មន្ត្រីបក្សប្រឆាំងបន្តចោទថា កម្ពុជាក្រោមការដឹកនាំពីអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បានធ្វើឱ្យបាត់កោះគជ់ទៅភាគីថៃ ហើយមិនដែលចរចាទាមទារកោះនេះនោះទេ។
អតីតតំណាងរាស្រ្ដគណបក្សសង្គោះជាតិលោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរីថា លោក ហ៊ុន សែន បានកាត់ឆ្វៀលកោះគជ់ចេញពីដែនទឹកកម្ពុជាប្រគល់ទៅឱ្យថៃ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ស្ដីពីការអភិវឌ្ឍរួមគ្នាសម្រាប់វិស័យធនធានថាមពល (OCA) កម្ពុជានិងថៃ។
ហើយថៃថា (កោះគជ់) ជារបស់គេហើយ ហើយថាកម្ពុជាទទួលស្គាល់ថា កោះគជ់ជារបស់គេ(ថៃ)ហើយ។ ដូច្នេះ រឿងអី ថៃត្រូវចរចាជាមួយយើង រឿងកោះគជ់។ ដូច្នេះ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថាកំពុងចរចារឿងកោះគជ់ គឺកុហកទេ បោកប្រាស់ប្រជាពលរដ្ឋទេ។
— លោក អ៊ុំ សំអាន
ការលើកឡើងពីមន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុនសែន វាលរេញ ក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៦មីនា ថា រដ្ឋាភិបាលមិនបានធ្វើឱ្យបាត់កោះគជ់ទៅភាគីថៃដូចការចោទប្រកាន់នោះទេ ហើយប្រទេសទាំងពីរនៅបន្តចរចាគ្នានៅឡើយ។
ខ្ញុំគ្រាន់តែសុំបញ្ជាក់ថា ព្រំដែនទឹក កោះគជ់ តំបន់ត្រួតស៊ីគ្នាស្អីនេះ អ្នកខ្លះខំឱ្យយើងប្ដឹង និងថាយើង(ធ្វើ)ឱ្យបាត់។ អត់ទាន់មានបាត់ អត់ទាន់មាន(បាត់)អី កន្លែងណាៗទេ។ ព្រំដែនទឹក មិនទាន់បានចរចាឯកភាពគ្នាទេ ហើយការទាមទារ នៅ(បន្ត)។
— លោក ហ៊ុន ម៉ាណែត
បើទោះបីជាលោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្ដី ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) និងឪពុកអ្នកស្រី គឺអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានអះអាងប្រាប់ពលរដ្ឋខ្លួនថា កោះគជ់ជាកម្មសិទ្ធិផ្ដាច់មុខរបស់ថៃ១០០ភាគរយ។
លើសពីនេះ ប្រទេសថៃក៏កំពុងគ្រប់គ្រង និងអភិវឌ្ឍជាកោះទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ រួមទាំងបានសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម ប៉ុស្ដិ៍ប៉ូលីស មូលដ្ឋានទ័ព ផ្លូវនិងបណ្ដាញអគ្គិសនីខ្វាត់ខ្វែង សម្រាប់ឱ្យពលរដ្ឋថៃរាប់ពាន់នាក់រស់នៅលើកោះនេះ។
មន្ត្រីគណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្ដឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារចំណែករបស់កម្ពុជានៅលើកោះនេះមកវិញ ទៅតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
ជុំវិញបញ្ហានេះ អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត លើកឡើងថា ក្នុងករណីបូរណភាពទឹកដីរបស់កម្ពុជា ត្រូវបានប្រទេសដទៃរំលោភយក កម្ពុជាគួរតែស្វែងរកភាគីទី៣ ដើម្បីឱ្យជួយសម្របសម្រួលរកដំណោះស្រាយ។
ជាបទពិសោធន៍ កម្ពុជាធ្លាប់ឈ្នះលើករណីប្រាសាទព្រះវិហារ ឬការប្រើប្រាស់យន្តការអន្តរជាតិនេះ កម្ពុជាតែងតែមានប្រៀប ដោយសារយើងមានភស្ដុតាងជាប្រវត្តិសាស្រ្ដ ដ៏រឹងមាំ ដូច្នេះ វាជាជម្រើសដ៏ល្អ ហើយសមស្របបំផុត ដែលលោក ហ៊ុន ម៉ាណែត គួរប្រើប្រាស់។
— លោក វ៉ន ចាន់ឡូត
បើទោះអ្នកឃ្លាំមើលលើកឡើងដូច្នេះ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ដាក់ជាសំនួរថា តើតុលាការយុត្តិធម៌អន្តរជាតិ នឹងទទួលយកពាក្យបណ្ដឹងជុំវិញបញ្ហាកោះគជ់ពីកម្ពុជាដែរឬទេ ហើយថាតើកម្ពុជាប្ដឹងប្រទេសថៃ ដោយផ្អែកលើមូលដ្ឋានអ្វី?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
