អាជីវករផ្សារទួលសង្កែធំតវ៉ានិងតម្លៃជួលតូប
2011.02.23
ក្រុមអាជីវករបានឲ្យដឹងថា កាលពីមុនតម្លៃតូបម្ចាស់ផ្សារជួលឲ្យតម្លៃ ៨០ដុល្លារក្នុង ១ខែ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលមានអាជីវករមួយចំនួនទៀតបានទៅរកជួលតូបច្រើន បែរជាម្ចាស់ផ្សារបិទសេចក្ដីជួនដំណឹងកាលពីថ្ងៃទី២២ កុម្ភៈ ថាគេដំឡើងថ្លៃតូប និងធ្វើកុងត្រាថ្មី តម្រូវឲ្យកក់លុយចំនួន ២០០ដុល្លារក្នុងតូបមួយ និងឲ្យថ្លៃទឹកតែចំនួន ៥០០ដុល្លារផ្សេងទៀត ដោយក្រុមហ៊ុនមិនបង្វិលថវិកា ៥០០ដុល្លារនោះឲ្យអាជីវករវិញទេ។
អ្នកគ្រប់គ្រងផ្សារទូលសង្កែធំឈ្មោះ ហេង នឿន បានបំភ្លឺថា ក្រុមហ៊ុនបានដំឡើងថ្លៃឈ្នួលជួលតូបពី៨០ ទៅ១០០ដុល្លារនោះមែន ហើយថវិកាចំនួន ៥០០ដុល្លារនោះ ក្រុមហ៊ុនត្រូវតែយកដូច្នេះហើយ ព្រោះក្រុមហ៊ុនបានវិនិយោគធ្វើផ្សារនោះចំណាយថវិកាច្រើន។
លោក ហេង នឿន បានបញ្ជាក់ថា លោកបានជូនដំណឹងអំពីការតវ៉ារបស់ក្រុមអាជីវករនេះទៅម្ចាស់ផ្សាររួចហើយ ប៉ុន្តែការសម្រេចយ៉ាងណានោះមិនទាន់ដឹងចម្លើយមកវិញនៅឡើយ។
ទោះជាយ៉ាងណា ក្រុមអាជីវករបានលើកឡើងថា ពួកគេមិនជំទាស់ទៅនឹងការដំឡើងថ្លៃពី៨០ ទៅ១០០ដុល្លារក្នុង ១ខែ នោះទេ ផ្ទុយទៅវិញ ពួកគាត់បានទាមទារឲ្យក្រុមហ៊ុនលុបចោលនូវការទារប្រាក់ទឹកតែចំនួន ៥០០ដុល្លារនោះ ពីព្រោះថាការលក់ទូរស័ព្ទដៃរបស់ពួកគាត់មិនសូវលក់ដាច់ច្រើនទេនាពេលបច្ចុប្បន្ននេះ៕