ក្រុម​កម្មករ​រោងចក្រ Zhen Tai មាន​ជីវភាព​លំបាក​អំឡុង​ពេល​ថៅកែ​រោងចក្រ​បន្ត​ព្យួរ​ការងារ

0:00 / 0:00

កម្មករ​រោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia ) នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត ខណៈ​ថៅកែ​រោងចក្រ​បន្ត​ព្យួរ​ការងារ​កម្មករ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថាថៅកែ​រោងចក្រ​គួរតែ​ចេញ​មក​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​កម្មករ។

ក្រុម​កម្មករ​រោងចក្រ​ជិត ៦​រយ​នាក់ (៥៦៥) កំពុង​ប្រឈម​នឹង​ភាព​ក្រីក្រ ដោយសារ​ថៅកែ​រោងចក្រ​ព្យួរ​ការងារ​រយៈពេល​៣​ខែ​មក​ហើយ នៅ​មិនទាន់​ទទួលយក​កម្មករ​ចូល​ធ្វើ​ការ​វិញ​។ ក្រុម​កម្មករ អះអាង​ថា ការ​ព្យួរ​ការងារ​តែ​សមាជិក​សហជីព​នេះ​គឺ​ថៅកែ​មាន​ចេតនា​ចង់​បញ្ឈប់​ការងារ​កម្មករ និង​រើសអើង​សហជីព។

តំណាង​កម្មករ​ម្នាក់​គឺ លោកស្រី ឈួ សារិត ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ការងារ​ដោយ​គ្មាន​មូលហេតុ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ មីនា ថា លោកស្រី សោកស្ដាយ​ដែល​ថៅកែ​រោងចក្រ​ធ្វើ​រឿង​អយុត្តិធម៌​ចំពោះ​កម្មករ​ហើយ ក្រសួង​ការងារ​នៅតែ​គ្មាន​ដំណោះស្រាយ​ជូន​កម្មករ ហើយ​ថែមទាំង​បង្ខំ​ឱ្យ​កម្មករ​ចុះហត្ថលេខា​បន្ត​ព្យួរការងារ​ទៀត​។ លោកស្រី​បន្ត​ថា លោកស្រី​ឈឺចាប់ និង​មិនអាច​ទទួលយក​ទង្វើ​របស់​ថៅកែ​រោងចក្រ បានទេ ពីព្រោះ​ថៅកែ​បាន​សន្យា​ទទួលយក​កម្មករ​ចូល​ធ្វើការ​វិញ ប៉ុន្តែ​ពេល​នេះ បែរជា​ចោទ លោកស្រី ថា យក​ព័ត៌មាន​ផ្ទៃក្នុង​របស់​រោងចក្រ​ទៅ​ផ្សព្វផ្សាយ ហើយ​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​ទាំង​អយុត្តិធម៌។

លោកស្រី ឈួរ សារិត៖ «ខ្ញុំ​ឈឺចាប់​ណាស់​ហើយក៏​នឹក​ឃើញថា​អយុត្តិធម៌​សម្រាប់​កម្មករ​ដែល​អត់​ដឹង​រឿង​អី​ម៉ា​តិច​មាន​គេ​ចោទ​ប្រកាន់​ខ្ញុំ​អ៊ីចឹង​ឈឺចាប់​បំផុត​នៅ​ពេល​យើង​ជា​កម្មករ​អ៊ីចឹង​គេ​ចោទ​ហើយ​គេ​ឆក់​កាត​យើង​ទៀត​និយាយ​រួម​ទៅ​ខ្ញុំ​តូចចិត្ត​ខ្លាំង​ណាស់​ណាមួយ​ខ្ញុំ​ជា​កម្មករ​អ៊ីចឹង​ខ្ញុំ​ទទួល​យក​អត់​បាន»។

លោកស្រី ឈួ សារិត ត្រូវ​បាន​ថៅកែ​បញ្ឈប់​ការងារ​កាលពី​ថ្ងៃទី​៣ មីនា ដោយ​ចោទ​ប្រកាន់ លោកស្រី​ថា យក​រឿង​សំងាត់​របស់​រោងចក្រ​ទៅ​ផ្សព្វផ្សាយ​ដែល​ធ្វើ​ឱ្យ​រោងចក្រ​មាន​បញ្ហា ប៉ុន្តែ លោកស្រី​ច្រានចោល​ការចោទប្រកាន់​នេះ។ លោកស្រី ចាត់ទុក​ការចោទប្រកាន់​នេះ​ជា​រឿង​បង្ខូច​កេរ្តិ៍ឈ្មោះ និង​មាន​ចេតនា​មិន​ទទួល​កម្មករ​ជា​សហជីព​ចូល​ធ្វើ​ការ​វិញ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សហជីព​ស្មារតី​កម្មករ​កម្ពុជា លោក កឹម សុភេន ថ្លែង​ថា ថៅកែ​មាន​ចេតនា​ចង់​បញ្ឈប់​សហជីព​ទាំងអស់​មិន​ឱ្យ​ចូល​ធ្វើ​ការ។ ម្យ៉ាងទៀត លោក​ថា ការ​បញ្ឈប់​សមាជិក​សហជីព​លោក នេះ​គឺ​ចង់​គំរាមកំហែង​ដល់​សមាជិក​សហជីព​ផ្សេងទៀត​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ថៅកែ។

លោក កឹម សុភេន៖ «ពិបាកចិត្ត​ណាស់​ដល់​ថ្នាក់​កម្មករ​គាត់​សាញ​ហើយ​ឥឡូវ​គ្រាន់តែ​លឺ​ក្រសួង​គាត់​ចង់​រាថយ ដោយសារ​ដាក់​ទៅ​ក្រសួង​ហើយ​ដំណោះស្រាយ​គឺ​សូន្យឈឹង​គឺ​គ្មាន​ម៉ា​តិច​សោះ​មក​វិញ​ហើយ​បំបាក់ទឹកចិត្ត​កម្មករ​គាត់​ឡើង​គាត់​អស់ជំនឿ​ជឿជាក់​ដាក់​ទៅ​ក្រសួង​ហើយ​គាត់​ស្ទើរតែ​អស់ជំនឿ​ទៅលើ​ការ​ដាក់​ហ្នឹង​ទៀត»។

ទោះបីជា​យ៉ាងណា​កាលពី​ថ្ងៃទី​៨ កុម្ភៈ ខាង​អធិការ​ការងារ​ចុះ​មក​សម្របសម្រួល​វិវាទ​ការងារ​នេះ​ម្ដង​រួចហើយ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ ។ អធិការកិច្ច​ការងារ ក៏បាន​បង្ខំ​ឱ្យ​កម្មករ​ជិត ៦​រយ​នាក់ (៥៦៥) បន្ត​ព្យួរការងារ​១​ខែ​ទៀត ក្រោម​ហេតុផល​ថា គ្មាន​អ្នកបញ្ជា​ទិញ​ទំនិញ និង​ខ្វះខាត​សម្ភារៈ​ដើម្បី​ដំណើរការ​សង្វាក់​ផលិតកម្ម​។ ក្រុម​កម្មករ​យល់ឃើញ​ថា អធិការ​កិច្ច​ការងារ កំពុង​ការពារ​ផលប្រយោជន៍​ឱ្យ​រោងចក្រ​ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​កម្មករ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​ការងារ លោក ទេស រុក្ខាផល និង​ប្រធាន​រដ្ឋបាល​រោងចក្រ សិន តៃ ហ្គាមេន អ្នកស្រី អ៊ុន សុភា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​០៤ មីនា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ មាន​ប្រសាសន៍​ថា រោងចក្រ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ជូន​កម្មករ ជាពិសេស​បើ​ព្យួរ​ការងារ​លើស​ពី​២​ខែ​ថៅកែ​រោងចក្រ​ត្រូវ​ទូទាត់​ប្រាក់ខែ​ពេញ​ឱ្យ​កម្មករ។ លោក​បញ្ជាក់​ថា បើ​ថៅកែ មិន​ទូទាត់​ទេ​គឺ ក្រសួង​ការងារ​គួរតែ​ចុះ​ពិនិត្យមើល​ភ្លាមៗ​ជៀសវាង​ការ​អនុវត្ត​ខុសពី​ច្បាប់​ការងារ។

លោក អាត់ ធន់៖ «ក្រសួង​ការងារ​គួរតែ​ចុះទៅ​អធិការ​ឱ្យ​បាន​ច្បាស់​អំពី​ការ​ព្យួរ​ឬក៏​ធានា​ថា ឱ្យ​កម្មករ​បាន​ព្យួរ​ទៅតាម​ច្បាប់​ក្នុងករណី​ក្រុមហ៊ុន​មានលទ្ធភាព​ព្យួរ​ឱ្យ​ព្យួរ​តាមច្បាប់​ហើយ​ការរើសអើង ឬក៏​ការ​ព្យួរ​តែ​សកម្មជន​សហជីព សមាជិក​សហជីព​វា​ជា​អំពើ​ខុសច្បាប់​ទាំងស្រុង​ក្រសួង​គួរតែ​ស៊ើបអង្កេត និង​ណែ​នាំទៅ​ក្រុមហ៊ុន​ក្នុងករណី​ក្រុមហ៊ុន​នៅតែ​រើសអើង​គឺ​នៅក្នុង​ច្បាប់​គឺ​គេ​ហាម​ការរើសអើង ការ​ធ្វើទុក្ខបុកម្នេញ និង​គឺ​គេ​អាច​ដាក់​វិន័យ​លើ​ក្រុមហ៊ុន​ហ្នឹង​បាន»។

គិត​មក​ទល់​ពេល​នេះ ថៅកែ​រោងចក្រ​មួយ​នេះ ព្យួរការងារ​កម្មករ​ចំនួន​៣​ខែ​ហើយ និង​មាន​កម្មករ​មួយចំនួន​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៣០​ដុល្លារ​នោះ​ទេ។ ក្រុម​កម្មករ​ភាគច្រើន​ជា​ស្ត្រី​ចាត់ទុកថា​ថៅកែ​រោងចក្រ​ប្រកាន់​បក្ខពួក​រើសអើង​សហជីព និង​មាន​ចេតនា​បង្ខំ​ឱ្យ​សហជីព​ឈប់​ធ្វើការ​ដោយ​ខ្លួនឯង​។ រោងចក្រ​នេះ​មាន​កម្មករ​ធ្វើការ​សរុប​ជាង​៣​ពាន់​នាក់ (៣.០៨៥) ក្នុង​នោះ​ជាង​២​ពាន់​នាក់ (២.៥២០) កំពុងធ្វើការ និង​ជិត ៦​រយ​នាក់ (៥៦៥) ទៀត​ត្រូវ​បាន​ព្យួរការងារ។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ស្ដីបន្ទោស​ខ្ជាំ​ងៗ ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង និង​ចេញ​បញ្ជា​ឱ្យ​ដោះស្រាយ​សំណង​ជូន​កម្មករ តាមរយៈ​ការខ្ចី​លុយ​ពី​រដ្ឋាភិបាល ដើម្បី​កុំឱ្យ​កម្មករ​ទាំងនោះ​បន្ត​រង​ទុក្ខ​លំបាក​តទៅទៀត​។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ការងារ រូប​នេះ​នៅតែ​មិន​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​នៅឡើយ ដែល​បណ្ដោយ​ឱ្យ​ពួកគេ​រង​ទុក្ខ​លំបាក​ជា​ខ្លាំង។

ក្រុម​កម្មករ​អះអាង​ថា ពួកគេ​នឹង​នៅតែ​បន្ត​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ប្រសិន​ជា​ថៅកែ​គ្មាន​ដំណោះស្រាយ​ជូន​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។