សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា បានលើកឡើងថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) បានពិភាក្សាគ្នាដើម្បីដាក់ចេញនូវជំហានជាក់ស្ដែងនានាចាំបាច់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា នៅក្នុងជំនួបនោះ ភាគីកម្ពុជាបានជំរុញឱ្យថៃដោះលែងទាហានកម្ពុជា១៨នាក់ ឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាលើលក្ខខណ្ឌប្រតិបត្តិសម្រាប់បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីឱ្យរដ្ឋាភិបាលប្រទេសទាំងពីរអនុម័ត។
លោក ទៀ សីហា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានទៀតថា អង្គប្រជុំក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលចង់ឱ្យប្រទេសទាំងពីរពិចារណាបើកច្រកព្រំដែនមួយចំនួនឡើងវិញ សម្រាប់ដឹកទំនិញចាំបាច់ ក្នុងការធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
សារព័ត៌មានថៃ Khaosod បានចុះផ្សាយដោយដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែរថា ភាគីទី៣បានដាក់សម្ពាធលើប្រទេសថៃ ឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ នៅក្នុងខេត្តត្រាត (Trat) និងខេត្តចាន់បូរី (Chanthaburi) ប៉ុន្តែលោកបានបញ្ជាក់ថា ការបើកច្រកព្រំដែនទាំងខាងមុខនេះ សម្រាប់ទំនិញឆ្លងកាត់ប៉ុណ្ណោះ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ បានយល់ឃើញថា រដ្ឋាភិបាលកំពុងយកប្រទេសជប៉ុន មកពាំងជំនួសឱ្យការអសមត្ថភាពក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ លោកបន្តថា ការចរចាទ្វេភាគីជាមួយថៃ នឹងធ្វើឱ្យកម្ពុជាខាតបង់។ លោកបានជំរុញទៅរដ្ឋាភិបាលដោះស្រាយបញ្ហាដោយត្រីភាគី ឬដោយប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា ឬក៏យន្តការតុលាការយុត្តិធម៌អន្តរជាតិ។
កន្លងមក រដ្ឋាភិបាលជប៉ុនតែងជំរុញឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាព្រំដែនឱ្យវិលត្រឡប់ទៅស្ថានភាពដូចដើមវិញ ពីព្រោះការបិទព្រំដែនកន្លងមកនេះ បានធ្វើឱ្យប៉ះពាល់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជានិងថៃ មិនអាចដឹកទំនិញឆ្លងកាត់ព្រំដែនបាន។ ស្ថានទូតជប៉ុននៅថ្ងៃទី១០ ខែកញ្ញា បានបង្ហោះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានសាទរចំពោះកម្ពុជា-ថៃ ដែលបានពិភាក្សារឿងបើកច្រកព្រំដែនឡើងវិញ។
ជាមួយគ្នានេះ កម្ពុជា-ថៃបានឯកភាពគ្នាបង្កើតក្រុមការងារដោះមីនមនុស្សធម៌នៅក្នុងរយៈពេល១សប្ដាហ៍ខាងមុននេះ ខណៈកម្ពុជាតែងបញ្ជាក់ថា សកម្មភាពដោះមីន គឺអាចធ្វើឡើងតែនៅក្នុងតំបន់ព្រំដែន ដែលភាគីទាំងពីរបានបញ្ចប់ការវាស់វែងនិងឯកភាពគ្នាតែប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានព្រមព្រៀងកែសម្រួលយុទ្ធោបករណ៍ និងសម្ភារៈយោធា ដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបង្ក្រាបលើទីតាំងឆបោកតាមអនឡាញ។
នៅសេចក្ដីប្រកាសព័ត៌មានរបស់លោក ទៀ សីហា មិនបានលើកឡើងពីសំណុំរឿងពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងបាត់បង់ផ្ទះសម្បែងនិងដីធ្លី ដោយសារយោធាថៃដាក់កង់ឡាននិងព័ទ្ធបន្លាលួសរំលោភយកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។