អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍នេសាទកោះតូច និងអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផលប្រមាណ ៤០នាក់ នាំគ្នាដាំដើមកោងកាង និងលើកផ្លាកសញ្ញាការពារជលផលនៅក្នុងតំបន់ឆ្នេរកោះពោធិ៍ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
គណៈកម្មការសហគមន៍នេសាទឃុំកោះតូច លោក លី គឹមសាន្ត បានថ្លែងនៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១១ ថា ពលរដ្ឋបានរួមគ្នាយកកូនកោងកាង ចំនួន ១.៨៥៨ដើម មកដាំលើដីទំហំ ៣ហិកតារបន្ថែមទៅលើព្រៃកោងកាងដែលមានស្រាប់ ១០ហិកតារ ដើម្បីជួយបង្កើនធនធានជលផលសមុទ្ទ និងការពារជីវចម្រុះក្នុងតំបន់នោះ។
លោកបន្តថា ៖ «វាផលប្រយោជន៍ច្រើនណាស់ ព្រៃកោងកាងអាចឲ្យជីវចម្រុះជ្រកនៅបាន។ ជីវចម្រុះនោះដូចថា វាមានតាំងពីក្តាម បង្គា ត្រី អីអ៊ីចឹង មកពង ពួនពងនៅក្នុងហ្នឹង ឬសត្វបក្សីអីវាអាចមកជ្រកពួនពងនៅ ហើយណាមួយកោងកាងវាអាចទប់ដីកុំឲ្យបាក់ជ្រាល»។
អនុប្រធានសហគមន៍នេសាទកោះតូច លោក អ៊ុក ទី ថ្លែងថា ថ្ងៃនេះមិនត្រឹមតែដាំដើមកោងកាងទេ គឺបានបោះបង្គោលលើកស្លាកកំណត់ដែននេសាទរបស់សហគមន៍កោះតូច ផងដែរ។
មន្ត្រីសម្របសម្រួលអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល លោក ថា ថេង បានថ្លែងថា ពលរដ្ឋ រស់នៅក្នុងមូលដ្ឋានគ្មានឱកាសចាប់ផលនេសាទទឹកប្រៃពីសមុទ្ទ ដែលគាត់កំពុងអភិរក្សបានច្រើនដូចឈ្មួញ ឬជនខិលខូចនោះទេ ទើបសហគមន៍បោះបង្គោលលើកស្លាកកំណត់ដែនអភិរក្សរបស់សហគមន៍នៅថ្ងៃសុក្រ។ ការលើកស្លាក និងដាំដើមកោងកាងនេះ មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ និងប្រជាជនក្នុងសហគមន៍ផងដែរ។
លោក ថា ថេង មានប្រសាសន៍បន្ត ៖ «គោលបំណងដែលគាត់ដាំដើមកោងកាងនៅថ្ងៃនេះ ដោយសារតែនៅតំបន់នេះ ព្រែកោងកាងជាតំបន់ព្រៃរេចរឹល អ៊ីចឹងគាត់ដាំក្នុងគោលបំណង ដើម្បីធ្វើម៉េចឲ្យព្រៃហ្នឹងកើនឡើងវិញ ដើម្បីជួយដល់គាត់ហ្នឹងរកផលនេសាទបានកាន់តែល្អប្រសើរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។
ប្រជានេសាទនៅឃុំកោះតូច ភូមិកណ្ដាល អ្នកស្រី សឿន ហ៊ាន ថ្លែងថា គាត់ចូលរួមដាំដើមកោងកាង ព្រោះគាត់នេសាទបានប្រមាណ ៣០គីឡូ ផលកាន់តែតិចទៅបើប្រៀបធៀប ៥ឆ្នាំមុនក្នុងមួយថ្ងៃក្រុមគ្រួសារគាត់នេសាទចាប់បានជិត១តោន ៖ «កាលកោងកាងនៅយើងរកបានជាងឥឡូវ ឥឡូវថយចុះខ្លាំង»។
ជំទប់ទី១ ឃុំកោះតូច លោក ស៊ុន ហួត បានថ្លែងថា សហគមន៍នេសាទឃុំកោះតូច មិនទាន់ទទួលស្គាល់ពីក្រសួង និងស្ថាប័នផ្សេងទៀតឡើយ។ ប៉ុន្តែអាជ្ញាធរឃុំចាំបាច់បង្កើតសហគមន៍នេះឡើង ដើម្បីជួយការពារអភិរក្សធនធានជលផលសមុទ្ទ ដោយការជួយដាំដើមកោងកាងបន្ថែមនេះ ៖ «ដាំព្រៃកោងកាងឡើងវិញដើម្បីថែរក្សា និងអភិរក្សធនធានជលផលរបស់យើង។ ដូចជាជលផលរបស់យើងកើន ជម្រកត្រី ក្តាម បង្គា ហើយនិងជីវចម្រុះ សត្វស្លាបទាំងអស់ដែលវាមកជ្រកនៅព្រៃកោងកាងនេះ វាមានសំបូរឡើង»។
នាយកគ្រប់គ្រងអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល លោក ឱម សាវ៉ាត បានឲ្យដឹងថា អង្គការនេះបានបង្កើតអង្គការមហាជនមូលដ្ឋាន ហៅកាត់ថា ស៊ីប៊ីអូ (Community Base Organization) នៅតំបន់ឆ្នេរចំនួន ៣៧ ស្ថិតក្នុងស្រុកចំនួន ៩ នៃខេត្តកំពត កោះកុង និងខេត្តព្រះសីហនុ ដើម្បីជួយការពារ ជួយថែរក្សាជីវចម្រុះក្នុងសមុទ្ទ និងណែនាំឲ្យប្រជាជនក្នុងមូលដ្ឋានជួយរក្សាការពារធនធានអភិរក្សបានទាំងនោះសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតអាចរស់បានពឹងលើផលធនធានក្នុងសមុទ្ទ៕