លោក អាត់ ធន់ មិនយល់ស្របតាម ប.ស.ស ដែលថា កម្មករសន្លប់ មិនមែនជាគ្រោះថ្នាក់ការងារ
2018.05.19

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មិនយល់ស្របតាមបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលថា កម្មករដួលសន្លប់ នៅកន្លែងធ្វើការ មិនមែនជាគ្រោះថ្នាក់ការងារ។ លោកអំពាវនាវ ឲ្យអាជ្ញាធរ និងជាពិសេសថៅកែរោងចក្រ ជួយយកចិត្តទុកដាក់ឲ្យបានខ្លាំងដល់ជីវភាពរបស់កម្មករ ដើម្បីកាត់បន្ថយការដួលសន្លប់បែបនេះ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់ថា ឲ្យតែគ្រោះថ្នាក់កើតឡើងនៅកន្លែងការងារ រួមមានទាំងការខ្សោយសុខភាព និងអាការៈដួលសន្លប់ផង គឺសុទ្ធតែត្រូវតែចាត់ទុកថា ជាគ្រោះថ្នាក់ការងារ៖ «ការដួលសន្លប់របស់កម្មករ ដោយសារតែគាត់ធ្វើការនៅក្រុមហ៊ុន ហើយនៅក្នុងអំឡុងពេលដួលនោះ គឺដោយសារតែមូលហេតុចេញពីក្រុមហ៊ុន ឧទាហរណ៍ថា ការសន្លប់ដោយសារថ្នាំ ការសន្លប់ដោយសារភាពអត់អុកស៊ីហ្សែន ការសន្លប់ដោយមានសារជាតិគីមី ឬការសន្លប់ដោយសារតែកន្លែងនោះ មានធូលី ឬ កម្ដៅ ឬ ពន្លឺអត់គ្រប់គ្រាន់ អាហ្នឹងសុទ្ធតែគ្រោះថ្នាក់ការងារទេ»។
ការលើកឡើងបែបនេះ ធ្វើឡើងក្រោយបេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស ដែលជាស្ថាប័នរដ្ឋ ចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១៧ ខែឧសភា មិនទទួលស្គាល់ស្ថានភាពខ្សោយសុខភាពរបស់កម្មករនៅកន្លែងធ្វើការថា ជាគ្រោះថ្នាក់ការងារនោះឡើយ។ សេចក្ដីជូនដំណឹងដដែល បន្ថែមថា “រាល់សកម្មភាពរបស់កម្មករ និយោជិក ដែលមានអាការៈវិលមុខ ទន់ដៃទន់ជើង ញ័រទ្រូង ពិបាកដកដង្ហើម និងថប់អារម្មណ៍ គឺបណ្ដាលមកពីខ្វះជាតិស្ករក្នុងឈាម ឬ ខ្វះសារធាតុអ៊ីយ៉ុងក្នុងឈាម ដូចជាខ្វះកាល់ស្យូម សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាដើម” ។ ប.ស.ស បញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ តទៅ រាល់ស្ថានភាពបែបនេះ ប.ស.ស ចាត់ទុកថា ជាបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់បុគ្គល មិនមែនបណ្ដាលមកពីការងារ ឬបរិយាកាសកន្លែងធ្វើការនោះទេ។
លោក អាត់ ធន់ មិនឯកភាពទៅលើការបកស្រាយបែបនេះឡើយ ព្រោះការសន្លប់នៅតាមរោងចក្រ សហគ្រាសកន្លងមក គឺសុទ្ធតែពាក់ព័ន្ធនឹងការងារទាំងអស់៖ «ការសន្លប់ទាំងអស់ មិនដែលមានការសន្លប់ណាមួយ រកឃើញថា មិនមានអភូតហេតុ ឬក៏មិនមានអីដែលកើតឡើងពីខាងក្រៅនោះទេ គឺតែងតែមានការកើតឡើងពីខាងក្រៅទាំងអស់។ ដូច្នេះ ទាំងនោះគឺជាគ្រោះថ្នាក់ការងារហើយ មិនមែនជាកំហុសខ្លួនឯងទេ ព្រោះការសន្លប់នៅ សុទ្ធតែកើតមកពីមូលហេតុផ្សេងៗ នៅកន្លែងការងាររបស់គាត់»។
តាមច្បាប់ការងារកម្ពុជា ឆ្នាំ១៩៩៧ ត្រង់ជំពូកទី៩ មាត្រា ២៤៨ ចែងច្បាស់អំពីគ្រោះថ្នាក់ការងារ ដោយកំណត់ថា ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ ក្នុងករណីដែលគ្រោះថ្នាក់នោះ កើតឡើងដោយធ្វើការ ឬក្នុងពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសមកពីកម្មករនិយោជិក ឬក៏គ្មានក៏ដោយ។ ច្បាប់ការងារនេះ បញ្ចូលគ្រោះថ្នាក់ការងារ មិនត្រឹមតែគ្រោះថ្នាក់ ដែលកើតនៅកន្លែងធ្វើការនោះទេ គឺរាប់ទាំងគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅធ្វើការផងដែរ។ ក្នុងករណីគ្រោះថ្នាក់ការងារនេះ ច្បាប់ចែងតម្រូវឲ្យ ជនរងគ្រោះទទួលការជួសជុលសំណងដើម្បីរ៉ាប់រងថ្លៃព្យាបាល សិទ្ធិទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ រហូតដល់ពេលគាត់ជាសះស្បើយ បើនិយោជិកនោះ មិនអាចធ្វើការបាន សិទ្ធិទទួលបានសំណងសម្រាប់ថ្លៃព្យាបាល ហើយបូកបន្ថែមនឹងប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ទៀត បើនិយោជិក ជាជនរងគ្រោះ ត្រូវបាត់បង់សមត្ថភាពធ្វើការជាអចិន្ត្រៃយ៍ ដោយសារតែគ្រោះថ្នាក់ការងារនោះ និងក្នុងករណីគ្រោះថ្នាក់ដល់ជីវិត ត្រូវមានជួយសោហ៊ុយសម្រាប់បូជាសព ហើយសិទ្ធិវន្តរបស់គាត់ ដូចជាប្តី-ប្រពន្ធ ឬកូន ឬក៏ម្ដាយ-ឪពុក ត្រូវមានសិទ្ធិទទួលបានប្រាក់បំណាច់ជាដើម។
ទោះជាយ៉ាងនេះក្តី បើតាមសេចក្ដីជូនដំណឹងរបស់ ប.ស.ស នេះ និយោជិកដែលរងគ្រោះ នឹងបាត់បង់សិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ លើកលែងតែការព្យាបាល និងថែទាំវេជ្ជសាស្រ្ត ក្រោមរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតែប៉ុណ្ណោះ។
ប៉ុន្តែ ក្នុងករណីមានកម្មករ និយោជិក សន្លប់ច្រើននាក់ ឬសន្លប់តៗ គ្នា នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបណ្ដាលមកពីបរិយាកាសក្នុង និងក្រៅសហគ្រាសគ្រឹះស្ថាន ឬតានតឹងអារម្មណ៍ភ័យស្លន់ស្លោ តៗគ្នាជាដើមនោះ បេឡាជាតិរបបសន្តិសុខសង្គម ចាត់ទុកគ្រោះថ្នាក់បែបនេះថា ជាគ្រោះថ្នាក់ការងារ និងទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ។
របាយការណ៍បូកសរុបការងារឆ្នាំ២០១៧ និងទិសដៅបន្តឆ្នាំ២០១៨ របស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់បេឡាជាតិរបបសន្តិសុខសង្គម កាលពីខែកុម្ភៈកន្លងទៅនេះ ឲ្យដឹងថា ក្នុងឆ្នាំ២០១៧ យ៉ាងហោចណាស់មានកម្មករចំនួនជាង ១.៦០០នាក់ នៅតាមរោងចក្រចំនួន ២២ បានដួលសន្លប់។ ចំនួននេះមានការកើនឡើង បើធៀបនឹងឆ្នាំ២០១៦ ដែលមានកម្មករដួលសន្លប់ចំនួនជាង ១.១០០នាក់ នៅតាមរោងចក្រចំនួន ១៨។
ទោះបីបេឡាជាតិសន្តិសុខសង្គម អះអាងថា ការដួលសន្លប់របស់កម្មករ កម្មការិនី គឺផ្ដើមចេញ ពីបញ្ហាសុខភាពរបស់កម្មករនិយោជិកម្នាក់ ឬពីរនាក់ដំបូងតែប៉ុណ្ណោះ ដែលនាំឲ្យកម្មករដទៃឃើញមានការភិតភ័យ ទន់ដៃទន់ជើង ហើយសន្លប់តៗ គ្នាក៏ដោយ ក៏លោក អាត់ ធន់ អះអាងផ្ទុយពីនេះ ដោយលោកមើលឃើញថា ការដួលសន្លប់របស់កម្មករ គឺដោយសារប្រាក់ខែមិនគ្រប់ ដើម្បីផ្គត់ផ្គង់ជីវភាពកម្មករ ដែលធ្វើឲ្យពួកគាត់ ត្រូវបង្ខំចិត្តធ្វើការច្រើនម៉ោង និងគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញម្ហូបអាហារ ដែលមានជីវជាតិគ្រប់គ្រាន់ និងត្រឹមត្រូវដូចជាបន្លែត្រីសាច់នោះទេ ពោលគឺ កម្មករមានលទ្ធភាពត្រឹមទិញអាហារ ដែលធូរថ្លៃ ប៉ុន្តែមិនសូវមានកាឡូរី ដូចជាលៀសហាល និងត្រសក់ត្រាំជាដើមនោះ។
លោក អាត់ ធន់ ស្នើសុំឲ្យរដ្ឋយកចិត្តទុកដាក់ឲ្យបានខ្លាំងលើសុខុមាលភាពរបស់កម្មករ ធ្វើយ៉ាងណាជួយជំរុញឲ្យថៅកែរោងចក្រ ដំឡើងប្រាក់ឈ្នួល ឲ្យបានសមរម្យលើសសព្វថ្ងៃ និងត្រូវឲ្យថៅកែរោងចក្រទទួលខុសត្រូវបង់លុយអាហារថ្ងៃត្រង់ឲ្យកម្មករ និងជួលក្រុមហ៊ុនណាមួយ ឬអ្នកធ្វើម្ហូបដែលមានគុណភាព និងបទពិសោធន៍ក្នុងការធ្វើអាហារល្អ ដើម្បីធានាសុខភាពកម្មករ។ លោកអះអាងថា ថៅកែរោងចក្រ ពិតជាមានលទ្ធភាពធ្វើដូច្នេះបាន ដោយមិនពិបាកនោះទេ ព្រោះមិនអស់ប៉ុន្មាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។