អ្នក​ភូមិ​ចោទ​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​នៅ​ក្រចេះ​វាតទី​យក​ដី

ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា បាន​បោះ​បង្គោល​វាតទី​ប៉ះ​លើ​ដី​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រាប់​ជា​មុន។
ដោយ ឱ ភារិទ្ធ
2010.12.30

ប្រជាពលរដ្ឋ ៤​គ្រួសារ​នៅ​ភូមិ​ជីវ៉ាត់ ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា គ្រួសារ​នៅ​ទី​នោះ​មាន​ជាង ២០ តែ​មិន​ត្រូវ​បាន​ក្រុមហ៊ុន​ចិន ឈ្មោះ ណាម៉ុក យីង (NA MOC YING) បោះ​បង្គោល​ព្រំ​ដី​ព័ទ្ធ​យក​ឡើយ តែ​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​បួន​គ្រួសារ ដែល​មាន​ដំណាំ​ធំៗ​ហើយ​នោះ បែរ​ជា​ក្រុមហ៊ុន​នោះ​បោះ​បង្គោល​ព្រំ​ព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ពុំ​មាន​ពិគ្រោះ​ជាមួយ​ម្ចាស់​ដី​ណា​ម្នាក់​ឡើយ។

លោក ពៅ សុវណ្ណ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ថា លោក​បាន​ដាំ​ដំណាំ​កៅស៊ូ​លើ​ដី​ចំនួន​ជាង​បី​ហិកតា ដែល​ពេល​នេះ​មាន​អាយុ ៣​ឆ្នាំ​ហើយ​នោះ រួម​ទាំង​ដី​ដាំ​ដំណាំ ៣​គ្រួសារ​ទៀត ក៏​ម្ចាស់​ក្រុមហ៊ុន​នោះ​មក​បោះ​បង្គោល​ព័ទ្ធ​យក​ដោយ​គ្មាន​ពិភាក្សា​ថា ត្រូវ​ផ្តោះប្តូរ ឬ​ផ្ដល់​សំណង​អ្វី​ឡើយ។

លោក ពៅ សុវណ្ណ បន្ថែម​ថា ៖ «ខ្ញុំ​ចង់​តវ៉ា​សុំ​ដី​ហ្នឹង​វិញ កៅស៊ូ​គេ​ដាំ​អស់​ហើយ កៅស៊ូ​ចិន គេ​ដាំ​ព័ទ្ធ​ជុំវិញ​អស់​ហើយ ដល់​គេ​មក​បោះ​យក​ដី​ថ្មី​នេះ​ទៀត ដឹង​គេ​បោះ​យក​ធ្វើ​អី​គេ​ទេ ខ្ញុំ​ដូច​ឆ្ងល់​ដែរ ព្រោះ​គេ​ចង់​ឲ្យ​លុយ​ខ្ញុំ​សង​ជា​សំណង​ថ្លៃ​ជា​ដំណាំ​អី​ខ្ញុំ​អត់​ចង់​បាន​ទេ ព្រោះ​ដំណាំ​ខ្ញុំ​ជិត​បាន​ផល​ហើយ រួច​ខ្ញុំ​ទៅ​កាប់​ដី​ឯ​ណា? ឥឡូវ​ដី​កាប់​សុទ្ធ​តែ​ជាប់​ច្រវាក់ ខ្ញុំ​ចង់​សុំ​ដី​ហ្នឹង​វិញ​កុំ​ឲ្យ​គេ​យក»

លោក ញ៉េប ញេន អាយុ​ជាង ៧០​ឆ្នាំ ជា​អតីត​កម្មករ​ចម្ការ​កៅស៊ូ​តាំង​ពី​ជំនាន់​បារាំង រហូត​ដល់​វ័យ​ជរា ត្រូវ​បាន​ទទួល​ដី​ប្រមាណ​ជាង​មួយ​ហិកតា​ដាំ​ដូង ខ្នុរ ដំឡូង គ្រាន់​រស់​ប្រចាំ​ថ្ងៃ​យ៉ាង​សុខ​ស្រួល ទើប​ពេល​នេះ​ក្រុមហ៊ុន​ចិន មក​ហ៊ុមព័ទ្ធ​របង​យក​ដូច្នេះ តើ​លោក​បាន​អ្វី​រស់​បន្ត​ទៅ​ទៀត លោក​សុំ​ឲ្យ​មាន​ការ​អនុគ្រោះ​កុំ​ឲ្យ​ដក​ហូត។

អ្នកស្រី យឹម ង៉ាន អាយុ ៦៣​ឆ្នាំ មាន​ដី​មិន​ដល់​មួយ​ហិកតា​ផង ឲ្យ​ដឹង​ថា រស់​ដោយសារ​ដំណាំ​បន្តិចបន្តួច និង​ស៊ី​ឈ្នួល​គាស់​ដំឡូង​ឲ្យ​គេ​ចិញ្ចឹម​ខ្លួន​ឯង​តែ​ម្នាក់​ត្រដរ​រស់ ចង់​សុំ​កុំ​ឲ្យ​មាន​ការ​ដក​ហូត​យក​ដី​គាត់។

លោក អ៊ីវ សាភុំ អភិបាល​ស្រុក​ស្នួល បាន​បដិសេធ​ថា ពុំ​មាន​ក្រុមហ៊ុន​ឈ្មោះ ណាម៉ុក យីង សុំ​ច្បាប់​អភិវឌ្ឍន៍​នៅ​ទី​នោះ​ដូច​ប្រជាពលរដ្ឋ​លើក​ឡើង​ឡើយ ៖ «អត់​មាន​ទេ ពួក​ហ្នឹង​សុំ​យូរ​ហើយ អត់​មាន​ច្បាប់​មាន​អី។ ពួក​ហ្នឹង​ជា​ពួក​ផ្ដេសផ្ដាស​អត់​មាន​ឆ្លង​ស្រុក ឆ្លង​អាជ្ញាធរ​មូលដ្ឋាន​អី​ទេ សុទ្ធ​តែ​ពួក​បន្លំ មិន​ស្រួល​ទៅ​យក​ដី​រដ្ឋ​ធ្វើ​របស់​វា​ហ្នឹង​នៅ​ឃុំ​ស្រែចារ ឃុំ​ស្នួល មាន​តែ​ក្រុមហ៊ុន​ក្រូវែស (CROWEST)»

លោក​អភិបាល​ស្រុក​បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្វើការ​ទំនាក់ទំនង​មក​សាលា​ស្រុក ដើម្បី​មាន​មូលដ្ឋាន​សម្រាប់​ស៊ើប​អង្កេត និង​ដោះស្រាយ​ជូន ហើយ​លោក​ក៏​ធ្លាប់​បញ្ជាក់​ជា​សាធារណៈ​ដែរ​ថា មាន​ក្រុមហ៊ុន​ចំនួន​៩ បាន​ទទួល​អាជ្ញាប័ណ្ណ​ចូល​ទៅ​អភិវឌ្ឍន៍​នៅ​ស្រុក​ស្នួល៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។