ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

អង្គការ​សង្គម​ស៊ីវិល​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នក​បើក​រថយន្ត​ឈ្នួល និង​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍។

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ប៉ាន់​ស្មាន​ថា មាន​ពលរដ្ឋ​ប្រមាណ​២​លាន​នាក់ នឹង​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ មេសា ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ជា​ក្ដី​បារម្ភ​ដ៏​ធំ​មួយ ដោយសារ​ពលរដ្ឋ​ត្រូវ​ធ្វើ​ដំណើរ​ទៅ ចូល​រួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​បន្ត​បន្ទាប់។ លោក​ថា ក្នុង​យុទ្ធនាការ​ឆ្នាំ​២០១២​នេះ លោក​និង​ក្រសួង​មហា​ផ្ទៃ​បាន​សហការ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​អ្នក​បើក​រថយន្ត​ឈ្នួល​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​មក​ពី​ការ​មិន​គោរព​ច្បាប់ ផ្ទុក​លើស​ចំណុះ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជា​ដើម ៖ "យុទ្ធនាការ​នេះ​គឺ​យើង​មាន​បំណង​ដើម្បី​ទប់ទល់​និង​បញ្ហា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើត​ឡើង។ បើ​សិន​ជា​គ្មាន​យុទ្ធនាការ​នេះ​ទេ អ្នក​បើក​យាន​យន្ត​នោះ​និង​មាន​ស្មារតី​ភ្លេច​ភ្លាំង។ ជា​ពិសេស​លោក​មិន​បាន​មើល​ពី​បញ្ហា​ការ​ស្វែង​យល់​ការ​បើកបរ​របស់​គាត់"

លោក ប៉ូ សំណាង បញ្ជាក់​ថា មាន​ចំណុច​គោលដៅ​ធំៗ​ចំនួន​៥​ដែល​ក្រុម​ការងារ​បាន​ចុះ​អប់រំ ផ្សព្វផ្សាយ​នោះ គឺ ចំណត​រថយន្ត​ឈ្នួល​ផ្សារ​ធំ​ថ្មី ផ្សារ​ដើម​គ ផ្សារ​ច្បារ​អំពៅ ផ្សារ​ចោមចៅ និង​ចំណត​គល់​ស្ពាន​ជ្រោយ​ចង្វារ។ យុទ្ធនាការ​នេះ បាន​ចាប់​ផ្ដើម​ពី ថ្ងៃ​ទី​៦ មេសា ដល់​ថ្ងៃ​ទី​១៨​មេសា។

ឆ្លើយ​តប​បញ្ហា​នេះ វរសេនីយ៍ត្រី លោក ចេវ ហាក់ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ថ្លែង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ។ ហើយ​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន ដើម្បី​សុវត្ថិភាព​យានយន្ត និង​អប់រំ​ជា​បណ្ដើរៗ​ចំពោះ​ម្ចាស់​រថយន្ត​ឈ្នួល​ដែល​ដឹក​អ្នក​ដំណើរ​លើស​ចំណុះ ដែល​ជា​រិះ​គល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ៖ "ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ម្សិលមិញ​នេះ​ខ្ញុំ​បាន​ចុះ​ទៅ​ចំណត​ផ្សារ​ធំ​ថ្មី ហើយ​បា​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ ទី​១​ការ​ផ្ទុក ទី​ពីរ​ការ​បើកបរ​ដែល​ប្រើប្រាស់​ល្បឿន​លើស​កំណត់។បាន​ន័យ​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​យើង​សង្កេត​ថា គ្រោះថ្នាក់​ភាគ​ច្រើន គឺ​គាត់​ប្រើប្រាស់​ល្បឿន ដោយសារ​ថ្ងៃ​ធម្មតា ឧទាហរណ៍​ថា​គាត់​រត់​បាន​តែ​មួយ​ជើង​ទេ​ទាំង​ទៅ​ទាំង​មក។ប៉ុន្តែ​ដល់​ថ្ងៃ​បុណ្យ​នោះ គាត់​បន្ថែម​ជើង​ទៀត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​បន្ថែម​ល្បឿន។ ដូច្នេះ​បញ្ហា​នេះ​ក៏​យើង​ធ្វើ​ការ​អប់រំ​ផង​ដែរ ហើយ​បញ្ហា​ទី​៣​គឺ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង ហើយ​បើកបរ​ក៏​ហាម​ដែរ ដើម្បី​បញ្ចៀស​បាន​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ"

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១១ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ៥.០៩៦​ករណី ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១០ កន្លង​ទៅ​មាន​ការ​ថយ​ចុះ ៨%។ ដោយឡែក គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កាល​ពី​ឆ្នាំ​២០១១ មាន​មនុស្ស​ស្លាប់​ចំនួន ៥៨​នាក់ និង​របួស​ចំនួន​៤៨៤​នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។