អ្នកភូមិនៅតាកែវតវ៉ាប្រឆាំងនឹងការបំផ្លាញទួលបូរាណ
2011.03.18
អ្នកភូមិថ្មី និងអាជ្ញាធរឃុំ នៅថ្ងៃសុក្រ ទី១៨ ខែមីនា ប្រឆាំងនឹងការចង់បំផ្លាញទួលអង្គយាយពៅ ស្ថិតនៅក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីអ្នកកាន់កាប់ថ្មីគ្រោងកាប់ឆ្ការឈូសឆាយទួល និងចាក់ដីអភិវឌ្ឍន៍តំបន់នោះ។
លោក ហេង ទ្រី តំណាងពលរដ្ឋកំពុងតវ៉ាបានអះអាងថា កាលពីច្រើនឆ្នាំមុន អតីតមេភូមិថ្មីឈ្មោះ ទី ឆិ បានលក់ដីស្រែថ្នាលអំពកមួយកន្លែងនៅពីមុខទួលអង្គយាយពៅទៅឲ្យអ្នករស់នៅក្រៅភូមិ។ អ្នកទិញកូនស្រែនោះព័ទ្ធរបងយកដល់ដីទួលអង្គយាយពៅ។
ប្រជាពលរដ្ឋភូមិថ្មីបានបះបោរម្ដងហើយកាលពី ៤-៥ឆ្នាំមុន រហូតមានលិខិតអន្តរាគមន៍ពីអតីតអភិបាលស្រុក លោក គល់ ស៊ីម បិទមិនឲ្យជួញដូរដីទួលនោះ ព្រោះជាសម្បត្តិវប្បធម៌ជាតិ។ ស្រាប់តែថ្ងៃ១៧ មីនា ម្ចាស់ដីនោះគេបានបញ្ជាកម្មករឲ្យកាប់ឆ្ការដើមឈើ ដើម្បីកាប់គាស់ឈូសទួលអង្គយាយពៅ ទើបអ្នកភូមិត្រៀមទប់ទល់ការពារដីទួលនោះ។
លោក ហេង ទ្រី បន្ត ៖ «កំពុងប្រឆាំងហើយឥឡូវហ្នឹង ៩៦គ្រួសារ សុទ្ធតែកំពុងប្រឆាំងហើយ ព្រោះអាហ្នឹងជាកន្លែងមន្ទីរវប្បធម៌របស់ជាតិ ជាទីគោរពសក្ការបូជារបស់ប្រជាជនភូមិថ្មីទាំងមូល»។
បុរសឈ្មោះ ដុំ ផាត់ អ្នកតវ៉ាដែរអះអាងថា ទួលនេះជាសម្បត្តិរួម និងជាទីគោរពបូជារបស់អ្នកភូមិជាច្រើនតំណមនុស្ស ប្រសិនបើម្ចាស់ដីថ្មីគេមកបំបាត់ដានទួលដូនតា ពួកគាត់ប្រឆាំងតវ៉ាជារហូត។
លោក ទី ឆិ អតីតមេភូមិថ្មី ដែលបានលក់ដីទួលនោះសារភាពថា ដីទួលអង្គយាយពៅ គាត់លក់មែន លក់ជាមួយដីកូនស្រែប្អូនស្រីគាត់នៅពីមុខទួលនោះ ហើយបានដាក់ជាប្លង់ដីរួមគ្នា។ គាត់ហ៊ានលក់ទួលអង្គយាយពៅ ព្រោះគាត់មេភូមិកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៧៩។ ការលក់ដីទួលនោះ អតីតមេឃុំស្រែរនោង ទទួលដឹងឮ មិនហាមឃាត់ទេ។ ក្រោយមកអ្នកភូមិតវ៉ា ខាងអាជ្ញាធរស្រុកត្រាំកក់ ក៏ចេញលិខិតហាមលក់ដូរ តែគាត់បានលក់ហួសទៅហើយ។
លោក ទី ឆិ មានប្រសាសន៍ទៀតថា ៖ «អ៊ីចឹងទួលហ្នឹងក៏គេអត់ធ្វើអីផង វាមានដើមអំពិល ១ដើមនៅហ្នឹង ហើយអ្នកស្រុកគាត់ខ្លាចគេរើរុះទួលអ៊ីចឹងទៅ ខ្លាចវាមានបញ្ហាផ្លូវងងឹតអីចឹងទៅ គាត់មិនចង់ឲ្យលក់»។
អាជ្ញាធរភូមិថ្មី លោក ស្រី សារឿន អះអាងថា គាត់គាំទ្រការតវ៉ារបស់ពលរដ្ឋ ព្រោះទួលអង្គយាយពៅ ជាសម្បត្តិរដ្ឋ មិនមែនបុគ្គលណាម្នាក់មានសិទ្ធិលក់ដូរបានទេ។ លោកមានឯកសារជាច្រើនដែលអតីតអភិបាលស្រុក លោក គល់ ស៊ីម ហាមលក់ដីទួលនេះ។ លោកថា ដីទួលនោះមានទំហំ ២០ ទៅ ៣០ម៉ែត្របួនជ្រុង មានស្រះទឹកចាស់នៅពីមុខទួលជាកន្លែងគោរពបូជារបស់អ្នកភូមិ។ គាត់ជាអាជ្ញាធរភូមិមិនអនុញ្ញាតឲ្យមានការឈូសបំផ្លាញទួលនេះឡើយ។
មេឃុំស្រែរនោង លោក យ៉ែម កួយ ថ្លែងថា ដីទួលអង្គយាយពៅ អតីតមេឃុំស្រែរនោង ជាអ្នកទទួលស្គាល់ការលក់នោះ ៤-៥ឆ្នាំមកហើយ។ ប៉ុន្តែដីទួលនោះចុះក្នុងបញ្ជីសម្បត្តិរដ្ឋ គាត់នឹងការពារមិនឲ្យមានការបំផ្លាញទួលដូនតាមួយនេះទេ។
លោក ហុង សៀន អ្នកទិញដីស្រែ និងប៉ះពាល់ដីទួលអង្គយាយពៅ ឲ្យដឹងថា គាត់ទិញដីនោះ ៥ឆ្នាំហើយ។ គាត់ទើបចាក់ដីធ្វើផ្លូវចូលទៅដីនោះ និងចាក់ដីពីលើថ្នាលអំពកពីមុខទួល ដើម្បីលើកដីឲ្យស្មើទួលអង្គយាយពៅ។ លោកមិនឈូសទួលទេ រក្សាទុកសម្រាប់ពលរដ្ឋគោរពបូជា ៖ «ឃុំហ្នឹងគេបានធ្វើបញ្ជាក់ហ្នឹងវាជាកម្មសិទ្ធិរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនរវល់ថា អាហ្នឹងជាកម្មសិទ្ធិពិតរបស់ខ្ញុំ ឬមិនពិតយ៉ាងម៉េចទេ គ្រាន់តែថា ខ្ញុំបានកាន់កាប់»។
អភិបាលស្រុកត្រាំកក់ លោកស្រី គា សុខភូ មានប្រសាសន៍ថា មន្ត្រីវប្បធម៌ និងធម្មការស្រុក កំពុងចុះត្រួតពិនិត្យដីទួលដូនតានោះហើយ។ លោកស្រីថា ដីទួលនោះបានចុះបញ្ជីរបស់រដ្ឋតាំងពីយូរមកហើយ គ្មាននរណាបំបាត់កេរដំណែលដូនតាបានឡើយ៕