មេ​ដឹកនាំ​សហជីព​ជួប​មន្ត្រី​ក្រសួង​ការងារ រឿង​បុគ្គលិក​កម្មករ​ដែល​គេ​បញ្ឈប់

ដោយសារ​តែ​រង់ចាំ​ចម្លើយ និង​ដំណោះ​ស្រាយ​យូរ​ពេក បាន​ញ៉ាំង​ឲ្យ​សកម្មជន​សហជីព​កម្មករ​មួយ​ក្រុម នាំ​គ្នា​ទៅ​ជួប​ចរចា​ជាមួយ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ឲ្យ​ដោះ​ស្រាយ​សំណុំ​រឿង​កម្មករ ដែល​រង​ការ​បញ្ឈប់​ពី​ការងារ​កន្លង​មក។
ដោយ សុខ សេរី
2011.06.21
Share on WhatsApp
Share on WhatsApp

មេ​ដឹកនាំ​សហភាព​ការងារ​កម្ពុជា នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០១១ បាន​ជួប​ចរចា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ឲ្យ​ក្រសួង​ជួយ​ធ្វើ​អន្តរាគមន៍ អនុញ្ញាត​ឲ្យ​បុគ្គលិក​កម្មករ​ជា​ច្រើន​រយ​នាក់ ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​វិញ បន្ទាប់​ពី​ថៅកែ​បណ្ដេញ​ចេញ​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់ កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ។

ការ​ចរចា​បិទ​ទ្វារ​មួយ បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រវាង​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ជាមួយ​ប្រធាន​អគ្គនាយកដ្ឋាន ក្រសួង​ការងារ គឺ​លោក សេង សក្កដា។

នៅ​ក្រោយ​ពី​ជំនួប​នោះ លោក អាត់ ធន់ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា មាន​សញ្ញា​វិជ្ជមាន​ច្រើន​ពី​មន្ត្រី​ក្រសួង​ការងារ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​នេះ។

លោក អាត់ ធន់ ៖ «យើង​អត់​ទាន់​ទុក​ចិត្ត ១០០% ថា ខាង​រដ្ឋាភិបាល នឹង​ធ្វើ​អ្វី​តាម​សន្យា។ ប៉ុន្តែ យើង​មាន​ជំនឿ​ថា នឹង​ធ្វើ​អ្វី ដែល​បាន​សន្យា ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការងារ​វិញ។ ទី​២ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​បង់​ទូទាត់​នូវ​ប្រាក់​សំណង។ បាន​ន័យ​ថា តាំង​ពី​គាត់​បញ្ឈប់​រហូត​ដល់​ចូល​ធ្វើ​ការ​វិញ និង​បង់​ប្រាក់​រំលឹក​ជា​មធ្យម»។

ប្រធាន​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក សេង សក្កដា មិន​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ទេ។ ប៉ុន្តែ លោក​ត្រូវ​បាន​លោក អាត់ ធន់ ដក​ស្រង់​សម្ដី​ថា លោក​រីករាយ​ក្នុង​ធ្វើ​ការ​សហប្រតិបត្តិការ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​រីក​ចំរើន​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា។

អតីត​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន កាស៊ីណូ ឈ្មោះ ណាហ្កាវើល (NAGA World Casino) នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ឈ្មោះ សុផាន់ ណារ៉ា អាយុ ៣២ ឆ្នាំ ដែល​រង​ការ​បញ្ឈប់​ពី​ការងារ ដោយសារ​តែ​ងើប​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​ឆ្នាំ ២០០៩ កន្លង​មក បាន​ថ្លែង​ថា ថៅកែ​មិន​បាន​អនុវត្តន៍​តាម​គោលការណ៍​ច្បាប់​ទេ ក្នុង​ការ​ដោះ​ស្រាយ​កន្លង​មក​នោះ។

អ្នក​ស្រី សុផាន់ ណារ៉ា ៖ «ក្រោយ​ពី​យើង​ប្រកាស​ប្រាប់​សមាជិក​យើង​ថា លទ្ធផល​របស់​យើង​ អត់​ទទួល​បាន​ផល​អ្វី​ហើយ យើង​ប្រជុំ​ថ្ងៃ​ទី ២៤ គឺ​ថ្ងៃ​ទី ២៦ ខែ ២ ឆ្នាំ ២០០៩ គឺ​គេ​បាន​បញ្ឈប់​យើង​តែ​ម្ដង។ យើង​បាន​ប្រជុំ បាន២ថ្ងៃ គេ​បញ្ឈប់​យើង​តែ​ម្ដង។ គេ​ឆ្គក (escort) យើង​ចេញ​ក្រៅ។ អត់​ឲ្យ​យើង​នៅ»។

ប្រភព​ពី​សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ថៅកែ​កាស៊ីណូ ណាហ្គាវ៉ឺល នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បញ្ឈប់​បុគ្គលិក​ជា​បន្ត​បន្ទាប់ ចំនួន​ជិត ៦០ នាក់ កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ។

អាជ្ញាធរ អប្សរា បាន​បញ្ឈប់​កម្មករ​ពី​ការងារ ចំនួន ៣០០ នាក់ នៅ​ឆ្នាំ ២០០៦ កន្លង​ទៅ ដោយ​ពុំ​មាន​ការ​ដោះ​ស្រាយ​តាម​សំណើ​របស់​សហជីព​ឲ្យ​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការងារ​វិញ​នៅ​ឡើយ។

ចំណែក​ឯ​អង្គការ ជេ. អេស. អេ ( JSA ) បាន​បញ្ឈប់​កិច្ច​សន្យា​ការងារ​របស់​កម្មករ​ទាំង​អស់​ចំនួន ៥៥ នាក់ ពី​ការងារ នៅ​ចុង​ឆ្នាំ ២០០៥ នៅ​ពេល​បាន​ឈាន​ដល់​គម្រោង​ទី​២៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jun 22, 2011 04:28 AM

លោកហ៊ុន សែន ធ្លាប់បានស្រែក បន្ទាប់ពី អាស៊ីសេរី បញ្ឈប់ភ្នាក់ងាររបស់ខ្លួន។ តែរឿងនេះលោកហ៊ុន សែន មិនបានស្រែកទេ វាជារឿងអយុត្តិធម៌ណាស់ !