ពលការិនីអនីតិជនម្នាក់ត្រូវបានសង្គ្រោះពីក្រុមហ៊ុន ភី អែន ធី
2011.08.09
ឪពុកបង្កើតកុមារីរងគ្រោះ គឺលោក ហោ សំអឿន មានទីលំនៅក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងនៅរសៀលថ្ងៃច័ន្ទ ទី៨ សីហា ថា កូនស្រីគាត់ដែលទើបតែមានអាយុ ១៥ឆ្នាំ ត្រូវបានមេខ្យល់លួងលោមយកទៅលក់ឲ្យក្រុមហ៊ុន ភី អែន ធី ដែលជាក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
គាត់បន្តថា នៅពេលចូលទៅក្នុងក្រុមហ៊ុនគេបានដូរឈ្មោះ និងកែអាយុកូនគាត់ តែដោយកូនគាត់បានទាក់ទងតាមទូរស័ព្ទប្រាប់ថា វាត្រូវបានគេនាំមកលក់ឲ្យក្រុមហ៊ុន ភី អែន ធី នៅកំពង់ឆ្នាំង ទើបគាត់ដឹង រួចគាត់ក៏ទាក់ទងសុំឲ្យអង្គការអន្តរជាតិមួយដែលធ្វើការងារជួយសង្គ្រោះកុមារឲ្យជួយសង្គ្រោះកូនគាត់ ៖ «ឆែកទៅឃើញក្រុមហ៊ុនក៏ស្រឡាំងកាំង។ ខ្ញុំសួរថា កូនឯងមកប៉ុន្មានថ្ងៃហើយ?វាថា មកយូរហើយ នៅភ្នំពេញ ៣ថ្ងៃ ហើយមកនៅកំពង់ឆ្នាំងនេះ ៨ថ្ងៃហើយ ហើយគេដូរឈ្មោះដាក់ឈ្មោះ នៅ ឡេង អាយុ ២៤ឆ្នាំ»។
មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អ្នកស្រី ឆន សុខា មានប្រសាសន៍ថា អ្នកស្រីត្រូវបានអង្គការអន្តរជាតិមួយដែលធ្វើការងារជួយសង្គ្រោះកុមារ ពឹងពាក់ឲ្យជួយធ្វើការងារផ្នែកច្បាប់ក្នុងការជួយរំដោះកុមារីរងគ្រោះរូបនេះចេញពីក្រុមហ៊ុន ៖ «ខាងខ្ញុំក៏បានសហការជាមួយប៉ូលិសខេត្តកំពង់ឆ្នាំង។ ខាងប៉ូលិសក៏គេធ្វើអន្តរាគមន៍ភ្លែតៗទៅ ទើបទៅដកយកក្មេងហ្នឹងពីក្នុងក្រុមហ៊ុនមកបាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឈ្មោះ ភី អែន ធី បានទេ នៅល្ងាចថ្ងៃទី៨ សីហា នេះ។
យ៉ាងនេះក្ដី ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកស្រី ប្រាក់ សៅនី មានប្រសាសន៍ថា បន្ទាប់ពីទទួលបណ្ដឹងពីឪពុកកុមារីរងគ្រោះ ដោយមានឯកសារត្រឹមត្រូវបង្ហាញថា កុមារីរងគ្រោះគឺពិតជាអនីតិជននោះ អ្នកស្រីក៏បានសុំគោលការណ៍ពីលោកស្នងការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចូលទៅធ្វើការឆែកឆេរក្នុងទីតាំងក្រុមហ៊ុន ភី អែន ធី។ អ្នកស្រីបន្តថា ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ថែមនៅឡើយ។
លោកស្រី ប្រាក់ សៅនី បន្ថែមថា ៖ «គឺអ៊ំស្រីបង្កើតរបស់ជនរងគ្រោះបាននាំមកជាមួយកូនបង្កើតគាត់ ២នាក់ទៀត។ ខ្ញុំចូលទៅដំបូង ក្រុមហ៊ុនមិនបានដឹងថា ក្មេងនេះឈ្មោះអីទេ ដល់យើងទៅដល់ចង្អុលតែម្ដង ទើបគាត់ភ្ញាក់។ ព្រោះអ្នកដែលនាំយកមកឲ្យក្រុមហ៊ុនគាត់ប្រាប់ឈ្មោះផ្សេង ប៉ុន្តែដល់ពេលយើងយកឯកសារទៅបង្ហាញ និងមានការបញ្ជាក់ពីប្រធានប៉ុស្តិ៍រដ្ឋបាលនៅរតនគិរីផង ខាងក្រុមហ៊ុនក៏យល់ព្រមប្រគល់ក្មេងនេះមកឲ្យដោយគ្មានការប្រទូសរ៉ាយអីទេ»។
បច្ចុប្បន្នកុមារីរងគ្រោះស្ថិតក្នុងមណ្ឌលសង្គ្រោះកុមារនៃអង្គការអន្តជាតិមួយនៅទីក្រុងភ្នំពេញ និងកំពុងរៀនវិជ្ជាជីវៈ៕