អាជ្ញាធរខ្មែរសុំកិច្ចសហការពីអាជ្ញាធរថៃតាមចាប់ខ្លួនអ្នករិះគន់តាមហ្វេសប៊ុកម្នាក់

អាជ្ញាធរខ្មែរបានប្រកាសតាមចាប់ខ្លួនស្ដ្រីម្នាក់ ដែលអះអាងថាជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះស្ត្រី Overseas ស្ទឹងស្ងាត់ ម៉ៅ បង និងChhin Chou ដែលបានបង្ហោះសាររិះគន់រដ្ឋាភិបាលថា បានបរាជ័យក្នុងការចរចាបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក។

អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​អះអាង​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣​ឧសភា​ថា ម្ចាស់​គណនី​ហ្វេសប៊ុក​នោះ ជា​ស្ត្រី​ឈ្មោះ ជូ ឈីន មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង គឺ​ជា​ក្រុម​គណបក្ស​ប្រឆាំង​​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចោទ​ប្រកាន់​​ម្ចាស់​ហ្វេសប៊ុក​រូប​នេះ​​ថា ​​បាន​បង្ហោះ​សារ​ញុះញង់​ បំភ្លៃ​ខុស​ពី​ការ​ពិត​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ប៉ូលិស​ខ្មែរ​ថា នឹង​រៀប​ចំ​ឯកសារ​ ហើយ​នឹង​សហការ​ជា​មួយ​អាជ្ញាធរ​ថៃ​ដើម្បី​តាម​ចាប់​ស្ត្រី​ឈ្មោះ ជូ ឈីន បញ្ជូន​មក​​ផ្ដន្ទាទោស​នៅ​កម្ពុជា​វិញ​។

​ចំណាត់​របស់​ប៉ូលិស​ខ្មែរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ហ្វេសាប៊ុក​ឈ្មោះ​ស្ត្រី Overseas បាន​បង្ហោះ​សារ​សំឡេង​អម​ដោយ​រូប​ថត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អ្នក​ស្រី ចម និម្មល និង​ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ថា ទៅ​ចរចា​បញ្ហា​ពន្ធ​ជា​មួយ​សហរដ្ឋ​អាមេរិក​ជុំ​ទី​មួយ​បាន​បរាជ័យ។ ហ្វេសប៊ុក​ដដែល​បន្ថែម​ថា ការ​ចរចា​ជុំ​ទី​២ នឹង​បរាជ័យ​ដូច​លើក​ដំបូង​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ បាន​រំលោភ​សិទ្ធិ​មនុស្ស​ និង​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​។

ទាល់​តែ​យើង​ធ្វើ​តាម​គេ​បាន​គេ​ព្រម​ ទី​មួយ​គេ​ឱ្យ​យើង​គោរព​សិទ្ធិមនុស្ស ​ដោះលែង​អ្នក​ទោស​នយោបាយ​ ដោះលែង​មេ​បក្ស​ប្រឆាំង​ លោក​ កឹម សុខា កញ្ញា សេង​ ធារី​ ហើយ​ដោះលែង​អ្នក​ទោស​បរិស្ថាន​ អ្នក​ទោស​ដី​ធ្លី​ បញ្ឈប់​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា​។ ហើយ​ត្រូវ​បោះ​ឆ្នោត​ដោយ​សេរី ​យុត្តិធម៌ បើ​មេ​ដឹក​កម្ពុជា​ធ្វើ​អត់​បាន​ គឺ​ការ​ចរចា​លើក​ទី​២​ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​ដែរ​។

—  សារសំឡេង​នៅក្នុងហ្វេសប៊ុកស្ដ្រី Overseas

​ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(Adhoc) លោក នី សុខា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ករណី​នេះ​ ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​ឡើយ ពីព្រោះ​ការ​លើកឡើង​របស់​ម្ចាស់​ហ្វេសប៊ុក​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​របស់​ពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ទាំង​ច្បាប់​ជាតិ​ច្បាស់​អន្តរជាតិ​ជាពិសេស​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​និយាយ​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​​នៅ​ក្នុង​ការ​ជួប​ជុំ​សម្ដែង​មតិ​អី​ជា​ដើម​។​អីចឹង​សម្រាប់​ខ្ញុំ​ គួរ​តែ​មាន​ការ​បែងចែក​ឱ្យ​បាន​ច្បាស់​លាស់​​រវាង​បទ​ល្មើស​ហើយ​នឹង​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​ស្រប​ច្បាប់​បាទ។

—  លោក នី សុខា

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ម្ចាស់​គណនី​ហ្វេស​ប៊ុក ឈ្មោះ ជូ ឈីន ដើម្បី​សាកសួរ​ជុំ​វិញ​ចំណាត់​ការ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣​ឧសភា ដោយ​ស្ត្រី​រូប​នេះ​ប្រាប់​ថា ​នាង​កំពុង​រក​ទី​កន្លែង​មាន​សុវត្ថិភាព​។

​​​របាយការណ៍​របស់​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​(Human Rights Watch)​​ឱ្យ​ដឹង​​ថា កាល​ពី​ឆ្នាំ​២០២៤​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ​៩៤ ​នាក់​ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ក្បត់ជាតិ​» ដោយសារ​តែ​ការ​​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ក្នុង​នោះ​មនុស្ស​៥៩​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។