អ្នកឃ្លាំមើលថា ចិនបំប៉នភាពហ៊ឺហារត្រកូលហ៊ុន និងចិញ្ចឹមបក្សកាន់អំណាច

អ្នកឃ្លាំមើលលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែដោះស្រាយវិបត្តិនយោបាយនិងបញ្ហាពលរដ្ឋអត់ការងារធ្វើ ប្រសើរជាងទៅអួតរឿងទំនាក់ទំនងដែកថែបជាមួយចិន អំឡុងពេលទៅចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី (Malatsia)។

អ្នក​អត្ថាធិប្បាយ​នយោបាយ ​លោក គឹម សុខ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៧​ឧសភា​ថា ​លោក ហ៊ុន ម៉ាណែត ​ចំណាយ​លុយ​ជាតិ​យក​ទៅ​អួត​សរសើរ​ពី​ទំនាក់ទំនង​ល្អជា​មួយ​ចិន​​នេះ​ គឺ​ជា​ការ​បង្ហាញ​ពី​មោទនភាព​ ដែល​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ក្លាយ​ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រក​ស៊ី​ជា​មួយ​ម៉ាហ្វីយ៉ា​ចិន​។

​របាយការណ៍​ស្រាវជ្រាវ ជាង ៧០​ទំព័រ របស់​វិទ្យាស្ថាន Humanity Research Consultancy (HRC) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស ឧក្រិដ្ឋកម្ម​អនឡាញ ។ របាយការណ៍​នេះ បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដើរ​តួនាទី​ជា​អ្នក​ការពារ​ពួក​អ្នក​មាន​អំណាច ឲ្យ​គប់គិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​បរទេស ដើម្បី​ប្រមូល​ប្រាក់ យក​ទៅ​ចិញ្ចឹម​គណបក្ស​កាន់​អំណាច ដោយ​ពួកគេ​អាច​រកចំណូល​បាន​ពី​ឧក្រិដ្ឋកម្ម​អនឡាញ ប្រមាណ​ពី១ម៉ឺន​២ពាន់​ទៅ​១ម៉ឺន​៩ពាន់​លាន​ដុល្លារ​ (១២,៥ពាន់​ ទៅ ១៩ពាន់​លាន​ដុល្លារ)​ក្នុង​១ឆ្នាំ​ៗ។

លោក​គឹម សុខ បញ្ជាក់​ថា ​​លោក ហ៊ុន ម៉ាណែត​​ បង្កើន​​ភាព​ស្និទ្ធស្នាល​​ជា​មួយ​ចិន​​ស្រប​ពេល​ដែល​​អន្តរជាតិ​រក​ឃើញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បែប​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​។​

ប្រមូល​លុយ​យក​ទៅ​បំប៉ន​ភាព​ហ៊ឺហា​ ​របស់​ក្រុម​គ្រួសារ​ ហ៊ុន​ និង​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា។ ក៏​ប៉ុន្តែ​បំផ្លាញ​សេចក្ដី​សុខជាតិ​កម្ពុជា បំផ្លាញ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ខ្មែរ​​ និង​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ប្រទេស​កម្ពុជា​។ សោក​ស្ដាយ​ដែល​លោក​ ហ៊ុន ម៉ាណែត ចាយ​លុយ​ជាតិ​ ក៏​ប៉ុន្តែ​មិន​បាន​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជាតិ​កម្ពុជា។

—  លោក គឹម សុខ

​ប្រតិកម្ម​របស់​អ្នក​ឃ្លាំមើល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Ly Qiang) ក្នុង​ពេល​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៦​នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur)​ នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​។ ភាគី​ទាំង​ពីរ​បាន​អួត​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ចំណង​មិត្តភាព​ដែកថែប និង​បាន​​វាយតម្លៃ​ខ្ពស់​ពី​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ជាពិសេស​ការ​ដំឡើង​កម្រិត​ដល់ «ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី»។ ជាង​នេះ​ទៅទៀត​មេ​ដឹក​នាំ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​បន្ត​លើក​កម្ពស់​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។

​​​​​ជុំ​វិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ​មាន​ប្រសាសន៍​ថា ​ទំនាក់​ទំនង​កម្ពុជា​ចិន​សព្វ​ថ្ងៃ​នេះ​បាន​ផល​តែ​អ្នក​មាន​អំណាច​ប៉ុណ្ណោះ​ ចំណែក​ឯ​ពលរដ្ឋ​ក្រីក្រ​នៅ​តែ​លំបាក​វេទនា​ដដែល។

កម្ចី​ផង​ផ្ដល់​ជំនួយ​ឥត​សំណង​ផង​ និង​ជំនួយ​មាន​សំណង​ជា​ដើម​ អីចឹង​ ដែល​ពង្រឹង​នូវ​អំណាច​និង​ឥទ្ធិពល​របស់​រដ្ឋ​ដែល​ខុស​អំពី​ការ​ទំនាក់ទំនង​កម្ពុជា​ជា​មួយ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​អី​ គេ​ជួយ​ផ្នែក​សិទ្ធិមនុស្ស​ គេ​ជួយ​ទៅ​ដល់​​ផ្ដោត​ទៅ​លើ​ការពារ​សិទ្ធិ​គាំពារ​ជនរងគ្រោះ​។​ក៏​ប៉ុន្តែ​ជំនួយ​របស់​ចិន​មិន​បាន​ផ្ដោត​ទៅ​លើ​​ប្រជាធិបតេយ្យ​ ជន​រងគ្រោះ​អំពី​អំពើ​អយុត្តិធម៌​អី​ផ្សេងៗ​ទេ។

—  លោក ឌី ថេហូយ៉ា

​អ្នក​ឃ្លាំមើល​បាន​លើក​ឡើង​ថា ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​ រដ្ឋាភិបាល​គួរតែ​​ចាប់​យក​ឱកាស​មិត្ត​ដែក​ថែប​នេះ ​ពង្រីក​ទីផ្សារ​នាំ​ទំនិញ​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​ចិន​​ក្នុង​តម្លៃ​សមរម្យ​ឱ្យ​បាន​ច្រើន​ដូច​ប្រទេស​ជិត​ខាង​ដែរ​ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​ និង​មាន​ជីវភាព​សមរម្យ​ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ដូច​សព្វ​ថ្ងៃ​ទៀត​៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។