ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានបំពេញបែបបទស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកម្ពុជាឲ្យបានឆាប់ ដែលលោករំពឹងទុកថាស្ថានភាពតានតឹងតំបន់ព្រំដែនខ្មែរ-ថៃ នឹងបានធូរស្រាលជាងនេះ ៖ "ប៉ុន្តែយើងមិនទាន់ដឹងថា ថៃគេថាម៉េចទេ តាមសង្កេតការណ៍ណាស់ ថៃគេថារហូតមកដល់ឥឡូវនេះ មិនទាន់មានការជួបគ្នារវាងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស ដើម្បីជជែកគ្នាពីរឿងនេះផង។ ខាងថៃនេះយើងរង់ចាំមើលឥរិយាបថខាងថៃទៀត ដែលថៃបានម្ចាស់ការ ស្នើឥណ្ឌូណេស៊ីដែរ ឥឡូវយើងក្នុងឋានៈជាអ្នកស្នើដូចគ្នាយើងស្នើមុន"។
ការលើកឡើងនេះបន្ទាប់ពីមានកិច្ចព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំអាស៊ាន រវាងភាគីខ្មែរ-ថៃ ដែលមានលោក ម៉ាទី ណាតាលី ហ្គាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងជាប្រធានអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២២ កុម្ភៈ កន្លងទៅ៕