ប្រវត្តិ​លោក សៅ សុខា ដែល​HRW​ចាត់​ទុក​ជា​មនុស្ស​បាត​ដៃ​កខ្វក់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់

0:00 / 0:00

អតីត​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល ស្មោះត្រង់​នឹង​លោក ហ៊ុន សែន រហូត​ទទួល​បាន​តំណែង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​កងរាជអាវុធហត្ថ ហើយ​ចុងក្រោយ​បាន​ក្លាយទៅជា​មេដឹកនាំ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា ជា​ឧត្ដមសេនីយ៍ មាន​បាតដៃ​កង្វក់ រំលោភ​សិទ្ធិ សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ព្យាយាម​ប្រើប្រាស់​កម្លាំង​កងទ័ព​ដើម្បី​ការពារ លោក ហ៊ុន សែន ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​យោធា។ តើ​ឧត្ដមសេនីយ៍​នោះ​មាន​ប្រវត្តិ​បែប​ណា?

ឧត្ដមសេនីយ៍​មួយ​រូប​ក្នុងចំណោម ១២ រូប​ដែល​គេ​ចាត់ទុកថា មាន​បាតដៃ​កខ្វក់​នោះ គឺ អគ្គមេបញ្ជាការ​ស្ដីទី​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឈ្មោះ សៅ សុខា កើត​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៦១ នៅ​ខេត្ត​ស្វាយរៀង។ លោក​មាន​បងប្អូន​បង្កើត​ចំនួន ៥​នាក់ ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរក្រហម​សម្លាប់​ទាំងអស់។ របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ផ្សាយ​កាលពី​ចុងខែ​មិថុនា ឲ្យ​ដឹង​ថា ក្រោយ​ការ​បោះឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត កាលពី​ឆ្នាំ១៩៩៣ លោក សៅ សុខា ត្រូវ​បាន​ផ្ដល់​តំណែង​ឲ្យ​គ្រប់គ្រង កងរាជអាវុធហត្ថ​ដែល​ទើបបាន​បង្កើត​ឡើង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣។ លោក សៅ សុខា ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​កុម្មុយនិស្ត វៀតណាម ត្រូវ​បាន​ក្លាយ​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ក្រោយពេល​លោក សៅ សុខា បាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​គម្រោង​ផ្ដួល​រំលំ​លោក ហ៊ុន សែន។ ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​ពី​ឆ្នាំ១៩៩៤ ដល់​១៩៩៦ អង្គការសហប្រជាជាតិ បាន​រក​ឃើញ​ថា កងកម្លាំង រាជ​អាវុធហត្ថ​ដឹកនាំ​ដោយ លោក សៅ សុខា ត្រូវ​ជាប់​ពាក់ព័ន្ធ​ចាប់​តាំង​ពី​ការ​រត់ពន្ធ​មនុស្ស រហូតដល់​លក់​គ្រឿងញៀន។ លោក សៅ សុខា ក៏​ត្រូវ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​៥ និង​៦​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​ដណ្ដើម​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ កាលណោះ លោក សៅ សុខា បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ ដណ្ដើម​ជ័យជំនះ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ក្រោយ​កងទ័ព​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​បាក់​ទ័ព លោក សៅ សុខា បាន​ឲ្យ​បញ្ជា​កងកម្លាំង​ធ្វើ​រដ្ឋប្រហារ​របស់​លោក តាម​បោសសំអាត​នឹង​កម្ចាត់ កងទ័ព​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ភាសា​បោសសំអាត​និង​កម្ចាត់​នេះ ជា​ភាសា​របស់​ខ្មែរក្រហម ចូលចិត្ត​ប្រើប្រាស់​ដែល​មាន​ន័យថា សម្លាប់។ ក្រោយពី​ជ័យជំនះ​របស់​លោក ហ៊ុន សែន មក ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​បូជាសព ដោយ​គ្មាន​អត្តសញ្ញាណ បាន​បង្កើត​ឲ្យ​មានការ​សង្ស័យ​ជាច្រើន ការ​ធ្វើ​ទារុណកម្ម និង​ការ​ចាប់​ឃុំខ្លួន​បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា លោក សៅ សុខា បាន​ប្រើប្រាស់​ស្នាក់​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​កន្លែង​សម្រាប់​ធ្វើ​ទារុណកម្ម។ ក្រោយ​រដ្ឋប្រហារ លោក សៅ សុខា ត្រូវ​បាន​ដំឡើង​តួនាទី ជាទី​ប្រឹក្សា លោក ហ៊ុន សែន។ ដោយសារតែ​ព័ត៌មាន​នៃ​ការរំលោភ​សិទ្ធិមនុស្ស តំណាង​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៅ​ពេល​នោះ រំលាយ​កងរាជអាវុធហត្ថ​នេះ​ចោល។

របាយការណ៍​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បង្ហាញ​ថា រយៈពេល​នៃ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជាង​៣០​មកនេះ អង្គការ​សិទ្ធិមនុស្ស​នេះ បាន​រក​ឃើញ​ថា លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​យ៉ាង​អាក្រក់​បំផុត។ អ្នកមាន​និន្នាការ​ប្រឆាំង អ្នកកាសែត មេដឹកនាំ​សហជីព រាប់​រយ​នាក់ ត្រូវ​បាន​សម្លាប់​ដោយសារតែ​ជាប់​ពាក់ព័ន្ធ នឹង​ករណី​នយោបាយ ហើយ​រាល់​ករណី​សម្លាប់​ពាក់ព័ន្ធ​នយោបាយ​មិន​ត្រូវ​បាន​ស៊ើបអង្កេត កាត់ទោស និង​ផ្ដន្ទាទោស​នោះ​ទេ។ បន្ថែម​លើ​នេះ​ទៅ​ទៀត​ថា អ្នក​រិះគន់​របប​លោក ហ៊ុន សែន កម្មករ សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​សហជីព ត្រូវ​រង​ការ​គំរាមកំហែង ចាប់ខ្លួន វាយ​ដុំ និង​ត្រូវ​ជាប់​ពន្ធនាគារ​ដោយសារតែ​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង។ អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា ការ​បន្ត​កាន់កាប់​អំណាច និង​គាបសង្កត់​របស់​លោក ហ៊ុន សែន បាន​អស់​ជាង​បី​ទសវត្សរ៍​នេះ ដោយសារ​តែ​មាន​កង​ប្រដាប់​អាវុធ​ដែល​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន រួមមាន​លោក សៅ សុខា ម្នាក់​ដែរ។ លោក សៅ សុខា មិន​បញ្ឈប់​ក្រោយ​ការ​ដឹកនាំ​កម្លាំង​ស្មោះ​នឹង​លោក ហ៊ុន សែន ដណ្ដើម​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​ឆ្នាំ​១៩៩៧ នោះទេ លោក សៅ សុខា កាល​ពី​ពេល​បោះឆ្នោត​១៩៩៨ កងរាជអាវុធហត្ថ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​គណបក្សប្រឆាំង និង​ការ​តវ៉ា​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរ។ ក្នុង​ការ​បង្ក្រាប​នោះ កងរាជអាវុធហត្ថ​និង​ជន​ប្រដាប់​អាវុធ​ផ្សេងទៀត បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន ២១​នាក់។ ក្នុង​កំឡុង​ពេល​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៨ កងរាជអាវុធហត្ថ​ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​ដែរ។ បន្ថែម​លើ​នេះ​ទៅ​ទៀត មន្ត្រី​កងរាជអាវុធហត្ថ​ក៏បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុសច្បាប់​ផង​ដែរ។ តំណាងរាស្ត្រ​អតីត​គណបក្ស សម រង្ស៊ី លោក ជាម ចន្នី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្កើត​កងកម្លាំង​ខុសច្បាប់ ហើយ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ ដោយសារតែ​លោក​បាន​ស្រាវជ្រាវ​ករណី​កងរាជអាវុធហត្ថ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ​ខុសច្បាប់។ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ លោក សៅ សុខា បន្ត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ កាល​ដើម​ឆ្នាំ២០១៤ ពេល​កម្មករ​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ​នោះ កងរាជអាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​អាវុធ​ពិត​បាញ់​ទៅលើ​កម្មករ បណ្ដាល​ឲ្យ​កម្មករ​៥​នាក់​ស្លាប់ និង ១០​នាក់​ទៀត ត្រូវ​ចាប់​ឃុំ​ខ្លួន។ ហើយ​កម្មករ​ម្នាក់​បាន​ស្លាប់ ដោយសារតែ​រង​របួស​ពី​ការវាយប្រហារ​ដោយ​ក្រុម​កងរាជអាវុធហត្ថ។ កាលពី​ខែ​មករា ឆ្នាំ​២០១៥ លោក សៅ សុខា ការពារ​កា​បង្ក្រាប​បង្ហូរ​ឈាម កាល​ពី​ដើមឆ្នាំ ២០១៤ ថា ជា​ការ​ចាំបាច់ ដើម្បី​ដោះស្រាយ​នឹង​បាតុករ​គាំទ្រ​គណបក្សប្រឆាំង។ លោក សៅ សុខា អួតអាង​ថា ការអនុវត្ត​ការងារ​របស់​លោក លោក​រៀន​សូត្រ​តាម​អតីត​មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ គឺ​លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) ដោយ​ប្រើប្រាស់​កងកម្លាំង​ដ៏​ច្រើន​ដើម្បី​កម្ចាត់​កងកម្លាំង​តូចៗ។ អាស៊ី​សេរី មិនទាន់​អាច​ទាក់ទង​លោក សៅ សុខា ដើម្បី​បកស្រាយ​នឹង​របាយការណ៍​សិទ្ធិមនុស្ស Human Rights Watch បានទេ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា។

ក្រសួងការពារជាតិ កាលពី​ចុងខែ​មិថុនា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធ​ការ​រក​ឃើញ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ លោក សៅ សុខា។ ក្រសួងការពារជាតិ​ចាត់​ទុក​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​ថា ជា​របាយការណ៍​ញុះញង់​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល មក​លើ​មន្ត្រី​ជាន់ខ្ពស់ ១២​រូប នៃ​កងកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា។ ក្រសួង​ការពារ​ចាត់​ទុក​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស ជា​របាយការណ៍​ឆ្កួត​លីលា។ ចំណែក លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​ការពារ លោក សៅ សុខា និង​មន្ត្រី​បាតដៃ​កខ្វក់​មួយ​ចំនួន​ទៀត​ថា ការចោទប្រកាន់​របស់​មន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ​ជា "នយោបាយ​ទុច្ចរិត" ហើយ​ក្រសួង​នឹង​មិន​ស៊ើបអង្កេត​ពី​ការ​រក​ឃើញ​អំពី​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​បាតដៃ​កង្វក់​ទាំង​នោះ​ទេ៖ «វា​មិន​ចាំបាច់​ទៅ​ស៊ើបអង្កេត​ទេ។ នយោបាយ​ទុច្ចរិត​របស់​គេ តែងតែ​រក​វិធី​ចោទប្រកាន់ មក​លើ​មន្ត្រី​ដូចជា​អ្នក​ដែល​បម្រើ​ជាតិ​មាតុភូមិ»។

មិន​ខុស​ពី​លោក ទៀ បាញ់ នោះ​ទេ លោកនាយក​រដ្ឋមន្ត្រី ជា​ចៅហ្វាយ​ផ្ទាល់​របស់ លោក សៅ សុខា ថ្លែង​ការពារ​លោក​ថា កងកម្លាំង​ប្រដាប់អាវុធ ជា​ឧបករណ៍​បម្រើ​ឲ្យ​របប​លោក ហើយ​របប​លោក​នឹង​មិន​ធ្វើការ​ស៊ើបអង្កេត​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​នោះ​ទេ។

របាយការណ៍​អង្គការ​ការពារ​សិទិ្ធមនុស្ស​អន្តរជាតិ Human Rights Watch ឲ្យ​ដឹង​ថា​ទៀត​ថា ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៦ លោក សៅ សុខា បន្ត​ធ្វើ​សកម្មភាព​ប្រមូលផ្ដុំ​ពង្រឹង​អ្នក​គាំទ្រ​គណបក្ស​កាន់អំណាច​នៅ​តាម​មូលដ្ឋាន រហូតដល់​ប្រដូច​របប​លោក ហ៊ុន សែន ទៅ​នឹង​សម័យ​អង្គរ ហើយ​គំរាម​ថា ប្រសិនបើ​មាន​ការ​ផ្លាស់ប្ដូរ​រលោក ហ៊ុន សែន នោះ កម្ពុជា​នឹង​មាន​សង្គ្រាម​បន​ប្រល័យ​ពូជសាសន៍​ឡើងវិញ​ជាមិនខាន។ កាលពី​ឆ្នាំ២០១៧ លោក សៅ សុខា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ឃាត់ខ្លួន​លោក កឹម សុខា ហើយ​បន្ត​ចោទប្រកាន់​ទាំង​ខុស​នៃ​ការ​រំលាយ​បក្ស​ប្រឆាំង​ដោយ​យក​លេស​ថា គណបក្សប្រឆាំង​មានបំណង​ដឹកនាំ​បដិវត្តន៍​ក្បត់ជាតិ។ លោក សៅ សុខា ថែមទាំង​ប្ដេជ្ញា​ថា កង​អាវុធហត្ថ​ទាំងអស់​នឹង​ស្មោះ​នឹង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។