ថៃ​រៀបចំ​ចុះបញ្ជី​ពលករ​ខ្មែរ​ខុសច្បាប់​ឲ្យ​ស្រប​ច្បាប់​វិញ

មន្ត្រី​ក្រសួង​ការ​បទេស​ថៃ នៅ​ថៃ​អង្គារ​ទី​១៧ មិថុនា នេះ បាន​កោះហៅ​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​បាងកក ដើម្បី​សង្ខេប​ព័ត៌មាន​ប្រាប់​អំពី​​គោលនយោបាយ​​ផ្ដល់​ការងារ​ឲ្យ​ពលករ​ខ្មែរ​​។

ការ​កោះ​ហៅ​នេះ គឺ​ដើម្បី​បដិសេធ​ជា​ផ្លូវការ​ទៅ​កាន់​ភាគី​កម្ពុជាដែរ​​ថា ថៃ​មិន​បាន​បណ្ដេញ​ពលករ​ខ្មែរ​ចេញ​ទាំង​បង្ខំ​ដូច​ពាក្យ​ចចាមអារ៉ាម និង​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន កន្លងមក​​នោះ​ទេ។

កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ មិថុនា បាន​ស្រង់​ប្រភព​ អគ្គ​លេខា​អចិន្ត្រៃយ៍ នៃ​ក្រសួង​ការបរទេស​ថៃ គឺ​លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​ បាន​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៧ របស់​ថៃ ដើម្បី​ផ្លាស់ប្ដូរ​វិធានការ​គ្រប់​គ្រង​ពលករ​បរទេស ដែល​ចូល​ធ្វើ​ការ​នៅ​ថៃ ​មិន​មាន​ឯកសារ​ស្រប​ច្បាប់ ឲ្យ​ចុះបញ្ជី​ការងារ​​ស្របច្បាប់ ដើម្បី​ជៀសវាង ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​ម្ចាស់ក្រុមហ៊ុន និង​ថៅកែ​នានា ឬដើម្បី​​ចាក​ផុត​ពី​ការ​ជួញដូរ​មនុស្ស​ជាដើម ហើយ​ពលករ​ទាំងនោះ​​នឹង​អាច​មាន​សិទ្ធិ​ទួល​ផលប្រយោជន៍​បាន​ពី​ច្បាប់​ថៃ ដោយ​យុត្តិធម៌​គ្រប់ៗ​គ្នា។

ការ​កោះហៅ​​ឯកអគ្គរាជទូត​ខ្មែរ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលករ​ខ្មែរ​ជាង ១៦ ម៉ឺន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ស្រុក​​វិញ ​យ៉ាង​តក់ក្រហល់ នៅ​អំឡុង​ខែ​​មិថុនា នេះ។ ក្នុង​នោះ​មាន​ពលករ​ខ្មែរ យ៉ាងហោចណាស់ ៨ នាក់ បាន​ស្លាប់ និង​ខ្លះ​ទៀត​រង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ថៃ​ដឹក​ជញ្ជូន​មក​កម្ពុជា​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ភ្លាមៗ នៅ​ថ្ងៃ​ទី​១៧ មិថុនា ដើម្បី​សុំ​បញ្ជាក់​បន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។