រជាពលរដ្ឋខ្មែរអ្នកដឹកផលិតផលកសិកម្មទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនឆ្លងនៅខេត្តកំពង់ចាម សុំឲ្យអាជ្ញាធរខ្មែរជួយគាត់ ពីព្រោះពេលដឹកផលិតផលកសិកម្មទៅលក់រួចហើយ មានអ្នកខ្លះត្រូវប៉ូលិសវៀតណាម ចាប់ខ្លួន។
ប្រជាពលរដ្ឋមួយរូបឈ្មោះ សា គ្រីម៉ាស់ ភេទស្រី រស់នៅឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម បាននិយាយនៅថ្ងៃទី៦ មីនា ថា អ្នកស្រីត្រូវប៉ូលិសវៀតណាម ចាប់ខ្លួន និងរឹបយកលុយចំនួនជាង ៥ម៉ឺនដុល្លារ កាលពីថ្ងៃ២៦ កុម្ភៈ កន្លងទៅ នៅក្បែរច្រកទ្វារព្រំដែនដារ។ តែភ្លាមៗនោះ អ្នកស្រីបានស្រែកហៅឲ្យប៉ូលិសច្រកទ្វារខ្មែរជួយទើបបានរួចខ្លួនមកវិញ ទាំងមនុស្សទាំងប្រាក់។
អ្នកស្រី សា គ្រីម៉ាស់៖ «ខ្ញុំយកស្វាយចន្ទីទៅលក់ ហើយយកលុយមកវិញ។ យួនវាឆែកលុយខ្ញុំ ហើយវាចាប់ខ្ញុំ វារុញចូលឡានវា តែខ្ញុំអត់ទៅ។ ខ្ញុំមានទៅប្លន់អីវៀតណាម វាទាញខ្ញុំទៅ តែខ្ញុំអត់ទៅ។ ខ្ញុំបានហៅប៉ូលិសព្រំដែន ឈ្មោះ កែម ឲ្យជួយខ្ញុំ។ ខ្ញុំស្រែកថា ពូប៉ូលិសអើយជួយខ្ញុំផង យួនចាប់ខ្ញុំហើយ!»។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ ហ៊ីម រ៉សស៊ីអាល់ ភេទស្រី ដែលបានឃើញហេតុការណ៍ចាប់ខ្លួននោះ បាននិយាយថា ហេតុការណ៍ប៉ូលិសច្រកទ្វារវៀតណាម ចាប់ប្រជាពលរដ្ឋខ្មែរយកលុយក្រោយពេលលក់ទំនិញកសិផលបានលុយនោះ បានកើតមានជាច្រើនលើកហើយ៖ «វាចង់និយាយថា ឲ្យតែអីវ៉ាន់យើងចូលទៅ ចេញលុយមកវិញ ដឹងតែវាចាប់។ ខ្ញុំអត់ដឹង ព្រោះខាងវៀតណាម ចាប់ខ្មែរយើងជាប់គុកអស់ច្រើននាក់ហើយ»។
ទាក់ទងហេតុការណ៍ប៉ូលិសវៀតណាម ចាប់ប្រជាពលរដ្ឋខ្មែរទាំងមនុស្ស និងប្រាក់ក្រោយពេលលក់ទំនិញកសិផលប្រមូលលុយមកស្រុកខ្មែរវិញនេះ លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម មានប្រសាសន៍នៅថ្ងៃទី៦ មីនា ថា មូលហេតុប៉ូលិសវៀតណាម ចាប់ប្រជាពលរដ្ឋខ្មែរមួយចំនួននោះ ដោយសារពួកគេរំលោភច្បាប់នៅប្រទេសវៀតណាម។
លោក ហ៊ុន ណេង៖ «អារឿងនេះមិនកើតលើកទី១ទេ វាច្រើនលើកហើយ ពីព្រោះខាងខ្មែរយើងនោះ វាធ្វើអត់ត្រូវច្បាប់។ អត់ត្រូវច្បាប់ត្រង់ទំនិញយើងយកទៅលក់ ហើយលុយយកមកវិញប៉ុន្មាន? ហើយប៉ុន្មានផ្ញើតាមធនាគារ? ហើយបងប្អូនយើង តែទៅស្រុកគេលុយលើសពី ១ម៉ឺនឡើងត្រូវបំពេញបែបបទ។ បងប្អូនច្រើនតែទៅហើយមកវិញ យកលុយមកតាមច្រមរបៀងអី វាច្រើន គេចាប់ណា។ គាត់អត់មកតាមច្រកស្រួលបួល អានេះមួយ។ ទី២ទៀត អត់មែនស្វាយចន្ទី គាត់ទៅរកស៊ីស្អីផ្សេងពីអាហ្នឹង ហើយស្រុកគេតែលុយលើសពី ១ម៉ឺនឡើង គេបំពេញបែបបទហើយ។ អាហ្នឹងគេមិនទៅចាប់ គេប្លន់អីនោះទេ ប៉ុន្តែថាយើងធ្វើខុសច្បាប់»។
លោកអភិបាលខេត្តកំពង់ចាម បានពន្យល់ឲ្យដឹងថា កន្លងមកលោកធ្លាប់បានប្រកាសជូនព័ត៌មានឲ្យប្រជាពលរដ្ឋជាច្រើនដងហើយ អំពីការលក់ទំនិញកសិផល ហើយមានលុយចំនួនច្រើនលើសការអនុញ្ញាត គឺត្រូវបំពេញបែបបទផ្ទេរលុយតាមធនាគារប្រទេសវៀតណាម៖ «មិនមែនលើកទី១ ទេ រឿងនេះកើតច្រើនឆ្នាំហើយ ប្រជុំខេត្តទ្វេភាគី ប្រទេសទ្វេភាគី ខ្ញុំបានសំណើសំណូមពរគេញយហើយ តែគេលើកឡើងថា លុយយើងបង្វិលតាមកុងទៅ។ តែបងប្អូនយើងអត់ទេ ច្រើនតែមកប្រុយ ៗ តែម្តង។ ខ្ញុំដោះនោះដោះចង់ងាប់ហើយ»។
លោក ហ៊ុន ណេង បានឲ្យដឹងថា មកទល់បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងតែជាប់ឃុំនៅក្នុងប្រទេសវៀតណាម នៅឡើយទេ ដោយសារមិនគោរពច្បាប់របស់ប្រទេសវៀតណាម ក្នុងពេលទៅលក់ដូរទំនិញនៅក្នុងប្រទេសវៀតណាម។ លោកអភិបាលខេត្តបានបញ្ជាក់ថា លោកកំពុងតែទាក់ទងទៅអាជ្ញាធរវៀតណាម ដើម្បីសុំឲ្យមានការដោះលែងប្រជាពលរដ្ឋខ្មែរដែលជាប់ឃុំទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។