សកម្មភាពចាប់ជំរិតរបស់ក្រុមឧក្រិដ្ឋជនជនជាតិចិននៅតែបន្តកើតឡើងនៅកម្ពុជា។ សកម្មភាពនៃការចាប់ជំរិតមើលទៅហាក់នៅតែធ្ងន់ធ្ងរ ដោយសារតែឧក្រិដ្ឋជនមួយចំនួនបានរក្សាទុក និងប្រើប្រាស់អាវុធថ្មីៗសន្លាង។ ករណីចាប់ជំរិតនៅក្នុងក្រុងព្រះសីហនុកាលពីថ្ងៃទី១០ ខែកញ្ញា សមត្ថកិច្ចបានដកហូត កាំភ្លើងវែង ខ្លី ជាច្រើនដើមពីក្រុមប្រដាប់អាវុធចាប់ជំរិតជនជាតិចិន។
ហេតុអ្វីក្រុមឧក្រិដ្ឋជនចាប់ជំរិតជនជាតិចិននៅកម្ពុជាមានអាវុធប្រើប្រាស់?
នៅក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រកាសបិទអាជីវកម្មល្បែងស៊ីសងកាស៊ីណូអនឡាញនៅ ក្នុងឆ្នាំ ២០១៩ លំហូរនៃជនជាតិចិនចាកចេញពីប្រទេសកម្ពុជាបានកើតឡើងយ៉ាងគំហុក បានធ្វើឱ្យទីក្រុងធំៗរបស់កម្ពុជាមួយចំនួន ដែលមានជនជាតិចិនរស់នៅច្រើនដូចជា ក្រុងព្រះសីហនុ និងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។
ការចាកចេញយ៉ាងគំហុករបស់ជនជាតិចិនពីកម្ពុជានៅពេលនោះ ជាភស្តុតាងបញ្ជាក់ថា ជនជាតិចិនទាំងនោះបានចូលមកកម្ពុជាក្នុងគោលបំណងបង្កើត អាជីវកម្មល្បែងស៊ីសង ហើយនៅពេលដែលអាជីវកម្មនេះត្រូវបានកម្ពុជាបិទវិញ ពួកគេក៏ត្រូវចាកចេញទៅរកកន្លែងថ្មីទៀត។
បើនិយាយពីបញ្ហាសង្គមបង្កឡើងដោយជនជាតិចិននៅពេលនោះ ដូចជាបញ្ហាអសន្តិសុខ ការចាប់ជំរិត ការប្រើប្រាស់អំពើហិង្សា អំពើឃាតកម្ម អាជីវកម្មពេស្យាចារ ក៏បានកើតឡើងច្រើន។ គេឃើញមានសមរភូមិប្រយុទ្ធគ្នារវាងជនជាតិចិន និងជនជាតិ ចិនដូចគ្នាដែលជាក្រុមបងតូច បងធំបានកើតឡើងជាញឹកញាប់។ ការចាក់សម្លាប់មនុស្ស បាញ់បោះធាក់ទម្លាក់ពីលើរថយន្តនៅតាមទីសាធារណៈទាំងកណ្តាលថ្ងៃ ក៏ឃើញកើតមាន គួរឱ្យព្រឺក្បាល។
ការបង្កើតឱ្យមានកាស៊ីណូអនឡាញ (Online) ល្បែងស៊ីសង ត្រូវបានគេមើលឃើញថា ជាប្រភពចំបង មួយបង្កឱ្យមានសកម្មភាពចាប់ជំរិតប្រព្រឹត្តដោយឧក្រិដ្ឋជនចិននៅលើទឹកដីកម្ពុជា។
បើទោះជាកាស៊ីណូអនឡាញ ឬល្បែងអនឡាញ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យបិទជាផ្លូវការតាំងពីឆ្នាំ ២០១៩ ក្តី ប៉ុន្តែគេសង្កេតឃើញថា សកម្មភាពចាប់ជំរិតរបស់ជនជាតិចិននៅតែបន្តកើតមាន។
នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅក្នុងជំនួបជាមួយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា និងបច្ចុប្បន្នជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លោក វ៉ាង យី បានស្នើឱ្យសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងកាស៊ីណូអនឡាញ។ លោក វ៉ាង យី បារម្ភថា បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន។
លោក ហោ ណាំហុង បានបញ្ជាក់ប្រាប់ លោក វ៉ាង យី ថា រដ្ឋាភិបាលកម្ពុជាបានលុបបំបាត់កាស៊ីណូអនឡាញនេះតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។
ទោះបីជាយ៉ាងណាក៏ដោយ វាអាចមិនមែនជាការចៃដន្យទេ ដែលរដ្ឋមន្ត្រីការបរទេសចិនលើក នូវសំណើអំពីការគ្រប់គ្រងល្បែងកាស៊ីណូអនឡាញ។ នេះប្រហែលជាមកពីរដ្ឋាភិបាលកម្ពុជា មិនទាន់អាចលុបបំបាត់អាជីវកម្មកាស៊ីណូអនឡាញបានទាំងស្រុងដូចការលើកឡើងរបស់ លោក ហោ ណាំហុង នោះឡើយ។ ម្យ៉ាងទៀត សកម្មភាពចាប់ជំរិតរបស់ឧក្រិដ្ឋជនចិនលើ ជនជាតិចិនដូចគ្នាក៏នៅតែបន្តមាន។
កាលពីថ្ងៃទី១០ ខែកញ្ញា ពោលគឺពីរថ្ងៃមុនលោក វ៉ាង យី ធ្វើដំណើរមកដល់ប្រទេសកម្ពុជា កងកម្លាំងរាជអាវុធខេត្តព្រះសីហនុបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមប្រដាប់អាវុធជនជាតិចិនចំនួន ១៤នាក់ ក្នុងនោះក៏មានស្ត្រីម្នាក់ និងបានជួយរំដោះចំណាប់ខ្មាំងម្នាក់ជាជនជាតិដូចគ្នាពីក្រុមឧក្រិដ្ឋជនទាំងនេះ។
ការបង្ក្រាបនេះធ្វើឡើងនៅចំណុចអគារមួយកន្លែងក្បែរកាស៊ីណូឈ្មោះជីងកាង ឋិតក្នុង ក្រុងព្រះសីហនុ។ ជាការកត់សម្គាល់ សមត្ថកិច្ចមិនត្រឹមតែបានឃាត់ខ្លួនឧក្រិដ្ឋជនចាប់ជំរិត ចិនជាច្រើននាក់ប៉ុណ្ណោះទេ តែថែមទាំងបានដកហូតអាវុធវែង ខ្លី ដែលនៅថ្មីៗសន្លាងចំនួន ៧ ដើម ដែលរួមមានកាំភ្លើងម៉ាកអាកា ៤៧ (AK 47) មួយដើម កាំភ្លើងវែងម៉ាក អឹម ហ្វ័រ (M4) មួយដើម កាំភ្លើងខ្លីម៉ាកកា ៥៤ (K54) ពីរដើម កាំភ្លើងខ្លីម៉ាកកា ៥៩ (K59) មួយដើម កាំភ្លើងខ្លីម៉ាកសេអេហ្វ ៩៨ (CF98) មួយដើម និងកាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
ក្រុមចាប់ជំរិតប្រដាប់អាវុធជនជាតិចិនទាំងអស់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការ តាមនីតិវិធីពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ការកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ត្រង់កន្លែងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនេះហើយ ដែលប្រហែលជាធ្វើឱ្យមហាជន ខ្មែរមានការងឿងឆ្ងល់ខ្លាំងណាស់ដែរ នៅត្រង់ថា តើជនជាតិចិនទាំងអស់នេះទទួលបានអាវុធ ជាច្រើនដើមមកពីប្រភពណា ឬថាហេតុអ្វីក៏ពួកគេមានអាវុធប្រើប្រាស់ បើទោះជាច្បាប់ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់កម្ពុជា មិនអនុញ្ញាតឱ្យជនបរទេស កាន់កាប់ ឬប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជាក្តី។
យ៉ាងណាក៏ដោយចុះ រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញសមត្ថកិច្ចកម្ពុជា បង្ហាញ អត្តសញ្ញាណប្រភពផ្តល់អាវុធដល់ជនជាតិចិននៅឡើយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានអះអាងប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះថា អាវុធដែលជនជាតិចិនប្រើប្រាស់មិនមែនជាអាវុធលួចនាំចូលមកពីក្រៅ ប្រទេសនោះទេ។ ប៉ុន្តែជាអាវុធដែលជនជាតិចិនទិញមកពីខេត្តផ្សេងនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ស្នងការរូបនេះមិនបានបញ្ជាក់ប្រាប់ពីប្រភពនៃអ្នកផ្តល់ ឬលក់អាវុធឱ្យជន ជាតិចិន ថាជាជនស៊ីវិល ឬជាមន្ត្រីកម្លាំងនោះទេ ក្រៅតែពីថ្លែងប្ដេជ្ញាចិត្តបន្តបង្ក្រាបទៅលើអ្នកប្រើប្រាស់អាវុធខុសច្បាប់ និងចាប់ពួកគេផ្ដន្ទាទោស៖ «យើងជាសមត្ថកិច្ចយើងមិនអាចទុកចោល ទេយើងបន្តនីតិវិធីបញ្ជូនទៅស្ថាប័នច្បាប់ស្ថាប័នអយ្យាអមសាលាដំបូងខេត្តក៏ត្រូវបន្តនីតិវិធីបើកការសាកសួរបន្តទៀត»។
ស្ថាប័នដែលមានសមត្ថកិច្ចក្នុងការចុះបញ្ជីគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ គឺមានតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។
ក្រសួងការពារជាតិទទួលខុសត្រូវលើការផ្គត់ផ្គង់ ការត្រួតពិនិត្យ ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងយោធពលខេមរភូមិន្ទ។
ចំណែកឯក្រសួងមហាផ្ទៃវិញ ទទួលខុសត្រូវលើការផ្គត់ផ្គង់ ការត្រួតពិនិត្យ ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ មន្ត្រី និងជនស៊ីវិល។
សង្គមស៊ីវិលតែងស្នើឱ្យអាជ្ញាធរកម្ពុជារឹតបន្តឹងលើការគ្រប់គ្រងអាវុធគ្រឿងផ្ទុះរបស់ជនជាតិ ចិននៅកម្ពុជា និងស្វែងរកប្រភពផ្តល់អាវុធដល់ឧក្រិដ្ឋជនទាំងនោះដើម្បីផ្ដន្ទាទោសតាមច្បាប់។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី យល់ថា ការបង្ក្រាបចាប់បានឧក្រិដ្ឋជន និងរឹបអូសយកអាវុធខុសច្បាប់ពីពួកគេវានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ សមត្ថកិច្ចត្រូវតាមរកមេខ្លោង និងប្រភពផ្តល់ ឬលក់អាវុធឱ្យឧក្រិដ្ឋ ជនទៀត ទើបអាចលុបបំបាត់ការប្រើប្រាស់ និងកាន់កាប់អាវុធខុសច្បាប់បាន៖ «តើពួកគាត់ ( ជនជាតិចិន ) ហ្នឹងបានអាវុធពី កន្លែងណាមក ហើយបើដឹងថា មានទីផ្សារលក់អាវុធ ឬក្រុមផ្ដល់អាវុធគួរតែមានការបង្ក្រាប ហើយរឹបអូសយកឲ្យអស់មកព្រោះអាវុធហ្នឹងគ្រោះថ្នាក់ខ្លាំងណាស់»។
កាលពីឆ្នាំ២០២០ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិនជាង ៥០០ (៥២៣)នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តនៅកម្ពុជា។ សមត្ថកិច្ចឱ្យដឹងថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួនភាគច្រើនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិតទារប្រាក់ អំពើហិង្សា ឆបោក ចោរកម្ម រត់ពន្ធថ្នាំញៀន និងការប្រើប្រាស់អាវុធខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។