ប្រធានក្រុមយុវជននៃគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានថ្លែងនៅថ្ងៃទី២៩ វិច្ឆិកា ថា លោកនឹងយកពាក្យបណ្ដឹងដាក់ទៅសាលារាជធានីភ្នំពេញ នៅព្រឹកវេលាម៉ោង៩ ថ្ងៃទី៣០ ខែវិច្ឆិកា ដោយប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានពេជ្រនោះ។
លោកថា បន្ទាប់មកនឹងប្ដឹងមន្ត្រីជាន់ខ្ពស់ដែលទទួលក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកបន្តទៀត៖ «សំខាន់បំផុតដែលខ្ញុំដាក់ពាក្យបណ្ដឹងប្ដឹងឃាតកម្មគិតទុកជាមុននោះ ពីព្រោះយើងបានពិនិត្យពិច័យបានយ៉ាងច្បាស់លាស់ណាស់។ ទី១ រឿងហ្នឹងវាមិនមែនកើតឡើងដោយចៃដន្យទេ។ ហើយរឿងទាំងអស់វាពាក់ព័ន្ធរឿងកោះពេជ្រហ្នឹង គឺក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមួយវិញទៀត យើងឃើញចំណាត់ការក្នុងការសង្គ្រោះអ្នកដែលស្លាប់នៅកោះពេជ្រ មានបញ្ហាហ្នឹង គឺគ្មានចំណាត់ការអ្វីទាំងអស់ ក្រៅពីការបាញ់ទឹក ដែលធ្វើឲ្យជនរងគ្រោះនោះមិនអាចដកដង្ហើមបាន។ ហើយមួយវិញទៀត ពេលមានការរងគ្រោះនោះ ឃើញថាមិនមានប៉ូលិសនៅកន្លែងកើតហេតុនោះទេ។ មួយទៀត ការបិទផ្លូវខាងលិចស្ពាន ដែលធ្វើឲ្យជនរងគ្រោះមិនអាចឆ្លងបាន ធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។ ខ្ញុំចោទប្រកាន់សំខាន់បំផុត គឺជនរងគ្រោះដែលស្លាប់នោះ គឺស្លាប់មិនមែនជារឿងចៃដន្យទេ គឺជារឿងដែលមានការគ្រោងទុក»។
កាលពីរាត្រីថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០ បន្ទាប់ពីពិធីបណ្ដែតប្រទីប ពិធីបាញ់កាំជ្រួចនៅម៉ោងប្រហែល ៩យប់ ក្នុងពេលតែមួយសន្ទុះប៉ុណ្ណោះ សោកនាដកម្មលើស្ពានកោះពេជ្របានកើតឡើងដោយសារមនុស្សផ្អើលជាន់គ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ ៣៥៣នាក់ និងរបួស ៣៩៣នាក់។
ព្រឹត្តិការណ៍នេះ បានជំរុញឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតមួយ ដោយបង្ហាញថា ការស្លាប់គរលើគ្នាជាពំនូក ស្អិតទាញមិនចង់ចេញ បណ្ដាលមកពីការថប់ដង្ហើមដោយសារតែហ្វូងមនុស្សដ៏ច្រើនផ្អើលជាន់គ្នា។
ទាក់ទងទៅនឹងព្រឹត្តិការណ៍នេះដែរ រដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភជាង ១ម៉ឺនដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានកោះពេជ្រនោះ។ បន្ទាប់មកក៏បានកម្ទេចស្ពានចាស់ចោល និងសង់ស្ពានភ្លោះជំនួសវិញ ដើម្បីបញ្ចៀសការកកស្ទះ កុំឲ្យមានករណីនេះទៀត។
មួយឆ្នាំក្រោយព្រឹត្តិការណ៍នេះ រដ្ឋាភិបាលសាលារាជធានីភ្នំពេញ បានចំណាយថវិកា ១២ម៉ឺនដុល្លារ ដើម្បីកសាងស្តូបមួយ នៅក្បែរស្ពាននោះវិញ ដើម្បីរំលឹកការចងចាំ និងឲ្យក្រុមគ្រួសារយកជាទីកន្លែងគោរពវិញ្ញាណក្ខន្ធដល់អ្នកស្ពានកោះពេជ្រនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។