អ្នកភូមិដែលមន្ត្រីស្រុកនិងឃុំបានហៅឲ្យចូលរួមកិច្ចប្រជុំកាលពីម្សិលមិញ បានថ្លែងបង្ហាញការសង្ស័យយ៉ាងដូច្នេះថា ៖ «ហៅពួកខ្ញុំទៅថាទៅប្រជុំ ដល់ពួកខ្ញុំទៅ គេយកសន្លឹកឆ្នោតមកឲ្យខ្ញុំជាប្រជាពលរដ្ឋគូស ក្នុងម្នាក់មួយសន្លឹក ពេលគូសហើយ គេយកទៅដាក់ក្នុងកាតាបគេ ហើយប្រជាពលរដ្ឋយើងទាំងអស់គ្នា មានចិត្តឆ្ងល់ថា គេធ្វើអ៊ីចឹងប្រក្រតីឬមិនប្រក្រតី ។ អ៊ីចឹង បានជាពួកខ្ញុំជាប្រជាពលរដ្ឋចង់សួរថា ខុស ឬត្រូវ» ។
ម៉ាយ៉ារិទ្ធិ ៖ គេឲ្យគូសលេខប៉ុន្មាន? អ្នកភូមិ ៖ គូសលេខ៤ ។ ម៉ាយ៉ារិទ្ធិ ៖ គូសច្រើនសន្លឹកដែរឬទេ? អ្នកភូមិ ៖ គូសច្រើន គឺគូសមួយភូមិតែម្ដង ។ ប្រជាពលរដ្ឋខ្លះ បានគូសនៅកន្លែងប្រជុំ ប្រជាពលរដ្ឋខ្លះទៀតក៏ដើរចេញ គេតាមឲ្យគូសដល់ផ្ទះទៀត ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានបកស្រាយថា ការប្រាប់ឲ្យប្រជាពលរដ្ឋគូសដូច្នោះ វាមិនល្មើសនឹងច្បាប់នោះទេ ព្រោះមន្ត្រីឃុំនិងស្រុកបានធ្វើដូច្នោះនៅថ្ងៃអាទិត្យ ក្រៅម៉ោងធ្វើការជាមន្ត្រីរាជការក្នុងនាមជាសកម្មជនគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដោយមិនបានប៉ះពាល់ដល់តួនាទី ដែលជាអាជ្ញាធរមូលដ្ឋានឡើយ ។
លោក ទេព នីថា បានមានប្រសាសន៍ថា បើមានករណីបង្ខំឲ្យប្រជាពលរដ្ឋធ្វើការគូសលើសន្លឹកឆ្នោតនោះមែន វាជាអំពើល្មើសច្បាប់ ៕
