មេធាវីម្នាក់ ក្នុងចំណោម៥នាក់ ដែលធ្លាប់មានស្នាដៃជួយជ្រោមជ្រែងដល់ដំណើរការក្ដី រំលាយគណបក្សប្រឆាំង ទទួលបានការគាំទ្រពេញទំហឹងពីមន្ត្រីរដ្ឋាភិបាល ក្នុងការឈរឈ្មោះ ជាបេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៣។
តំណាងរាស្ត្របក្សប្រឆាំង និងអ្នកច្បាប់ ព្រួយបារម្ភថា វិស័យយុត្តិធម៌ និងវិជ្ជាជីវៈសេរី កាន់តែធ្លាក់ចុះ ដោយសារការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី ធ្វើឡើងមិនយុត្តិធម៌ ខ្វះតម្លាភាព និង ខ្វះការប្រកួតប្រជែងសមត្ថភាពដឹកនាំត្រឹមត្រូវ។
តំណាងរាស្ត្រជាប់ឆ្នោត និងក្រុមអ្នកច្បាប់ នៅក្រៅរដ្ឋសភា មើលឃើញថា រដ្ឋាភិបាល ខិតខំជួយលោកមេធាវី លី ច័ន្ទតុលា ដើម្បីឲ្យក្លាយជាប្រធានគណៈមេធាវី នៅអាណត្តិទី១៣ ដោយសារមេធាវីរូបនេះ ធ្លាប់មានស្នាដៃជួយជ្រោមជ្រែងក្នុងរឿងក្ដី រំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។
តំណាងរាស្ត្រជាប់ឆ្នោត មណ្ឌលខេត្តពោធិ៍សាត់ នៃគណបក្សសង្គ្រោះជាតិ លោក ងឹម ញ៉េង យល់ថា ការជ្រើសរើសប្រធានគណៈមេធាវីរាល់អាណត្តិកន្លងមក ធ្វើមិនត្រឹមត្រូវ ខ្វះតម្លាភាព ហើយលើកបន្តុបបក្ខពួករបស់គណបក្សកាន់អំណាច ដោយបិទមេធាវីពូកែៗ មិនឲ្យមានឱកាស ក្លាយជាអ្នកដឹកនាំនៅស្ថាប័ននេះ។ លោកបន្តថា អាណត្តិនេះ ក៏ដូចគ្នាដែរ គឺរបបក្រុងភ្នំពេញ នឹងលើកបន្តុបមេធាវី លី ច័ន្ទតុលា ដើម្បីសងគុណ និងងាយបញ្ជាដោយផ្ទាល់។
លោក ងឹម ញ៉េង ថា ការធ្វើបែបនេះ នឹងបណ្ដាលឲ្យវិជ្ជាជីវៈមេធាវីធ្លាក់ចុះ ហើយបញ្ញវន្ត មិនមានឱកាសប្រើចំណេះអស់ពីសមត្ថភាពទេ។ តំណាងរាស្ត្រជាប់ឆ្នោតរូបនេះ បន្តថា ប្រធានគណៈមេធាវី ១២ អាណត្តិ ភាគច្រើនជាមនុស្សជំនិត និងជាអ្នកបម្រើការងារឲ្យរបបក្រុងភ្នំពេញ ហេតុដូច្នេះទើបគណៈមេធាវី ខកខានតវ៉ានឹងច្បាប់មួយចំនួន ដែលអធម្មនុញ្ញភាពទៅរដ្ឋសភា ឬទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
ម្យ៉ាងទៀត លោកថា គណៈមេធាវី ក៏មិនដែលស្នើសុំពិគ្រោះយោបល់ ពិនិត្យមើលខ្លឹមសារច្បាប់ ជាមួយរដ្ឋសភាទេ ដែលបណ្ដាលឲ្យវិជ្ជាជីវៈមេធាវី មិនរីកចម្រើន គឺខុសពីអង្គការសមាគមផ្សេងៗ ដែលតែងតែស្នើសុំ ឲ្យរដ្ឋសភា សើរើ ឬពិនិត្យមើលខ្លឹមសារច្បាប់ ដែលប្រាសចាកពីច្បាប់កំពូល។
លោក ងឹម ញ៉េង ព្រួយបារម្ភថា វិស័យយុត្តិធម៌ និងវិជ្ជាជីវៈមេធាវី កាន់តែធ្លាក់ដុនដាបជាងមុនទៀត នៅពេល លោកមេធាវី លី ច័ន្ទតុលា ជាប់ជាប្រធានគណៈមេធាវី ព្រោះ មេធាវីរូបនេះ ធ្លាប់មានប្រវត្តិជាអ្នកជ្រោមជ្រែង ការរំលាយលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា៖ « បុគ្គលសម្រាប់ ការបោះឆ្នោតជ្រើសរើស ( ប្រធានគណៈមេធាវី ) ឈ្មោះ លី ច័ន្ទតុលា ហ្នឹង បានប្រព្រឹត្តិអំពើទុច្ចរិតក្នុងការរំលាយគណបក្សសង្គ្រោះជាតិហ្នឹង ជាដើមបណ្ដឹងឬការពារក្ដីដើម្បីឲ្យគេរំលាយគណបក្សសង្គ្រោះជាតិ។ ការរំលាយគណបក្សសង្គ្រោះជាតិហ្នឹង គឺជាអំពើទុច្ចរិតមួយ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន ហ្នឹង បានធ្វើពីមុនមក គឺរំលាយឆន្ទៈប្រជារាស្ត្រហើយ ហើយមេធាវី ដែលចូលរួមការពារក្ដីហ្នឹង បានន័យថា មេធាវីទាំងអស់ហ្នឹង បានចូលរួមប្រព្រឹត្តិអំពើទុច្ចរិត ក្នុងការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋហ្នឹង។ អ៊ីចឹង សួរថាតើ នៅពេល គាត់ទទួលតួនាទី ជាប្រធានគណៈមេធាវី ប្រជាពលរដ្ឋខ្មែរ មានសង្ឃឹមថា គាត់ ( លី ច័ន្ទតុលា ) ហ្នឹង ប្រព្រឹត្តិអំពើសុចរិតឬអត់ វាអត់។ ដូច្នេះសម្រាប់ខ្ញុំ គណៈមេធាវី ដរាបណា មិនទាន់មានឯករាជ្យមិនទាន់រកយុត្តិធម៌ជូនជនរងគ្រោះបាន»។
លោក លី ច័ន្ទតុលា គឺជាមេធាវីម្នាក់ ក្នុងចំណោមមេធាវី៥នាក់ ក្រោមការដឹកនាំរបស់ លោកមេធាវី គី តិច បានជ្រោមជ្រែងរឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិ កាលចុងឆ្នាំ២០១៧ និងបានរៀបចំឯកសារ ស្នើសុំតុលាការកំពូល បំបិទសិទ្ធិធ្វើនយោបាយ របស់មន្ត្រីបក្សប្រឆាំង ជាងមួយរយនាក់ (១១៨)នាក់ រយៈពេល ៥ឆ្នាំ។
លោក លី ច័ន្ទតុលា ជាមេធាវីឯកទេសខាងនីតិឯកជន លោកច្រើនតែកាន់សំណុំរឿងទាក់ទងនឹងវិស័យការងារ។ កូនក្ដី របស់លោក លី ច័ន្ទតុលា ជាច្រើន គឺជាថៅកែក្រុមហ៊ុន ឬ និយោជកធំៗ នៅក្នុងប្រទេសកម្ពុជា។
លោក លី ច័ន្ទតុលា កើតនៅឆ្នាំ១៩៧៨។ លោកគឺជាកូនពៅ ក្នុងគ្រួសារដែលមានកូន ១០នាក់។ ឪពុករបស់លោក គឺជាអតីតមេឃុំ និងម្ដាយជាកសិករ។ គ្រួសាររបស់លោកមានជីវភាពមធ្យមនៅជាយក្រុងភ្នំពេញ លោក លី ច័ន្ទតុលា បញ្ចប់ការសិក្សាថា្នក់បាក់ឌុបនៅវិទ្យាល័យច្បារអំពៅ ក្នុងឆ្នាំ១៩៩៥ ហើយបន្តការសិក្សាឧត្ដមសិក្សា ជំនាញច្បាប់ឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
នៅឆ្នាំ១៩៩៩ លោក លី ច័ន្ទតុលា បានអាហារូបករណ៍បរិញ្ញាបត្រ និងអនុបណ្ឌិត នៅសាកលវិទ្យាល័យ លីយ៉ុង២ (Université Lumière Lyon 2 Berges du Rhone) និង សកលវិទ្យាល័យ លីយ៉ុង៣ (Université Jean Moulin Lyon 3) នៅប្រទេសបារាំង។ នៅទីនោះ លោក លី ច័ន្ទតុលា រៀនជាមួយអ្នកស្រី ឈីវ ភារម្យ បច្ចុប្បន្ន ជាភរិយារបស់ លោក និងរៀនជាមួយ លោក កើត រិទ្ធិ បច្ចុប្បន្ន គឺជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ក្រោយមក លោក លី ច័ន្ទតុលា ចូលធ្វើការងារ ជាក្រឡាបញ្ជីនៃសហចៅក្រមក្នុងសាលាក្ដីខ្មែរក្រហម និងជាសាស្ត្រាចារ្យច្បាប់ នៅឆ្នាំ២០០៦។ នៅឆ្នាំ២០១៧ លោក ធ្វើជាមេធាវីរបស់ក្រសួងមហាផ្ទៃ ចូលរួមប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។
ក្រោយជួយជ្រោមជ្រែងរដ្ឋាភិបាល ឲ្យឈ្នះក្ដីនយោបាយនេះរួច លោក លី ច័ន្ទតុលា ទទួលបានការតែងតាំងជាបន្តបន្ទាប់ ក្នុងជួររដ្ឋាភិបាល ដោយនៅខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះមហាក្សត្រ តែងតាំងលោក ពីសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី មកជាអនុប្រធាន មានឋានៈស្មើរដ្ឋមន្ត្រី ខណៈលោក គី តិច ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅពេលនោះដែរ។ នៅឆ្នាំ២០១៩ ព្រះមហាក្សត្រ បន្តតែងតាំង លោក លី ច័ន្ទតុលា ជាមេធាវីតំណាងដោយអាណត្តិរបស់រដ្ឋាភិបាលបន្ថែមលើមុខងារចាស់។
លោកមេធាវី លី ច័ន្ទតុលា ប្រាប់អាស៊ីសេរី ថា ការតតាំងរឿងក្ដី រំលាយគណបក្សសង្គ្រោះជាតិ គឺជាការងារទាក់ទង នឹងសមត្ថភាពរបស់លោក ក្នុងវិជ្ជាជីវៈមេធាវី ដែលត្រូវការពារផលប្រយោជន៍ជូនកូនក្ដី។ ចំណែកការទំនាក់ទំនងជាមួយស្ថាប័នដទៃទៀត ក្នុងជួររដ្ឋាភិបាល គឺដើម្បីជាប្រយោជន៍សម្រាប់មេធាវីទាំងអស់៖ « ខ្ញុំគិតថា អានេះវាជាការងារទាក់ទងនឹងសមត្ថភាពរបស់បុគ្គល ព្រោះនៅក្នុងនេះ ខ្ញុំមានប្រជាប្រិយភាពអ៊ីចឹងហើយ ទើបបានយើង ធម្មតាគឺស្ថាប័នគណៈមេធាវី គឺយើងឯករាជ្យ។ ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមបំពេញការងាររបស់ខ្ញុំនេះ ត្រូវគិតពីចំណុចហ្នឹងដែរ ដើម្បីយើងធ្វើយ៉ាងម្ដេចគឺ យើងរក្សាឯករាជ្យរបស់យើង។ ប៉ុន្តែទំនាក់ទំនងអន្តរស្ថាប័នយើងត្រូវរក្សាទុកដដែល ដើម្បីជាប្រយោជន៍របស់មេធាវីយើងទាំងអស់គ្នា»។
និស្សិតច្បាប់ និងកិច្ចការរដ្ឋបាលសាធារណៈ លោក ឃី ពិសី យល់ថា រឿងក្ដីរំលាយគណបក្សប្រឆាំង កាលពីឆ្នាំ២០១៧ ជាផ្នែកមួយ ជួយឲ្យ លោក លី ច័ន្ទតុលា មានឱកាសទទួលបានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលវិញ ឲ្យក្លាយជាប្រធានគណៈមេធាវី។ លោក ឃី ពិសី សង្កេតឃើញថា លោក លី ច័ន្ទតុលា បានបង្កើតកម្មវិធីជប់លៀង ទិញទឹកចិត្តមេធាវី និងទទួលបានការជ្រោមជ្រែងពីមន្ត្រីរដ្ឋាភិបាលខ្លាំងក្លា រាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី កូនប្រុសទាំងបីរបស់នាយករដ្ឋមន្ត្រី មន្ត្រីធំៗ ក្នុងជួររាជការ គណៈមេធាវី ជាដើម ហើយខណៈដែលលោក លី ច័ន្ទតុលា ជាមនុស្សរបស់រដ្ឋាភិបាលស្រាប់ផងនោះ ងាយស្រួលគ្រប់គ្រង និងបញ្ជា ដូច្នេះលោក លី ច័ន្ទតុលា មានសង្ឃឹមច្រើនជាងគេ អាចជាប់ជាប្រធានគណៈមេធាវី នៅអាណត្តិនេះ៖ « ប្រាកដណាស់ បើសិនណា ( ប្រធាន ) គណៈមេធាវី ដែលឡើងមកហ្នឹង មិនមែនឡើងដោយមានគោលនយោបាយច្បាស់លាស់ទេ គឺប្រាកដណាស់ វិស័យយុត្តិធម៌ នឹងវិវឌ្ឍន៍ទៅរកភាពលំបាកមែនទែនហើយ ដោយសារតែយើងមើលឃើញ លោក លី ច័ន្ទតុលា គាត់រាងស្និទ្ធជាមួយរដ្ឋាភិបាល ហើយរដ្ឋាភិបាល អាចនឹងយកវិស័យហ្នឹង គេហៅថា និយាយឲ្យស្រួលស្ដាប់ទៅដើម្បីធ្វើជាឧបករណ៍ ជាលេសបំបិទសំឡេងណា ដែលផ្ទុយណា»។
ក្នុងចំណោមបេក្ខភាពមេធាវីឈរឈ្មោះ ៥នាក់ គឺ មានតែ លោក លី ច័ន្ទតុលា តែម្នាក់គត់ ដែលបង្កើតកម្មវិធីជប់លៀង ស្វែងរកការគាំទ្រពីមេធាវីគ្នាឯង ឬហៅថា សហភាតា និងមានមន្ត្រីរដ្ឋាភិបាល ជួយជ្រោមជ្រែងឃោសនាឲ្យតាមគ្រប់មធ្យោបាយ រាប់ទាំងតាមបណ្ដាញសង្គម។ ចំណែកមេធាវី៤នាក់ផ្សេងទៀតមាន ២នាក់ គឺជាមេធាវី កាន់ក្ដីឲ្យសកម្មជនបក្សប្រឆាំង គឺ លោក កែត ឃី និង លោក សំ សុគង់។ បេក្ខជនពីរនាក់ទៀត គឺមេធាវីកាន់ក្ដីឲ្យសង្គមស៊ីវិល និងសហគមន៍ជម្លោះដីធ្លី លោកមេធាវី សេក សោភ័ណ និងមេធាវីជើងចាស់ លោក ស សូវ៉ាន។
បេក្ខជនទាំង ៤នាក់ ក៏មិនទទួលបានការគាំទ្រ ជាចំហពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលណាម្នាក់ដែរ។ ក្នុងចំណោមអ្នកទាំង ៤ អ្នកខ្លះ ប្រាប់អាស៊ីសេរីថា ពួកលោក មិនមានថវិកា និងមិនមានលទ្ធភាពបង្កើតកម្មវិធីជប់លៀង ច្រៀងរាំ រកសំឡេងគាំទ្រទេ គឺមានតែទឹកចិត្ត និងឆន្ទៈ ជួយអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងវិជ្ជាជីវៈមេធាវី។ មេធាវីខ្លះ ហៅការជប់លៀងស្វែងរកសំឡេងគាំទ្រ ជាការទិញទឹកចិត្ត។
សមាជិកគណៈមេធាវី លោក សុក សំអឿន សង្កេតឃើញថា លោក លី ច័ន្ទតុលា មានឱកាសជាប់ជាប្រធានគណៈមេធាវីច្រើនជាងគេ ដោយសារការទទួលបានការគាំទ្រពីរដ្ឋាភិបាល និងដោយសារ ដៃគូប្រកួតប្រជែង នៅអាណត្តិនេះមិនសូវល្បីឈ្មោះ។
លោកមេធាវី សុក សំអឿន បន្តថា ទោះជា លោក លី ច័ន្ទតុលា អាចជាប់ជាប្រធាន ហើយអាចមានសមត្ថភាពពូកែ ឬមិនពូកែ ក៏សុទ្ធតែមិនអាច ដឹកនាំស្ថាប័នគណៈមេធាវីឲ្យរីកចម្រើនទៅមុខបានដែរ ព្រោះអាណត្តិប្រធាននេះ មានរយៈពេលខ្លីពេក ហើយប្រធាននៅតែបន្តយកចិត្តសហភាតា ដើម្បីទទួលបានការគាំទ្រនៅអាណត្តិបន្ទាប់។ លោក មេធាវី សុក សំអឿន ជំរុញឲ្យកែប្រែលក្ខខណ្ឌអាណត្តិ ប្រធានគណៈមេធាវី ឲ្យបានយូរដល់ ៥ឆ្នាំ ហើយគួរតែអនុញ្ញាតឲ្យឈរឈ្មោះ ត្រឹមតែមួយអាណត្តិបានហើយ៖ « ពិបាកដែលហើយ ព្រោះអ៊ីចឹង ប្រធានគណៈមេធាវី គិតទៅ គាត់អាណត្តិវាខ្លីពេក។ អាណត្តិ២ឆ្នាំ អ៊ីចឹង អាចនឹងមានការពិបាក ( ក្នុងការអភិវឌ្ឍន៍ ) ដែរ ហើយ២ឆ្នាំ ដូច្នេះអា២ឆ្នាំដំបូង បើសិនជាចង់ជាប់២ឆ្នាំទៀត ទាល់តែទាក់ទាញទឹកចិត្តមេធាវីណា។ តែបើសិនជាអា២ឆ្នាំ ដំបូងគាត់រាងបន្តឹងៗតិច អាចនឹងរង្គោះរង្គើសម្រាប់គេមានបោះឆ្នោតលើកទី២ ( អាណត្តិទី២ ) ។ ដល់អ៊ីចឹង អាណត្តិបេក្ខជន អាចមានការលំបាក ( ការអភិវឌ្ឍន៍ ) សម្រាប់ពួកគាត់ហើយ។ ខ្ញុំគិតថា ឲ្យអាណត្តិយូរបន្តិចទៅ តែមិនបាច់មាន២អាណត្តិទេ តែមួយអាណត្តិក៏បានដែរ។ តែអាណត្តិយូរតែម្ដងទៅ ដូច្នេះគាត់មិនខ្វល់រឿងអាណត្តិមួយទៀតទេ គឺមួយអាណត្តិរយៈពេល៥ឆ្នាំល្អណាស់»។
ការបោះឆ្នោត ជ្រើសរើសប្រធានអាណត្តិទី១៣ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៦ តុលា ខាងមុខ។ បេក្ខភាពទាំង ៥នាក់ កំពុងឃោសនារកការគាំទ្រ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១៥ កញ្ញា ដល់ថ្ងៃទី១៤ តុលា។ បច្ចុប្បន្ន គណៈមេធាវី មានសមាជិក ១.៥៧៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
