អង្គការលើកលែងទោសអន្តរជាតិរកឃើញទីតាំងឆបោកតាមអនឡាញជាង៥០កន្លែងនៅកម្ពុជា

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងថា កម្ពុជាបរាជ័យទាំងស្រុងក្នុងការបញ្ឈប់ករណីឆបោកតាមអនឡាញ ខណៈអង្គការនេះរកឃើញថា មានមជ្ឈមណ្ឌលឆបោកតាមអនឡាញចំនួន៥៣កន្លែង កំពុងដំណើរការនៅទូទាំងប្រទេសកម្ពុជា។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​ជាង​២០០​ទំព័រ​នៅ​ថ្ងៃ​ទី២៦ ខែមិថុនា ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយសារ​ការ​ធ្វើ​ទារុណកម្ម ការ​ជួញដូរ​មនុស្ស និង​អំពើ​ទាសភាព​ក្នុង​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​អង្គការ​នេះ បាន​បើក​ការ​ស្រាវជ្រាវ​អស់​រយៈពេល​១៨​ខែ រកឃើញ​ទីតាំង​ឆបោក​ចំនួន​៥៣​កន្លែង និង​បាន​សម្ភាសន៍​ជន​រងគ្រោះ​ជាង ៤០០ (៤២៣) នាក់។

របាយការណ៍​បាន​បន្ត​ថា មាន​ពលករ​បរទេស​រាប់​ពាន់​នាក់ មក​ពី​បណ្ដា​ប្រទេស​អាស៊ី ដូច​ជា​វៀតណាម ភូមា ចិន និង​មក​ពី​កោះតៃវ៉ាន់ ក្នុង​នោះ​មាន​ទាំង​កុមារ ដែល​ខ្លះ​ត្រូវ​បាន​គេ​ជួញដូរ បញ្ជូន​ទៅ​នៅ​ក្នុង​ទីតាំង​ដូច​នៅ​ក្នុង​គុក ដើម្បី​បង្ខំ​ឱ្យ​បម្រើការ​ឆបោក​តាម​អនឡាញ និង​លេង​ល្បែង​តាម​អនឡាញ និង​រង​ការ​ធ្វើ​បាប​ពី​ក្រុម​សង្គម​ងងឹត​ជនជាតិចិន។ ជន​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា ពួកគេ​ត្រូវ​បាន​គេ​ឃុំឃាំង​ដោយ​មាន​វិធានការ​សន្ដិសុខ​យ៉ាង​តឹងរ៉ឹង រួម​ទាំង​ការ​ហ៊ុមព័ទ្ធ​របង​ដោយ​បន្លា​លួស បង្កប់​អគ្គិសនី​ឆក់ និង​ក្រុម​កង​សន្ដិសុខ​ប្រដាប់​ដោយ​អាវុធ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​រកឃើញ​ទៀត​ថា ទីតាំង​មួយ​ចំនួន​ប្រើ​បន្ទប់​ងងឹត​ដើម្បី​ដាក់​ទោស​និង​ធ្វើ​ទារុណកម្ម​លើ​បុគ្គលិក ដែល​មិន​អាច​រក​ប្រាក់​កម្រៃ​តាម​ការ​កំណត់ ឬ​បុគ្គលិក​ដែល​ព្យាយាម​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​សង្គ្រោះ។ ចំណែក​ទីតាំង​ឆបោក​ប្រហែល​១៩​កន្លែង បាន​ប្រើប្រាស់​ខ្សែ​ភ្លើង​ឆក់ និង​ដំបង​ឆក់​លើ​មនុស្ស​ពេញវ័យ និង​កុមារ។

ការ​រកឃើញ​បាន​បញ្ជាក់​ទៀត​ថា មាន​ការ​គប់គិត​គ្នា​រវាង​ថៅកែ​ជនជាតិ​ចិន​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តាម​ទីតាំង​ឆបោក​តាម​អនឡាញ ហើយ​ការ​បរាជ័យ​បង្ក្រាប​ទីតាំង​ឆបោក​ទាំង​នោះ​របស់​កម្ពុជា បាន​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ពង្រីក​សកម្មភាព​ឆបោក​ជាលក្ខណៈ​អន្តរជាតិ​កាន់​តែ​ធំ ដែល​ប៉ះពាល់​ដល់​ជន​រងគ្រោះ​រាប់​លាន​នាក់​ត្រូវ​ខាត​បង់​ប្រាក់។

ជុំវិញ​ការ​រកឃើញ​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក បាន ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី​២៦។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក នី សុខា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៦ ខែមិថុនាថា របាយការណ៍​ថ្មី​បន្ថែម​នេះ អាច​ជួយ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា លុបបំបាត់​ក្រុម​ឧក្រិដ្ឋជន​ដែល​បើក​ទីតាំង​ឆបោក​នៅ​កម្ពុជា ដើម្បី​ការពារ​មុខមាត់​កម្ពុជា​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ។

គឺ​ថា​ដើម្បី​ស្រោចស្រង់​មុខមាត់​ប្រទេស​កម្ពុជា​យើង ដើម្បី​ឱ្យ​មាន​ជំនឿ​ទុក​ចិត្ត​ពី​បណ្ដា​សហគមន៍ជាតិ​និង​អន្តរជាតិ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​យក​របាយការណ៍​នេះ ដែល​បាន​រកឃើញ មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ម៉ត់ចត់​បន្ថែម​ទៀត ដើម្បី​មាន​វិធានការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង​។

—  លោក​ នី សុខា

កម្ពុជា និង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ ឡាវ និង​ប្រទេស​ភូមា ត្រូវ​បាន​រកឃើញ​ថា កំពុង​រីក​សាយភាយ​ដោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ កាល​ពី​ខែ​ឧសភា របាយការណ៍​សិក្សា​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​អង់គ្លេស​ឈ្មោះ Humanity Research Consultancy បាន​លើកឡើង​ថា កម្ពុជា​អាច​មាន​អ្នក​បម្រើការ​នៅ​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ប្រហែល​១៥​ម៉ឺន​នាក់ និង​ក្នុង​មួយ​ឆ្នាំៗ អាច​រក​ចំណូល​បាន​ប្រមាណ ១២,៥ ទៅ ១៩ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង​៦០% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP)។

ទោះជាយ៉ាងណា របាយការណ៍​ទាំង​នេះ ត្រូវ​បាន​ច្រាលចោល​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

របាយការណ៍​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​លើកឡើង​ថា ទីតាំង​ចំនួន៥៣ ដែល​ត្រូវ​អះអាងថា ជា​កន្លែង​ឆបោក​តាម​អនឡាញ ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន១៦ ក្នុង​នោះ​រួមមាន​ទីក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​តាមព្រំដែន ដូចជា​តាកែវ កំពត ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ខេត្ត​ព្រះសីហនុ និង​នៅ​ទីក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ជាដើម។

អង្គការ​នេះ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​៥៣​ទីតាំង​នោះ មាន​១៨ទីតាំង មិន​ដែល​ត្រូវ​បាន​បើក​ការ​ស៊ើបអង្កេត​ពី​រដ្ឋាភិបាល​ឡើយ ហើយ​មាន​តែ​២​ទីតាំង​ប៉ុណ្ណោះ ត្រូវ​បាន​បិទ​ទ្វារ​បន្ទាប់​ពី​មាន​ការ​ចុះបង្ក្រាប​ពី​អាជ្ញាធររដ្ឋ។ ក្នុង​នោះ អង្គការ​អន្តរជាតិ​នេះ ក៏​បាន​រកឃើញ​ទីតាំង​សង្ស័យ​ថា ជា​កន្លែង​ឆបោក​ចំនួន​៤៥​កន្លែង​ផ្សេង​ទៀត និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​ទីតាំង​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។