សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ស្នើឲ្យរដ្ឋាភិបាលចេញមុខអន្តរាគមន៍ និងចាត់វិធានការជុំវិញករណីកម្មកររោងចក្រប្រមាណ ៣ម៉ឺននាក់នៅក្រុងបាវិត ខេត្តស្វាយរៀង ផ្ទុះការទាមទារប្រាក់ឈ្នួលលើសពី ១៤០ដុល្លារ។ ចំណែកតំណាងកម្មករ ស្នើឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយតាមសំណើកម្មករ ដើម្បីជៀសវាងការប៉ះទង្គិច។
លិខិតរបស់ ជីម៉ាក់ នៅថ្ងៃទី១៧ ធ្នូ ស្នើសុំអន្តរាគមន៍ និងចាត់វិធានការពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិសេសស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាននេះ នៅបន្ទាប់ពី ជីម៉ាក់ មើលឃើញថា ការតវ៉ាបានប្រែជាហិង្សាបង្កឲ្យខូចខាតដល់ទ្រព្យសម្បតិ្តរបស់រោងចក្រសហគ្រាសផ្សេងៗ ព្រមទាំងបង្កគ្រោះថ្នាក់ដល់និយោជក និងកម្មករដែលមិនបានចូលរួមតវ៉ា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតំណាងនិយោជកក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង អះអាងថា ការចេញតវ៉ាទ្រង់ទ្រាយធំរបស់កម្មករ ក្នុងគោលដៅទាមទារដំឡើងប្រាក់ឈ្នួលនេះ បានបណ្ដាលឲ្យសកម្មភាពផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចមេនហាតធេន (Manhattan) ទាំងមូល ត្រូវបានបញ្ឈប់ទាំងស្រុង ហើយការខាតបង់មានទំហំរាប់លានដុល្លារ។
ជីម៉ាក់ អំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការឲ្យមានប្រសិទ្ធភាពជាបន្ទាន់ ដើម្បីការពារសន្តិសុខសុវត្ថិភាពអ្នកវិនិយោគ និងទ្រព្យសម្បត្តិពួកគេ។
ការចេញស្រែកតវ៉ាតាមផ្លូវទាមទារប្រាក់ឈ្នួលបន្ថែម ដែលយ៉ាងហោច ១៥០ដុល្លារនោះ បានកើតឡើងពីរថ្ងៃហើយចាប់ពីថ្ងៃទី១៦ មក ហើយនៅព្រឹកថ្ងៃទី១៧ ធ្នូ ការតវ៉ានេះបានរាលដាលកាន់តែធំ ដោយមានកម្មករចូលរួមប្រមាណ ៣ម៉ឺននាក់។ អ្នកតវ៉ាខ្លះ បានគប់ដុំថ្មបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងស្រែកឲ្យកម្មករផ្សេងទៀតចូលរួមតវ៉ាជាមួយគ្នា។
កម្មការិនីម្នាក់ដែលបានចូលរួមទាមទារប្រាក់ឈ្នួលនោះ លើកឡើងថា ពួកគាត់មិនសប្បាយចិត្តទទួលយកប្រាក់ឈ្នួល ១៤០ដុល្លារ ដែលកំណត់ដោយគណៈកម្មការប្រឹក្សាការងារនោះទេ ព្រោះក្រុមហ៊ុនធ្លាប់សន្យាថា នឹងបន្ថែមឲ្យពួកគាត់ចំនួន ២០ដុល្លារលើប្រាក់ខែដែលមានស្រាប់ ១២៩ដុល្លារពេលដំណាច់ឆ្នាំ៖ «រោងចក្រសន្យាជាមួយគេថា មួយឆ្នាំដំឡើងឲ្យគេ ២០ដុល្លារ អ៊ីចឹងឥឡូវដំឡើងឲ្យ ១១ដុល្លារ គេម៉េចព្រម»។
នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេង (Tai Seng) នៅក្រុងបាវិត ខេត្តស្វាយរៀង មានរោងចក្រសរុបជាង ៤០រោងចក្រ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា សកម្មភាពហិង្សាដែលកើតឡើងជារៀងរាល់ឆ្នាំបែបនេះ ក៏បានធ្វើឲ្យប៉ះពាល់អារម្មណ៍ និងទស្សនវិស័យរយៈពេលវែងរបស់អ្នកវិនិយោគ។
ទាក់ទងនឹងប្រាក់ឈ្នួលនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថា សហជីពធំៗមួយចំនួន កំពុងតែជជែកជាមួយអ្នកបញ្ជាទិញ និងអង្គការផ្សេងៗ ដើម្បីឲ្យមានការដំឡើងប្រាក់ឈ្នួលសមរម្យ។ ទន្ទឹមគ្នានេះ លោកអំពាវនាវឲ្យកម្មករទាមទារប្រាក់ឈ្នួលដោយសន្តិវិធី និងស្របតាមច្បាប់។ ចំណែកក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយតាមសំណើកម្មករ ដើម្បីជៀសវាងការប៉ះទង្គិចគ្នា៖ «ស្ថាប័នពាក់ព័ន្ធគួរតែដុតដៃដុតជើងរៀបចំឲ្យមានការរៀបចំបន្ទាន់មួយ ដើម្បីរកវិធីសាស្ត្រដោះស្រាយបញ្ចប់បញ្ហា។ ប្រសិនបើយើងអត់ធ្វើការដោះស្រាយឲ្យបានលឿនទេ វានឹងរីកដុះដាលធំទៅៗ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីអភិបាលខេត្តស្វាយរៀង លោក ជៀង អំ និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេនៅថ្ងៃទី១៧ ធ្នូ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
យ៉ាងណាក៏ដោយចុះ នៅពេលតវ៉ា ក៏មានកងកម្លាំងអាជ្ញាធររាប់សិបនាក់ដាក់ពង្រាយដែរ ប៉ុន្តែពុំមានការបង្ក្រាបប៉ះទង្គិចគ្នានោះទេ។
ក្រុមកម្មករលើកឡើងថា ការតវ៉ានោះ គឺគ្មានអ្នកណាបំផុសបំផុលឡើយ ពោល គឺកើតចេញពីខ្លួនឯងដែលមិនពេញចិត្តចំពោះប្រាក់ឈ្នួល ១៤០ដុល្លារ។ មិនពេញចិត្ត ព្រោះប្រាក់ឈ្នួលនេះនៅមិនទាន់ឆ្លើយតបសម្រាប់ការចំណាយ និងជីវភាពរស់នៅរបស់ពួកគាត់ឲ្យសមរម្យឡើយ។ ក្រុមកម្មករអះអាងថា ពួកគេនឹងនៅតែតវ៉ា ប្រសិនបើពុំមានដំណោះស្រាយទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
