ប្អូន​ស្រី​លោក ថាក់ស៊ីន ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ

ប្អូន​ស្រី​បង្កើត​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ចុង​ឆ្នាំ​២០០៦ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

0:00 / 0:00

គណបក្ស​ភឿថៃ កាល​ពី​ថ្ងៃ​ច័ន្ទ បាន​សម្រេច​ជ្រើសតាំង​លោកស្រី យិងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) អាយុ ៤៣​ឆ្នាំ ជា​បេក្ខជន​ស្ត្រី​ទី​មួយ​ដើម្បី​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ប្រទេស​ថៃ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​របស់​ថៃ ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន អេ.ភី (AP) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ឧសភា បាន​ឲ្យ​ដឹង​ថា ការ​ជ្រើសរើស​បេក្ខជន​ស្រី​ជា​ប្អូន​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ របស់​គណបក្ស​គណបក្ស​ភឿថៃ បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។

ព័ត៌មាន​ក៏​បាន​បន្ថែម​ទៀត​ថា លោកស្រី យិងឡាក់ ស៊ីណាវ៉ាត្រ មាន​បទពិសោធន៍​តិចតួច​ណាស់​ក្នុង​រឿង​នយោបាយ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គាត់​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ​នេះ គឺ​ដើម្បី​លោក ថាក់ស៊ីន ដែល​ជា​បង​ប្រុស​របស់​លោកស្រី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​ក្រុម​យោធា​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​កាល​ពី​ឆ្នាំ​២០០៦ ហើយ​បន្ទាប់​មក​ត្រូវ​តុលាការ​ថៃ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ។

ភាគ​ច្រើន​នៃ​បទពិសោធន៍​ការងារ​របស់​លោកស្រី យិងឡាក់ ស៊ីណាវ៉ាត្រ គឺ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ត្រកូល ស៊ីណាវ៉ាត្រ (Shinawatra) ហើយ​លោក ថាក់ស៊ីន ស្ថិត​ក្នុង​លំដាប់​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​កាន់​តំណែង​មិន​ទាន់​បាន​បញ្ចេញ​ឈ្មោះ​បេក្ខជន​ជា​នាយករដ្ឋមន្ត្រី​នៅ​ឡើយ​ទេ ប៉ុន្តែ​ស្ទើរ​តែ ១០០% គឺ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន។

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវ​បាន​គេ​ដេញ​ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ​២០០៦ ដោយ​រដ្ឋ​ប្រហារ។ លោក ថាក់ស៊ីន ក៏​បាន​ភៀស​ខ្លួន​ពី​ប្រទេស​ថៃ ដើម្បី​គេច​ខ្លួន​ឲ្យ​រួច​ពី​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។ បើ​ទោះ​បី​ជា​លោក ថាក់ស៊ីន ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក៏ដោយ ប៉ុន្តែ​លោក​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់​ពី​អ្នក​គាំទ្រ​បោះ​ឆ្នោត​នៅ​តាម​ជនបទ​ក្នុង​ប្រទេស​ថៃ។

ប្រសិន​បើ​គណបក្ស​ភឿថៃ ឈ្នះ​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ​នេះ ប្អូន​ស្រី​របស់​លោក ថាក់ស៊ីន គឺ​លោកស្រី យិងឡាក់ អាច​ឡើង​ជា​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ទី​មួយ​ក្នុង​ប្រទេស​ថៃ៕