មូលហេតុ​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់

ដោយ ម៉ម មុនីរតន៍
2017-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ដែល​ត្រូវ​ប៉ូលិស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ប៉ូលិស​ចិន ឡោមព័ទ្ធ​ចាប់​នៅ​ក្នុង​អគារ​កាស៊ីណូ​ហ្គោលឌិន ក្រោន (Golden Grown) នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦។
ជនជាតិ​ចិន ដែល​ត្រូវ​ប៉ូលិស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ប៉ូលិស​ចិន ឡោមព័ទ្ធ​ចាប់​នៅ​ក្នុង​អគារ​កាស៊ីណូ​ហ្គោលឌិន ក្រោន (Golden Grown) នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Hum Chamroeun

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនជាតិ​ចិន បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា ធ្វើ​ជា​កន្លែង​លាក់​ខ្លួន​ដើម្បី​ប្រព្រឹត្ត​បទល្មើស។ ជនជាតិ​ចិន ដែល​ត្រូវ​ចាប់​ខ្លួន​ទាំងនោះ ភាគច្រើន​ជាប់​ទាក់ទិន​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ក្រៅ​ពី​នេះ មាន​តិចតួច​ប៉ុណ្ណោះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ត្រូវ​ឃុំ​ខ្លួន​នៅ​កម្ពុជា។ មន្ត្រី​ជំនាញ​ផ្នែក​អន្តោប្រវេសន៍ បដិសេធ​ថា ការ​ចាប់​ខ្លួន​ជនជាតិ​ចិន ទាំងនោះ​ក្នុង​ពេល​កន្លង​ទៅ គឺ​ពុំ​មាន​ជាប់​ទាក់ទិន​រឿង​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ត្រូវ​រដ្ឋាភិបាល​ចិន ប្រកាស​ឲ្យ​ចាប់​ខ្លួន​ឡើយ។

មន្ត្រី​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ជនជាតិ​ចិន ដែល​ត្រូវ​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ប្រទេស​ចិន វិញ ភាគច្រើន​គឺ​គ្រាន់​តែ​ជា​អ្នក​ដែល​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​បង្ក​បទល្មើស​តាម​រយៈ​ការ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ចិន ដូច​គ្នា​នៅ​ប្រទេស​ចិន ប៉ុន្តែ​យក​ប្រទេស​កម្ពុជា ធ្វើ​ជា​គោលដៅ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស។

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​ជន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសិលា ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ជនជាតិ​ចិន ដែល​កម្លាំង​នគរបាល​ប្រតិបត្តិការ​កន្លង​ទៅ គឺ​អនុវត្ត​តាម​ការ​ស្នើ​ពី​ភាគី​ចិន ដោយ​ផ្ទាល់។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​អ្នក​ទាំងនោះ​មិន​ត្រូវ​ឃុំ​ខ្លួន​នៅ​កម្ពុជា ទេ លើកលែង​តែ​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ដោយ​ផ្ទាល់។ លោក​បន្ត​ថា «កន្លង​មក​ហ្នឹង​ជនជាតិ​ចិន ដូចជា​មិន​មាន​បទល្មើស​អី​ប្រភេទ​ចាប់​ជំរិត​គំរាម​កំហែង​ទារ​ប្រាក់​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ទេ។ បើ​គាត់​មាន​បទល្មើស គឺ​មាន​តែ​បទល្មើស​ព្រហ្មទណ្ឌ​ដូចជា​វាយ​គ្នា និង​បទល្មើស​ប្រើប្រាស់​គ្រឿង​ញៀន ជាដើម»

បច្ចុប្បន្ន បទល្មើស​តាម​ប្រព័ន្ធ​ទំនើប គឺ​អ៊ីនធឺណិត បាន​ក្លាយ​ជា​ចំណោទ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា ដែល​ត្រូវ​ដោះស្រាយ។ វត្តមាន​ជនជាតិ​ចិន នៅ​កម្ពុជា បច្ចុប្បន្ន ត្រូវ​រង​ការ​រិះគន់​ថា​មាន​ចរិត​ក្អេងក្អាង និង​តែង​ប្រើប្រាស់​អំពើ​ហិង្សា ជាពិសេស​ពុំ​សូវ​គោរព​ច្បាប់​ពេល​បើកបរ ឬ​ជួប​បញ្ហា​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម។ ជាង​នេះ​ទៀត នៅ​មាន​គម្រោង​វិនិយោគ​ធំៗ​របស់​ចិន នៅ​កម្ពុជា តែង​បង្ក​ការ​ភ័យ​ខ្លាច និង​បង្កើត​ទៅ​ជា​ជម្លោះ​ដីធ្លី។ ក្រៅ​ពី​នេះ​វិញ សង្កេត​ឃើញ​ថា​ជនជាតិ​ចិន ដែល​យក​ប្រទេស​កម្ពុជា ធ្វើ​ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេះ ជា​ញឹកញាប់​ប្រមូល​ផ្ដុំ​ជា​ក្រុម។ កាល​ពី​ដើម​ខែ​សីហា នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ត្រង់​តំបន់​ប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ កម្លាំង​នគរបាល​ចាប់​ខ្លួន​ជនជាតិ​ចិន​ដី​គោក​បាន​ជាង ២០០​នាក់។ នគរបាល​រក​ឃើញ​ថា ជនជាតិ​ចិន ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា វា​ហាក់​ពិបាក​ណាស់​ក្នុង​ការ​បកស្រាយ​អំពី​ការពិត​នៃ​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា និង​ចិន មាន​សម្ពន្ធភាព​ស្ទើរ​ចាក់​ទឹក​មិន​លិច ហេតុ​នេះ​គេ​ពិត​ជា​ពិបាក​ទស្សន៍ទាយ​ថា​តើ​មាន​អ្វី​ដែល​ពិសេស​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​ខ្លួន​នេះ​ឲ្យ​ប្រាកដ​ណាស់។ លោក​បន្ត​ថា «អ្វី​ដែល​យើង​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អី​ឲ្យ​ស៊ី​ជម្រៅ ​ដោយសារ​តែ​ករណី​នៃ​ការ​ចាប់​ជំរិត​ក្នុង​ក្រុម​នីមួយៗ​នេះ គឺ​យើង​អត់​ដែល​បាន​ឮ​រដ្ឋាភិបាល​បញ្ជាក់​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ។ ឧទាហរណ៍​ក្នុង​មួយ​មាន​គ្នា ៥០ ទៅ ៦០​នាក់​ចាប់​ទៅ​ទាំងអស់ ហើយ​ចោទ​ថា​ចាប់​ជំរិត​អី​អ៊ីចឹង​ទៅ»

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ជន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា គិត​ចាប់​ពី​ឆ្នាំ​២០១១ មក​ដល់​ពេល​នេះ​មាន​ជនជាតិ​ចិន ប្រមាណ​ជិត ១​ពាន់​នាក់​ហើយ​ត្រូវ​ចាប់​ខ្លួន ហើយ​ក្នុង​ចំណោម​នោះ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន វិញ។ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​មាន​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ត្រូវ​ចាប់ និង​ឃុំ​ខ្លួន​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ជន​រងគ្រោះ​នៅ​ប្រទេស​ចិន ហើយ​អ្នក​ប្រព្រឹត្ត​បទល្មើស​យក​ទីតាំង​ប្រទេស​កម្ពុជា ដើម្បី​ជំរិត​ទារ​ប្រាក់ ក្រោយ​ចាប់​ខ្លួន ត្រូវ​បញ្ជូន​ទៅ​ចិន វិញ។

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ដែល​អនុវត្ត​ដោយ​កម្លាំង​នគរបាល​នេះ អាច​ជា​រឿង​អនុវត្ត​ច្បាប់​ច្រើន​ជាង​រឿង​នយោបាយ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ដោយសារ​ឥទ្ធិពល​រវាង​សម្ពន្ធភាព​កម្ពុជា-ចិន បាន​ធ្វើ​ឲ្យ​ជនជាតិ​ចិន ដែល​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ប្រើប្រាស់​អំណាច​ហួស​ហេតុ​តាម​រយៈ​ការ​ជួល​ឡាន​ទំនើប​ដែល​មាន​ស្លាក​លេខ​ឡាន «នប» «ខម» ព្រម​ទាំង​ជួល​កម្លាំង​ការពារ​ដី​ឲ្យ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ខ្ញុំ​មើល​ទៅ​វា​ជា​ការ​អនុវត្ត​ច្បាប់​ហើយ ព្រោះ​អី​យើង​ឃើញ​ជនជាតិ​ចិន ដែល​មក​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​ដូចជា​មាន​ជនជាតិ​ចិន ខ្លះ រហូត​មាន​អំណាច​ប្រើ​ឡាន​ស្លាក ខម ហើយ​នៅ​តំបន់​ខ្លះ​ទៀត បើ​យើង​មើល​នៅ​តាម​តំបន់​ដី​សម្បទាន​វិញ គឺ​ជនជាតិ​ចិន អាច​បញ្ជា​កង​កម្លាំង​វាយ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ថែម​ទៀត»

ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា នៅ​ថ្ងៃ​ទី​២៤ សីហា ជនជាតិ​ចិន ជាង ១០០​នាក់​ដែល​ចាប់​ខ្លួន​បាន​នៅ​ខេត្ត​សៀមរាប នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា ទៅ​ចិន វិញ។

បើ​ទោះ​ជា​បែប​ណា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសិលា បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ជនជាតិ​ចិន ដែល​ប្រើប្រាស់​ទីតាំង​នៃ​ប្រទេស​កម្ពុជា ដើម្បី​ប្រព្រឹត្ត​បទល្មើស​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ ម្យ៉ាង​ទៀត ការ​អនុវត្ត​ច្បាប់​ដោយ​កម្លាំង​ជំនាញ​នេះ​ទៀតសោត គឺ​ជា​ការ​សហការ និង​ផ្ដល់​ព័ត៌មាន​យ៉ាង​ជាក់លាក់​ពី​ប្រទេស​ចិន ដែល​ឈាន​ដល់​ការ​កំណត់​មុខ​សញ្ញា​នេះ។ លោក​បន្ត​ថា «អាស្រ័យ​ទៅ​លើ​បទល្មើស បើ​បទល្មើស​ប្រព្រឹត្ត​នៅ​កម្ពុជា គឺ​យើង​ចោទ​ប្រកាន់​តាម​នីតិវិធី​ច្បាប់​នៅ​ប្រទេស​យើង។ តែ​កន្លង​ទៅ​ដែល​ចាប់​ច្រើន​នាក់​ហ្នឹង គឺ​គាត់​យក​ទីតាំង​យើង​ប្រព្រឹត្ត​បទល្មើស ហើយ​ជន​រងគ្រោះ​នៅ​ស្រុក​គាត់»

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បដិសេធ​ថា ជនជាតិ​ចិន ដែល​ត្រូវ​ចាប់​ខ្លួន​ទាំងនេះ​ក្នុង​ពេល​កន្លង​ទៅ គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​បទល្មើស​ជំរិត​ទារ​ប្រាក់​ឡើយ។ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ហាញ​ថា ស្រប​ពេល​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន ជា​បន្តបន្ទាប់ ខាង​ជំនាញ​ក៏​រឹប​អូស​បាន​វត្ថុ​តាង​មួយ​ចំនួន​ដែរ ក្នុង​នោះ​មាន​បញ្ជី​ឈ្មោះ​ជន​រងគ្រោះ​នៅ​ប្រទេស​ចិន ដែល​ជន​សង្ស័យ​មាន​នៅ​ក្នុង​ដៃ​សម្រាប់​ទាក់ទង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល