តើចៅក្រមកាត់ក្ដីសំណុំរឿងយុវជនចលនាមាតាធម្មជាតិជានរណា?
2024.08.30
យុវជនចលនាមាតាធម្មជាតិចំនួន ៥នាក់ បានជាប់ពន្ធនាគាររយៈពេលជាងមួយខែមកហើយ ក្រោយប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេចឱ្យពួកគេជាប់ពន្ធនាគាររយៈពេលពី៦ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។
តើចៅក្រមដែលចេញសេចក្ដីសម្រេចរូបនេះជានរណា? តើការសម្រេចក្ដីនេះបានឈរលើសុភវិនិច្ឆ័យដែរឬទេ?
ចៅក្រម ដែលអាច«ធ្វើជាញញួរ» របស់អ្នកនយោបាយជាពាក្យ ដែលស្ថាបនិកអង្គការមាតាធម្មជាតិ យកមកពណ៌នាក្រុមចៅក្រម ដែលកាត់ក្ដីដោយអយុត្តិធម៌ ឬកាត់ក្ដី ដើម្បីតែចាប់សកម្មជនសង្គម បរិស្ថាន សិទ្ធិមនុស្ស និងអ្នកនយោបាយដាក់ពន្ធនាគារ។ ក្នុងចំណោមនោះក៏មានអ្នកស្រី អ៊ុក រ៉េតគន្ធា មួយរូបដែរ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គនសាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ថ្លែងថា ចៅក្រមប្រភេទនេះ មិនឈរលើគោលការណ៍ច្បាប់ ឬចំណេះដឹងដែលបានរៀនសូត្រពីសាលាទេ គឺបានត្រឹមជាឈ្នាន់របស់អ្នកនយោបាយ។
លោក អាឡិចហាន់ដ្រូ ហ្គនសាឡេស ដេវិតសុន៖ «ឱ្យតែមានចៅក្រមណា ព្រះរាជអាជ្ញាណាកាន់ក្ដីរឿងរបស់យើង គឺជាប្រភេទចៅក្រម បែបញញួរ ដែលអ្នកនយោបាយកាន់ វាយ បញ្ជាឱ្យដោះលែង ដោះលែង បញ្ជាឱ្យចាប់ៗ បញ្ជាឱ្យព្យួរទោសៗ តែប៉ុណ្ណឹងឯង។ នៅកម្ពុជាគឺគ្មានទេព្រះរាជអាជ្ញា ឬចៅក្រមដែលយើងចង់បានជាងគេហៅថា អព្យាក្រឹត្យពិតប្រាកដមានចំណេះដឹងជ្រៅជ្រះ ហើយជាពិសេសយកច្បាប់ជាអាទិភាព គឺអត់ស្ដាប់បង្គាប់អ្នកនយោបាយទេ គឺខ្វល់ខ្វាយពីប្រយោជន៍រួម និងច្បាប់ ប្រភេទហ្នឹងអត់មាននៅកម្ពុជាទេ»។
អ្នកស្រី អ៊ុក រ៉េតគន្ធា ជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រពន្ធលោក ជីវ សុងហាក់ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតប្រធានគណៈមេធាវីកម្ពុជា។ បច្ចុប្បន្ន លោក ជីវ សុងហាក់ ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។
អ្នកស្រី អ៊ុក រ៉េតគន្ធា បានឈានជើងចូលក្នុងវិជ្ជាជីវៈផ្នែកច្បាប់នេះដោយស្បថចូលជាមេធាវីនៅក្នុងឆ្នាំ២០០៥។ ព័ត៌មានពីគេហទំព័រគណៈមេធាវីកម្ពុជាឱ្យដឹងថា អ្នកស្រី អ៊ុក រ៉េតគន្ធា កើតនៅខែកញ្ញា ឆ្នាំ១៩៧៤ នៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងតួនាទីជាចៅក្រមមួយរូប អ្នកស្រី អ៊ុក រ៉េតគន្ធា បានជំនុំជម្រះកាត់ក្ដីសំណុំរឿងជាច្រើនក្នុងនោះក៏មានសំណុំរឿងធំ២ ដែលជាសំណុំរឿងមានការចាប់អារម្មណ៍គឺ រឿងក្ដី ដែលមានជនត្រូវចោទច្រើននាក់ ឬជាក្រុម ដូចជាសំណុំរឿងយុវជនសកម្មជនបរិស្ថាន ១០នាក់ និងរឿងក្ដីក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិជិត ៤០នាក់។
នៅថ្ងៃទី២ ខែកក្កដា ប្រធានក្រុមជំនុំជម្រះអ្នកស្រី អ៊ុក រ៉េតគន្ធា បានសម្រេចឱ្យសកម្មជនបរិស្ថានចំនួន ១០នាក់មានទោសជាប់ពន្ធនាគារ ក្នុងនោះសម្រេចឱ្យសកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ដល់ ៨ឆ្នាំ ពាក់ព័ន្ធនឹងការងារការពារបរិស្ថានក្រោមបទចោទ«រួមគំនិតក្បត់»និង«ប្រមាថព្រះមហាក្សត្រ»។ តុលាការដដែលនេះសម្រេចបញ្ជូនសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ រួមមាន គឺលោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ទៅឃុំឃាំងនៅពន្ធនាគារតាមខេត្តផ្សេងៗគ្នា ដាច់ឆ្ងាយពីក្រុមគ្រួសារ ថែមទៀត។
មួយវិញទៀតគឺកាលពីខែធ្នូ ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា បានកាត់ក្ដីសំណុំរឿងចោទប្រកាន់អតីតមេដឹកនាំ និងមន្ត្រីគណបក្សសង្គ្រោះជាតិជិត ៤០នាក់ និងសម្រេចដាក់ទោសពួកគេឱ្យជាប់ពន្ធនាគារចន្លោះពី ៥ ទៅ ៧ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ទាក់ទងនឹងការគាំទ្រដំណើរវិលត្រឡប់ចូលស្រុកវិញរបស់អ្នកស្រី មូរ សុខហួរ ដែលពេលនោះជាអនុប្រធានគណបក្សសង្គ្រោះជាតិ។ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវចៅក្រមកាត់ឱ្យជាប់ទោស និងត្រូវអាជ្ញាធរតាមចាប់ខ្លួន ព្រមទាំងដកសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតទាំងនោះរួមមាន៖ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ឡុង រី អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក នុត រំដួល លោក អ៊ូ ច័ន្ទឫទ្ធិ ជាដើម។
ការកាត់ទោសអ្នកនយោបាយ និងសកម្មជនបរិស្ថានទាំងនេះរងការរិះគន់ថា តុលាការរងសម្ពាធអ្នកនយោបាយគឺឪពុក និងកូននាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកស្រី អ៊ុក រ៉េតគន្ធា បានទេគិតត្រឹមថ្ងៃទី២៩ ខែសីហា។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏មិនអាចសុំការឆ្លើយតបពីរឿងនេះបានដែរ។
បើទោះជាយ៉ាងណា ការកាត់ក្ដីដាក់ទោសអ្នកនយោបាយទាំងហ្វូងនេះ ធ្វើឡើងនៅពេលដែល លោក ហ៊ុន សែន ពេលនោះព្រមានទៅលោក សម រង្ស៊ី និងអ្នកគាំទ្រថាអស់ផ្លូវ គឺមានតែជាប់ពន្ធនាគារ។
លោក ហ៊ុន សែន៖ «នរណាក៏ដោយពាក់ព័ន្ធនឹងអាក្បត់ជាតិហ្នឹង គឺអ្នកហ្នឹងមានរឿង។ កុំភ្លេចថា អំណាចនៅក្នុងដៃ ហ៊ុន សែន នៅឡើយទេ។ អត់លេងសើចបានទេរឿងកន្លែងហ្នឹង ហើយហៅកូនខ្ញុំថាអាកូនក្រៅខោ។ អារឿងបញ្ហា ដែលកូនខ្ញុំជាកូនវៀតណាមហ្នឹង គឺអាហ្នឹងជាអ្នកបញ្ចេះឱ្យធ្វើ។ ភាពឈ្លើយរបស់វា ហ្នឹងហើយបានវានៅជាមួយគ្នាមិនបាន។ មនុស្សពីគាំទ្រច្រើនទៅតិច។ ប៉ុន្តែអ្ហែងអស់ផ្លូវហើយ អ្ហែងចប់ហើយ។ អ្នកដែលជឿលើអាហ្នឹងគឺជម្រើសមានតែព្រៃសទេ»។
ចំណែក លោក ហ៊ុន ម៉ាណែត ដែលមានអំណាចលោក ហ៊ុន សែន នៅពីក្រោយខ្នងលោកបានប្រកាសទុកមុនរួចជាស្រេចថា សុខចិត្តឱ្យគេហៅលោកថា «ផ្ដាច់ការ» ជាជាងឱ្យប្រជាពលរដ្ឋចោទលោកថា មិនមានសមត្ថភាពក្នុងការការពារសន្តិភាព។
លោក ហ៊ុន ម៉ាណែត៖ «បើថាហៅខ្ញុំផ្ដាច់ការដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាពមិនឱ្យប្រជាពលរដ្ឋស្លាប់ មិនឱ្យប្រទេសដើរថយក្រោយដូចពេល ដែលយើងបាត់សន្តិភាពនៅពេលមុននោះ ខ្ញុំសុខចិត្តទទួលចុះ»។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច មើលឃើញថា ក្នុងដំណាក់កាលដែលអំណាចតុលាការមិនអាចនៅឯករាជ្យពីអ្នកនយោបាយបែបនេះ សកម្មជនសង្គម នយោបាយ បរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សជាដើមនឹងមិនអាចបានទទួលយុត្តិធម៌ឡើយ។
លោក អាឡិច៖ «គ្រប់គ្នារិះគន់ ហើយហ្នឹងប្រជាជនខ្មែរគឺច្រើនណាស់អត់ស្វាគមន៍ អត់សប្បាយចិត្តទាល់តែសោះសាលក្រមចាប់ដាក់ពន្ធនាគារយុវជនចលនាមាតាធម្មជាតិ។ អីចឹងម្នាក់ហ្នឹង (ចៅក្រម) ប្រាកដណាស់ថាខ្មាសគេ ហើយមិនយូរទេចាប់ផ្ដើមខ្មាសខ្លួនឯង ហ្នឹងក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងពេលអនាគតចៅក្រមណាក៏ដោយ ប្រធានតុលាការណាក៏ដោយ ព្រះរាជអាជ្ញាណាក៏ដោយ ដែលបានពាក់ព័ន្ធនឹងរឿងនេះ នៅក្នុងខែកក្កដា ឬមុននេះគឺក៏ត្រូវមានបញ្ហាចំពោះមុខច្បាប់ដែរនៅពេលដែលកម្ពុជាមានតុលាការឯករាជ្យ មានប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវ មានសភាប្រជាធិបតេយ្យ មានរដ្ឋាភិបាលត្រឹមត្រូវ ព្រោះអីអ្នកឯងរំលោភអំណាច ដែលអ្នកឯងមាន»។
យុវជនចលនាមាតាធម្មជាតិ ដែលក្រុមប្រឹក្សាជំនុំជម្រះ រួមទាំងអ្នកស្រីចៅក្រម អ៊ុក រ៉េតគន្ធា កាត់ទោសឱ្យជាប់ពន្ធនាគារនេះ ពួកគេភាគច្រើនមានអាយុជាង ២០ឆ្នាំ ដែលវ័យនេះក៏ស្របាលគ្នា និងវ័យរបស់កូនៗរបស់អ្នកស្រី អ៊ុក រ៉េតគន្ធា ដែរ ដែលអ្នកស្រីតែងតែបង្ហាញក្ដីស្រឡាញ់ថ្នាក់ថ្នមពួកគេ នេះបើតាមរូបភាព ដែលអ្នកស្រីបង្ហោះតាមបណ្ដាញសង្គម។ អ្នកស្រី អ៊ុក រ៉េតគន្ធា មានកូន៣នាក់ ដែលកូនប្រុសច្បងក៏ជាអ្នកច្បាប់ដូចម្ដាយឪពុកដែរ។
សកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា បានថ្លែងនៅមុនពេលកញ្ញាជាប់ពន្ធនាគារថា កញ្ញាគ្មានកំហុសដូចការចោទប្រកាន់របស់តុលាការទេ គឺនាងគ្រាន់តែស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ។ កញ្ញាក៏ចង់មានឱកាសបានរៀនសូត្រ ដូចកូនៗចៅក្រមដែរ។
កញ្ញា ឡុង គន្ធា៖ «ការចាប់ខ្ញុំដាក់ពន្ធនាគារម្ដងទៀត ខ្ញុំនឹងបាត់បង់ឱកាសក្នុងការសិក្សាម្ដងទៀត។ ខ្ញុំក៏ចង់រៀនសូត្របានខ្ពង់ខ្ពស់ដូចកូនរបស់អ្នកទាំងអស់គ្នាដែរ។ ដូចកូនអ្នកធំ ដូចកូននាយករដ្ឋមន្ត្រី ដូចកូនមន្ត្រីធំៗ ដូចកូនលោកស្រីចៅក្រម កូនរបស់លោកអាជ្ញាធរដូចគ្នាដែរ។ ខ្ញុំក៏ត្រូវការរៀនសូត្រ ខ្ញុំក៏ចង់យកចំណេះដឹង ដែលខ្ញុំមាន ដើម្បីមកជួយប្រទេសជាតិខ្ញុំ។ ខ្ញុំក៏ចង់រៀនសូត្រដូចគេ។ វ័យរបស់ពួកខ្ញុំជាវ័យដែលត្រូវទទួលបានការសិក្សា»។
ចំណែកយុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត បានស្រែកផ្ដាំនៅប៉ុន្មាននាទីមុនពេលលោកត្រូវអាជ្ញាធរចាប់ខ្លួនទៅឃុំនៅពន្ធនាគារថាអ្នកដែលនៅលើច្បាប់កាត់ទោសពួកគាត់ដាក់ពន្ធនាគារនេះ នឹងមិនរួចខ្លួននៅថ្ងៃណាមួយមិនខាន។
លោក លី ចាន់ដារ៉ាវុត៖ «អ្នកកាត់ទោសពួកខ្ញុំថ្ងៃហ្នឹង កាត់ទោសសហគមន៍ថ្ងៃហ្នឹង អ្នកគិតថាអ្នករួចខ្លួនហើយ។ អ្នកគិតថាអ្នករួចខ្លួនហើយ ព្រោះអ្នកឈរលើច្បាប់ ព្រោះអ្នកបញ្ជាតុលាការបាន។ ប៉ុន្តែអ្នកកុំភ្លេចថា អ្នកមិនរួចខ្លួនចំពោះមុខប្រវត្តិសាស្ត្រនោះទេ។ ប្រវត្តិសាស្ត្រនឹងចារឈ្មោះអ្នកក្បត់ជាតិពិតប្រាកដ»។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។