សង្គមស៊ីវិលធ្វើយុទ្ធនាការទាមទារឱ្យតុលាការដោះលែងសកម្មជនចលនាមាតាធម្មជាតិ

អង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកទាមទារឱ្យតុលាការដោះលែងសកម្មជនចលនាមាតាធម្មជាតិ៥នាក់ រួមមាន លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង លោក ថុន រដ្ឋា ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។

អង្គការ​ទាំង​នោះ រួម​មាន អង្គការ​លីកាដូ សង់ត្រាល់ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ដើម​ បាន​ធ្វើ​យុទ្ធនាការ​នេះ​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ដល់​ថ្ងៃ​ទី​២​ខែ​កក្កដា។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​ក្រុម​យុវជន​ទាំង​នោះ​ធ្វើ​ការងារ​ដើម្បី​បរិស្ថាន​ស្អាត​ ដូច្នេះ​តុលាការ​មិន​គួរ​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ឡើយ​។

អង្គការ​សង្គម​ស៊ីវិល​នឹង​បង្ហោះ​រឿង​រ៉ាវ​ខ្លីៗ​នៃ​ការ​តស៊ូ​របស់​យុវជន​ទាំង​នោះ​ មុន​ពេល​ចាប់ខ្លួន ​លើកឡើង​អំពី​ទិដ្ឋភាព​នៃ​ការ​ចាប់​ខ្លួន​និង​សារសំខាន់​ពី​សកម្មភាព​ការងារ​ការពារ​បរិស្ថាន​របស់​ពួកគាត់។

នាយក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក​ អំ សំអាត បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ថា សកម្មជន​មាតា​ធម្មជាតិ​ទាំង​នោះ បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ ដូច្នេះ​តុលាការ​គួរតែ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​។

អ៊ីចឹង​បាន​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​សុំ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ និង​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។ ពី​ព្រោះ​កិច្ចការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ​ និង​ព្រៃឈើ​មិន​មែន​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ ឬ​ក៏​មិន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ​។ គួរ​ជា​ការ​មួយ​ដែល​លើក​ទឹក​ចិត្ត​សម្រាប់​ពួកគាត់​​ឱ្យ​ចូល​រួម​នៅ​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​បរិស្ថាន​និង​ព្រៃឈើ​សម្រាប់​​ប្រទេស​ជាតិ​យើង​ជា​ផល​ប្រយោជន៍​រួម​​របស់​យើង​ទាំង​អស់​គ្នា​។

—  លោក អំ សំអាត

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ លោក ឃុន លាងម៉េង ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ​បាន​ទេ​​នៅ​ថ្ងៃ​ទី​២៧​ខែ​មិថុនា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ មាន​សារសំខាន់​ណាស់​ដើម្បី​បង្ហាញ​ពី​វីរភាព​អង់អាច​ក្លាហាន​របស់​ក្រុម​យុវជន​ទាំង​នោះ ​ដែល​បាន​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​សង្គម។

អ៊ីចឹង​អ្វីៗ ដែល​ពួកគាត់​ធ្វើ​អ្វីៗ​ដែល​ពួកគាត់​លើក​ឡើង​វា​ជា​សេរីភាព​មួយ​ក្នុង​ការ​បញ្ចេញ​មតិ គឺ​សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​ដែល​មាន​នៅ​ក្នុង​សង្គម​ទេ​។​ អីចឹង​បាន​ជា​យើង​នៅ​តែ​ចាត់​ទុក​​ថា​វា​មិន​មែន​ជា​បទ​ល្មើស​ ហើយ​យុទ្ធនាការ​ហ្នឹង គឺ​ចង់​ឱ្យ​​មាន​ការ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ​ ឱ្យ​ពួកគាត់​បាន​មក​ជួប​ជុំ​ប្រពន្ធ​កូន​ បាន​បន្ត​ការងារ​សង្គម​ថែម​ទៀត​ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា​នេះ​។

—  លោក យិន ម៉េងលី

ក្រៅ​ពី​ធ្វើ​យុទ្ធនាការ​តាម​ហ្វេសប៊ុក អង្គការ​សង្គម​ស៊ីវិល ក៏​នឹង​ជួប​ជុំ​គ្នា​នៅ​ការិយាល័យ​នៃ​អង្គការមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ (CENTRAL) នៅ​រសៀល​ថ្ងៃ​ទី​១​ខែ​កក្កដា​ដែរ ដើម្បី​ឱ្យ​គ្រួសារ​របស់​ពួកគាត់ តំណាង​យុវជន សហគមន៍​មូលដ្ឋាន​ និង​សង្គម​ស៊ីវិល​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​លះបង់​របស់​ក្រុម​យុវជន​ទាំង​នោះ។

សកម្មជនចលនា មាតា​ធម្ម​ជាតិ​ទាំង​៥​នាក់​នោះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៦ ទៅ ៨ ឆ្នាំ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​«បទ​រួម​គំនិត​ក្បត់» និង «ប្រមាថ​ព្រះមហាក្សត្រ» ពាក់ព័ន្ធ​នឹង​សកម្មភាព​ការងារ​របស់​ពួកគាត់។

កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក អ៊ិត សុធា បាន​លើក​ពេល​សវនាការ​ជំនុំ​ជម្រះរឿងក្ដី​នេះ​ ទៅ​ពេល​ក្រោយ​ដោយ​គ្មាន​ថ្ងៃ​កំណត់ ​ក្រោម​ហេតុ​ផល​ថា ដោយសារ​មិន​អាច​បញ្ជូន​ដីកា​កោះ​ទៅ​ជន​ជាប់ចោទ​ដែល​នៅ​ក្រៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។