អនុប្រធាន​សភា​វៀតណាម​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​កម្ពុជា

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ជាតិ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១០ បាន​ឲ្យ​ដឹង​ថា អនុប្រធាន​សភា​វៀតណាម លោក ង្វៀន ឌឹក គៀន (Nguyen Duc Kien) នឹង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​នេះ។

សេចក្ដី​ប្រកាស​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​វៀតណាម​មក​កម្ពុជា ផ្ដោត​សំខាន់ និង​មាន​គម្រោង​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អ្វី​ខ្លះ ជា​មួយ​កម្ពុជា​នោះ​ទេ។ គ្រាន់​តែ​បញ្ជាក់​ថា គណៈប្រតិភូ​សភា​វៀតណាម​នឹង​ជួប​សវនាការ​ជា​មួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ជួប​ជា​មួយ​លោក ងួន ញ៉ឹល អនុ​ប្រធាន​ទី​១ រដ្ឋសភា និង​ជួប​ជា​មួយ​លោក ទេព ងន អនុ​ប្រធាន​ទី​២ ព្រឹទ្ធ​សភា ហើយ​ក៏​មាន​គម្រោង​ជួប​ជា​មួយ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ។

ក្រៅ​ពី​នេះ គណៈប្រតិភូ​សភា​វៀតណាម ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នានា​ក្នុង​ខេត្ត​សៀមរាប-អង្គរ៕